ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តអ្វីធ្ងន់ធ្ងរ ដោះស្រាយមិនចេញ ក៏ស្រាប់តែធ្វើសកម្មភាព ទាញកាំបិតចុងស្រួច ចាក់ទម្លុះបំពង់កខ្លួនឯង ប៉ងសម្លាប់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ ហូរឈាមស្រោចពេញឥដ្ឋក្នុងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង០៥នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលខាងជើងផ្សារសឡា ស្ថិតក្នុងក្រុមទី២ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
យុវជនដែលចាក់ទម្លុះបំពង់ខ្លួនឯង ប៉ងធ្វើអត្តឃាតនេះ មានឈ្មោះម៉ា និកា ហៅចិន អាយុ២០ឆ្នាំ មុខរបររៀនធ្វើម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ មិនដឹងថា ជនរងគ្រោះ មានវិបត្តិផ្លូវចិត្តពីរឿងអ្វីនោះទេ ស្រាប់តែនៅសុខៗក៏បានទាញកូនកាំបិតចុងស្រួច យកមកចាក់ទម្លុះបំពង់កខ្លួនឯង បណ្តាលឱ្យបាញ់ឈាមពេញផ្ទះ ប្រឡាក់ពេញឥដ្ឋក្នុងផ្ទះ ដេកដួលក្នុងថ្លុកឈាមទទួលរងរបួសធ្ងន់តែម្តង។
ប្រភពដដែលបន្តថា នៅពេលចាក់កខ្លួនឯងឱ្យរងរបួសធ្ងន់ហើយ ជនរងគ្រោះនៅថែមទាំងបានអារកខ្លួនឯងបន្ថែមទៀត ហើយភ្លាមនោះ ក្រុមគ្រួសារបាននាំគ្នាស្ទុះទៅដណ្តើមយកកាំបិតចិតបន្លែចេញពីក្នុងដៃជនរងគ្រោះមកវិញ រួចក៏ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះដែលព្យាយាមចាក់ទម្លុះបំពង់កខ្លួនឯង ប៉ងសម្លាប់ខ្លួននេះ ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ដើម្បីសង្គ្រោះជីវិត។
ជុំវិញករណីប៉ុនប៉ងធ្វើអត្តឃាតខាងលើនេះ សមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើតហេតុ និងកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកពីដំណើរដើមហេតុពិតប្រាកដ៕