ខេត្តបាត់ដំបង ៖ ជនមិនស្គាល់មុខម្នាក់ មិនដឹងជាមានគំនុំអ្វីក្នុងចិត្ត ក៏បើករថយន្តទំនើបមួយគ្រឿង មកឈប់នៅពីមុខកន្លែងតាំងលក់រថយន្តដ៏ធំមួយ ស្ថិតនៅកណ្តាលក្រុងបាត់ដំបង រួចក៏ធ្វើសកម្មភាពគប់កញ្ចក់កន្លែងតាំងលក់រថយន្តនោះឱ្យបែកខ្ចាយ ហើយក៏ឡើងរថយន្ត បើកគេចខ្លួនបាត់ស្រមោល។ តែយ៉ាងណា សន្តិសុខបានស្គាល់ភិនភាគ និងស្លាកលេខរថយន្ត ដែលជនបង្កនោះជិះយ៉ាងច្បាស់។
ករណីជនមិនស្គាល់មុខគប់កញ្ចក់កន្លែង តាំងលក់រថយន្តនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង២៧នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចទីតាំងលក់រថយន្តតូយ៉ូតា ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជាប់ផ្លូវជាតិលេខ៥ នៅខាងមុខផ្លូវចូលផ្សារថ្មី។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា បើតាមព័ត៌មានដែលទទូលបានពីសន្តិសុខយាមឃ្លាំងរបស់ក្រុមហ៊ុនម្នាក់ ឈ្មោះឡុង ឆុន អាយុ ៥៤ឆ្នាំ បានប្រាប់ថា ជនមិនស្គាល់មុខម្នាក់ជិះ រថយន្ត១គ្រឿងម៉ាក MAZDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-3439 ហើយជនសង្ស័យរូបនោះ បានបើករថយន្តមកឈប់នៅខាងមុខហាងរួច បើកទ្វារចុះដើរទៅគប់ចំកញ្ចក់ ក្បែរទ្វារដែលមានដាក់តាំងរថយន្តស៊េរីទំនើបៗ ជាច្រើនគ្រឿងនៅក្នុងនោះ។
សមត្ថកិច្ចបានបញ្ជាក់ថា កញ្ចក់ឃ្លាំងបានបែកនៅផ្នែកខាងមុខ ក្បែរទ្វារចូល ដែលគេសង្ស័យជនមិនស្គាល់មុខនោះ ប្រើកែវគប់ទៅលើកញ្ចក់នៃហាងលក់រថយន្តនោះ។ ព្រោះជាមួយស្នាមបែក និងអំបែងកញ្ចក់រាយប៉ាយ មន្ត្រីជំនាញរកឃើញបំណែកកែវខ្ទាតរាយប៉ាយនៅខាងក្រៅផងដែរ ជាមួយនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាជំហានដំបូង ករណីនេះអាចកើតឡើងដោយសាររឿងគំនុំ។
តាមសម្តីបុរសឈ្មោះឡុង ឆុន ជាសន្តិសុខយាមឃ្លាំងរថយន្តខាងលើ បាននិយាយថា ពេលកើតហេតុ គឺគាត់កំពុងអង្គុយនៅក្នុងប៉ុស្តិ៍យាមខាងមុខឃ្លាំង លុះបន្តិចក្រោយមក គាត់បានឃើញរថយន្តម៉ាក MAZDA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-3439 បើកមកពីទិសខាងកើត រួចមកឈប់ខាងកើតប៉ុស្តិ៍យាមគាត់ ប្រហែល៥ម៉ែត្រ។ បន្ទាប់មក ក៏មានបុរសម្នាក់បើកទ្វាររថយន្តចុះ តែគាត់មិនបានចាប់អារម្មណ៍ថា ជននោះចុះដើរទៅណាទេ ស្រាប់តែបន្តិច ក្រោយមកក៏លាន់ឮស្នូរផ្ទុះដូចបាញ់កាំភ្លើង នៅខាងក្រោយខ្នង ទើបប្រញាប់ស្ទុះចេញក្រៅមើល ក៏ឃើញជននោះរត់ឡើងរថយន្តវិញ រួចបើកយ៉ាងលឿន ឆ្ពោះទៅទិសខាងលិចបាត់។ លុះពេលគាត់ដើរទៅមើលខាងក្រៅឃ្លាំងរថយន្ត ស្រាប់តែឃើញជញ្ជាំងកញ្ចក់បែកខ្ទេចខ្ទីរាយប៉ាយពេញខាងមុខ និងខាងក្នុងឃ្លាំង តែមិនប៉ះពាល់រថយន្តទេ ទើបមានការភ្ញាក់ផ្អើល។
តាមសន្តិសុខដដែល បានបញ្ជាក់ដែរថា ដំបូងគាត់គិតថា ជនមិនស្គាល់មុខនោះ បានប្រើប្រាស់កាំភ្លើងបាញ់ ព្រោះមានស្នាមត្រូវកញ្ចក់ ដូចគ្រាប់កាំភ្លើង។ លុះព្រឹកឡើង ពេលសមត្ថកិច្ចចុះពិនិត្យ ទើបមានការសង្ស័យថា ជននោះយកកែវគប់ទៅលើជញ្ជាំងកញ្ចក់ ព្រោះគេប្រទះឃើញ បំណែកកែវនៅខាងក្រៅ។
ជុំវិញករណីនេះ ទាំងសមត្ថកិច្ច ទាំងភាគីខាងក្រុមហ៊ុនតូយ៉ូតា សុទ្ធតែមិនទាន់ហ៊ានសន្និដ្ឋានឱ្យជាក់លាក់អំពីមូលហេតុដែលនាំឱ្យជនមិនស្គាល់មុខជិះរថយន្តមកគប់កញ្ចក់ឃ្លាំងលក់រថយន្តនេះនៅឡើយទេ។
ដោយឡែកតាមប្រភពព័ត៌មានមួយ បានបង្ហើបប្រាប់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ម្ចាស់ក្រុមហ៊ុននេះ បានបណ្តេញបុគ្គលិកប្រុសម្នាក់ចេញពីក្រុមហ៊ុន ដោយសារបុគ្គលិករូបនោះបង្កឱ្យមានបញ្ហាក្នុងក្រុមហ៊ុន តែគេមិនដឹងថា សំណុំរឿងជនមិនស្គាល់មុខជិះរថយន្តម៉ាក MAZDA មកគប់កញ្ចក់ហាងលក់រថយន្តខាងលើនេះ មានជាប់ពាក់ព័ន្ធនឹងបុគ្គលិក ដែលត្រូវក្រុមហ៊ុនបញ្ឈប់ទៅនោះ ឬក៏អត់នោះទេ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្ត ដែលបានចុះអន្តរាគមន៍លើករណីនេះផ្ទាល់ បាននិយាយថា បើតាមការបំភ្លឺជាបឋមពីភាគីក្រុមហ៊ុន គឺពិតជាមានរឿងបែបនេះមែន។ លោកថា នៅកន្លែងកើតហេតុ យើងបានរកឃើញបំណែកកែវមួយនៅខាងក្រៅឃ្លាំងកញ្ចក់ ហើយបើតាមការពិនិត្យរបស់មន្ត្រីជំនាញ គឺស្នាមកញ្ចក់ដែលបែកធ្លុះនោះ ប្រាកដជាត្រូវនឹងកែវមែន។ ប៉ុន្តែបើតាមការបំភ្លឺនានាពីសាក្សី និងបុគ្គលិករបស់ក្រុមហ៊ុន លោកអាចធ្វើការ សន្និដ្ឋានជាបឋមថា នេះជាករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលអាចកើតឡើង ដោយសារគំនុំ។
លោកស្នងការរងបានបញ្ជាក់ថា ពេលនេះ មន្ត្រីជំនាញកំពុងសាកសួរព័ត៌មានបន្ត ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាជនមិនស្គាល់មុខនោះហើយ។
តាមប្រពភព័ត៌មានចុងក្រោយ បានឱ្យដឹងថា ករណីជនមិនស្គាល់មុខជិះរថយន្ត MAZDA ទៅគប់កញ្ចក់ឃ្លាំងរថយន្តក្រុមហ៊ុនតូយ៉ូតា ក្រោយពីធ្វើការស្រាវជ្រាវពីកម្លាំងនគរបាលក្រុងបាត់ដំបង និងកម្លាំងជំនាញនៃស្នងការខេត្ត គឺគិតនៅត្រឹមម៉ោង៩ព្រឹក ថ្ងៃទី១៥ ធ្នូ នេះ បានឈានដល់ការឃាត់ខ្លួនជនបង្កហេតុម្នាក់។
ជនសង្ស័យមានឈ្មោះពៅ ចំណាន អាយុ៣១ឆ្នាំ មានលំនៅក្នុងភូមិដង្កោទាប សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។ ជនសង្ស័យរូបនេះ គឺជាអតីតបុគ្គលិកក្រុមហ៊ុនលក់រថយន្តខាងលើនេះតែម្តង។
ប្រភពបន្តថា ក្នុងសកម្មភាពរបស់ជនសង្ស័យរូបនេះ គឺបានយកកែវទៅគប់លើជញ្ជាំងកញ្ចក់ឃ្លាំងរថយន្តនោះ ដោយត្រូវបានថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាព ទើបសមត្ថកិច្ចងាយ នឹងស្វែងរកជនសង្ស័យរហូតបានឃាត់ខ្លួននេះ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចយ៉ាងខ្លីថា “ខ្លួនពិតជាបានយកកែវទៅគប់លើជញ្ជាំងកញ្ចក់ឃ្លាំងរថយន្តនោះមែន ដោយសារខឹងថៅកែបណ្តេញខ្លួនចេញពីក្រុមហ៊ុន”។ ទោះជាយ៉ាងណា ពេលនេះមន្ត្រីជំនាញកំពុងសាកសួរជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕