Saturday, April 20, 2024
Homeព័ត៌មានជាតិពីក្មេងមិនសូវអី ចូលវ័យចាស់១យប់៣ដង

ពីក្មេងមិនសូវអី ចូលវ័យចាស់១យប់៣ដង

ស្ត្រីម្នាក់នេះ ត្អូញត្អែរថា ប្តីគាត់កាលនៅក្មេងមិនសូវអីទេ រឿងរួមដំណេក១អាទិត្យ២-៣ដងប៉ុណ្ណោះ លុះចូលវ័យចាស់ សក់ល្បាយអាចម៍ខ្លា ស្រាប់តែ លោកប្តីខ្លាំងទៅៗ ១យប់៣ដង ធ្វើឱ្យគាត់បាក់ស្បាត។ ករណីបែបនេះ គឺជាក្រឹត្យក្រមធម្មជាតិតាក់តែងមក គឺស្ត្រី បើចូលវ័យកណ្តាល ឬអស់រដូវ ចំណង់តណ្ហាថយ ចង់អស់ហើយ ដែលផ្ទុយទៅវិញ បុរសវ័យកណ្តាល កាន់តែខ្លាំងទៅៗ ប្រពន្ធទប់មិនជាប់ទេ…។

អ្នកស្រីចាន់ ណាន អាយុ៤០ឆ្នាំ រស់នៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា គាត់មានឪពុកឈ្មោះចាន់ ខ្វង អាយុ៦៧ឆ្នាំ ម្តាយស្លាប់ គាត់ជាកូនទី២ ក្នុងចំណោម បងប្អូន៥នាក់។ គាត់មានប្តីឈ្មោះឡុង លី អាយុ៤៣ឆ្នាំ ដោយបានរៀបការតាមប្រពៃណី បង្កើតបាន កូន៣នាក់ (ប្រុស២ ស្រី១) និងទុកដាក់ឱ្យមានគូស្រករខ្លះហើយ។ រវាងគាត់និងប្តីដែលឈានចូល វ័យកណ្តាលសក់ស្កូវមួយៗនេះ តាំងពីរៀបការ រួចមក មិនសូវមានភាពរកាំរកូសអ្វីទេ ដោយសារកាលពីក្មេង ប្តីនេះមិនសូវខ្លាំងពេកទេ ដោយរវល់តែខំរកស៊ីបង្កើនសេដ្ឋកិច្ចគ្រួសារ បើនិយាយឱ្យត្រង់ ទៅ រឿងលើគ្រែក្នុង១អាទិត្យតែ២-៣ដងប៉ុណ្ណោះ។ គាត់ទទួលស្គាល់ថា សុភមង្គលប្តីប្រពន្ធ គឺនៅត្រង់ ការរួមដំណេកចេះយោគយល់គ្នានេះឯង ទោះជា យូរៗម្តង ក៏អាចបង្កើតកូនពូនជាចៅបានដែរហើយ រឿងយូរៗម្តងនេះ ធ្វើឱ្យគាត់ស្រលាញ់ប្តីណាស់ រហូតស្រុះស្រួលគ្នាបង្កើតបានកូន៣នាក់ ជាចំណងដៃនិស្ស័យស្នេហ៍។

លោកឡុង លី

អ្នកស្រីចាន់ ណាន បន្តថា លុះឈានចូលដល់វ័យកណ្តាលនេះ បន្ទាប់ពីរៀបចំ កូនខ្លះឱ្យមានគ្រួសាររួចមក ស្រាប់តែលោកប្តីដែលធ្លាប់យូរៗម្តងនេះ ប្រែប្រួល១ យប់ ២ទៅ៣ដងឯណោះ ធ្វើឱ្យគាត់ធុញទ្រាន់បាក់ស្បាតខ្លាចប្តីនេះណាស់ តែលែងលះ មិនកើត ក៏ចេះតែទ្រាំទ្រតាមយថាកម្មទៅ។ ស្វាមីនេះ មានអាការប្រែប្រួលចេះរញ៉ាំរញ៉ូវ រអ៊ូរទាំព័ទ្ធវង់ស៊ីផឹកពួកម៉ាកបនភឿន ឱ្យតែស្រវឹងកាលណា តណ្ហាគេកម្រើកខ្លាំងដូច គោឡើងក។ ពេលមកពីផឹកម្តងៗ គេបង្ខំគាត់រួមរ័កទាំងស្អុយស្រាហួង លុះគាត់ព្រមឱ្យ ម្តងទៅ ក៏ទារម្តងទៀត គ្មានបានដេកពួនទេ។ បើសិនជាគាត់មិនឱ្យ ប្តីនេះឡូឡា កកូរពេញ ផ្ទះផ្អើលអ្នកជិតខាង ជួនកាលគេចោទប្រពន្ធថា មានសហាយបានជាកំណាញ់ខ្លួនបែបនេះ។ តាមពិតគាត់មិនស្អប់ប្តីទេ តែមកពីធុញទ្រាន់នឹងការរួមភេទគ្មានបានដេកពួនហ្នឹង រហូតយប់ខ្លះទ្រាំមិនបានក៏ច្រានទ្រូងគេចេញអ៊ីចឹងទៅ។ គាត់ចង់ប្តឹងអាជ្ញាធរដែរ តែចិត្តមិនដាច់ ព្រោះម្នាក់ៗចាស់ហើយ បើឈ្លោះគ្នារឿងអ៊ីចឹងៗ វាខ្មាសគេ តែបើ បណ្តោយឱ្យនៅរបៀបនេះ គាត់ច្បាស់ជាស្គមប្រាណ ឈឺរីងរៃមិនខានឡើយ។

អ្នកស្រីចាន់ ណាន

ដោយឡែក លោកឡុង លី អាយុ៤៣ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកពិតជាបាន បង្កជម្លោះជាមួយភរិយាមែន តែមិនដែលវាយដំច្រំធាក់អ្វីទេ គឺបានត្រឹមជេរបញ្ចោរ ប៉ុណ្ណោះ។ កាលពីក្មេង ប្រពន្ធនេះស្រួលណាស់ ព្រោះនាងស្តាប់បង្គាប់ប្តី លុះមានចៅ ស្រាប់តែប្តីមិនចុះសម្រុងគ្នា ដើរតួធំជាងប្តី និយាយណែនាំអីក៏លែងស្តាប់។ នាងចោទថា លោកប្រចណ្ឌមិនសមហេតុផល ចុះរូបនាងដែលដើរបាត់ៗពីផ្ទះ សួរទៅម្តងឆ្លើយថា ទៅនេះ ម្តងថាទៅនោះ ស្រេចតែអណ្តាតអត់ឆ្អឹង ធ្វើឱ្យលោកខឹងសម្បា ក៏ជេរខ្លះៗទៅ។ ឯរឿងជេរនោះ មិនដឹងបានពាក្យអីឱ្យសម មានតែកោសរូសរឿង សហាយស្មន់ហ្នឹង ទើបស្ងប់ចិត្ត។ ឯរឿងដែលប្រពន្ធចោទថា លោកសប់នាង មិនប្រណី ១យប់ បីបួនដងនេះ មិនពិតទេ តែទទួលស្គាល់ថា បើយប់ណាស្រវឹង ឡើងកម្លាំង ក៏ច្រើនដងយ៉ាងនេះមែន។ លោកចាស់ហើយមិនអាចសប់កង់ បានញឹកញាប់ដូចកាលនៅក្មេងទេ ឯប្រពន្ធដឹងតែរករឿងឱ្យមានបញ្ហាមិនចេះចប់។

លោកឡុង លី បន្តថា ធម្មតាប្តីប្រពន្ធត្រូវតែចេះយោគយល់ស្គាល់ទុក្ខធុរៈគ្នា គឺបើមិនត្រូវស្រាវា អត់អីទេ តែបើអាការសាហាវចូលពោះ លុះត្រាតែមានអាម៉្យាងហ្នឹងជួយពន្លត់ ទើបភ្លើងតណ្ហាវារលត់ ទៅបាន តែបើប្រពន្ធអាងច្រានទ្រូងចេញបែបនេះ មានតែរឿងឈ្លោះចៀសមិនរួចទេ។ លោកហួសចិត្ត ដែរ ព្រោះគ្រាន់តែរឿងសម្ងាត់យប់ព្រលប់ ក៏ប្រពន្ធហ៊ានប្រាប់អ្នកកាសែតដែរ ចុះទម្រាំរឿងអាថ៌កំបាំង ផ្សេងទៀត តើលាក់យ៉ាងម៉េចជិត បើប្រពន្ធមាត់គ្មានគម្របបែបនេះ។ គិតទៅនារីសម័យនេះ គេទាមទារ សិទ្ធិសេរីភាពហួសព្រំដែនហើយ សព្វបើរឿងលើគ្រែក៏យកមកលាតត្រដាងដែរ មិនចេះខ្មាសគេ។

លោកតាថោង ឆាង

លោកតាហ៊ិន ដែន អាយុ៦០ឆ្នាំ និងលោកតាថោង ឆាង អាយុ៦៥ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា ពួកគាត់តែងជួយក្រើនរំលឹកដាស់តឿនគ្រួសារនេះ កុំឱ្យទាស់គ្នាដែរ តែគ្មានប្រសិទ្ធភាព។ ទោះយ៉ាងណាប៉ុន្មានខែចុងក្រោយនេះ ពួកគេមិនសូវ ឈ្លោះប្រកែកគ្នាពេកទេ ឯប្តីក៏ផ្អាកការងារយប់ព្រលប់ នោះខ្លះដែរ បន្ទាប់ពីប្រពន្ធត្អូញត្អែរថា យ៉ាប់ខ្លួននោះ។

លោកតាហ៊ិន ដែន

លោកយាយងន ឃឹម អាយុជាង៦០ឆ្នាំ ជា ម្តាយមីងខាងស្រី បានឱ្យដឹងថា ធម្មតាមនុស្សស្រី បើកាលណាចូលដល់វ័យកណ្តាល ឬអស់រដូវ នឹងថយចំណង់តណ្ហា ឬធុញទ្រាន់នឹងរឿងកាមលោកិយ ផ្ទុយពីបុរសកាន់តែខ្លាំងទៅៗ បើសិនជាមានសុខភាពល្អ។ ដូច្នេះគូរួបុរសជាប្តីយោគយល់ដល់ប្រពន្ធផង កុំគិតតែពីអារម្មណ៍ផ្ទាល់ខ្លួនពេក ព្រោះរូបគាត់ ធ្លាប់ឆ្លងកាត់វិថីជីវិត បានដឹងអស់ហើយ។

លោកយាយងន ឃឹម

គួរបញ្ជាក់ថា បុរសមានវ័យត្រឹម៤៣ឆ្នាំ ដូចលោកលី ចាត់ទុកថាកំពុងពេញកម្លាំង។ បើសិនជា គាត់មិនសូវឈឺថ្កាត់ និងត្រូវស្រារាល់ថ្ងៃផងនោះ ធ្វើឱ្យកម្លាំងតណ្ហាកើនឡើងជាងកាលពីអាយុ៣០ ឆ្នាំទៅទៀត។ ផ្ទុយទៅវិញ ប្រពន្ធមានអាយុ៤០ឆ្នាំ បើឧស្សាហ៍ឈឺ និងបរិភោគមិនគ្រប់គ្រាន់ ធ្វើឱ្យ ចំណង់រាគៈថយចុះដូចចង្កៀងដែលជិតអស់ប្រេង។ ជួនកាល បុរសអាយុ៦០-៧០ឆ្នាំ ខ្លាំងជាងបុរសអាយុ ខ្ទង៤០ឆ្នាំទៅទៀត អាស្រ័យលើសុខភាពរបស់មនុស្ស ជាពិសេសបានហាត់កីឡាជាប្រចាំ និងមានម្ហូបអាហារ បំប៉នគ្រប់គ្រាន់ ប៉ុន្តែស្ត្រីភេទ កាលណាអស់រដូវ ទោះជាមានម្ហូបឆ្ងាញ់យ៉ាងណា ក៏ជួយបង្កើតតណ្ហា មិនបានដែរ ដែលជាក្រឹត្យក្រមធម្មជាតិ បានតាក់តែង មក ហេតុនេះគួរតែគូស្វាមីភរិយានេះ ចេះយោគយល់គ្នាកុំបង្កជម្លោះ ព្រោះតែរឿងយប់ព្រលប់នាំ ខ្មាសកូន ពោលគឺប្តីត្រូវបន្ថយស្រា ឯប្រពន្ធខំបំប៉ន ចំណី ឱ្យមានសាច់ឈាម ទើបទប់ទល់គ្នាបាន…”៕

RELATED ARTICLES