បុរស២នាក់នេះ មាននិស្ស័យជាមួយគុកខ្លាំងម្ល៉េះ!!!

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្លាប់មានប្រវត្តិជាប់គុកច្រើនលើកច្រើនសាមកហើយ មិនព្រមរាងចាល ហើយក៏មិនខ្លាចគុកដែរ ជាគ្រោះអាក្រក់ លុះមកដល់លើកនេះ ត្រូវបានតុលាការសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស សាជាថ្មី នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពីមិនរាងចាល នៅតែប្រព្រឹត្តល្មើសលួចម៉ូតូ។

ជនល្មើសខាងលើ មានឈ្មោះអ៊ុក ចាន់ប៊ុនដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន មានស្រុកកំណើតភូមិព្រែកតាឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ តាមប្រវត្តិធ្លាប់ដឹង ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារច្រើនលើកច្រើនសា មិនចេះរាងចាល ពេលចេញមកវិញនៅតែបន្តសកម្មភាពដើរលួចម៉ូតូដដែល។ ចំណែកជនសង្ស័យម្នាក់ទៀត ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នដូចគ្នាដែរនោះ ឈ្មោះលឹម សាលីម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ក្នុងកាចោទប្រកាន់លួចម៉ូតូដូចគ្នា។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះអ៊ុក ចាន់ប៊ុនដារ៉ា បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។ ចំណែកជនសង្ស័យឈ្មោះលឹម សាលីម បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប២ កាលពីយប់ថ្ងៃទី១០ ខែធ្នូ កន្លងមក។

ជនសង្ស័យទាំង២នាក់ ក្រោយពីចាប់ឃាត់ខ្លួនបាន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ រហូតមកដល់ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានលោកសេង ហ៊ាង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដឺកាឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគាព្រៃស៕