ខឹងខ្ចីទូរស័ព្ទមិនសង ទាញដាវដេញកាប់ សមត្ថកិច្ចបញ្ជូនទាំង២នាក់ ទៅអធិការខណ្ឌ ប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ ៖ យុវជនជាមិត្តភក្តិនឹងគ្នា២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាពីរឿងខ្ចីទូរស័ព្ទមិនសង ទើបធ្វើឱ្យភាគីម្ខាងខឹង ក៏ទាញដាវសាមូរ៉ៃដេញកាប់គូទំនាស់តែត្រូវសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល និងចាប់ខ្លួននាំយកទៅសាកសួរ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវ៩៧ ក្រុម៦ ស្ថិតក្នុងភូមិ៥សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

យុវជនបង្កហេតុដែលទាញដាវដេញកាប់គូទំនាស់នោះ មានឈ្មោះស៊ុន ភក្តី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវ៣១០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន (ធ្លាប់ប្រើប្រាស់ សារធាតុញៀនរយៈពេល២ខែមកហើយ)។ ចំណែកយុវជនរងគ្រោះ មានឈ្មោះណាន សុវិរៈរតនា អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន (ធ្លាប់ប្រើប្រាស់សារធាតុញៀនរយៈពេល២ខែមកហើយ)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនទាំង២នាក់ខាងលើ បានជជែកគ្នាពីរឿងខ្ចីទូរស័ព្ទ មិនព្រមសងដោយជនរងគ្រោះបានខ្ចីទូរស័ព្ទម៉ាកណូគា​ ពណ៌ខ្មៅ ពីជនបង្កហេតុអស់រយៈពេលជាយូរមកហើយ តែមិនព្រមសង ទើបធ្វើឱ្យជនបង្កហេតុ បានតាមមកទារ រួចក៏ផ្ទុះជាទំនាស់ពាក្យសម្តី រហូតភាគីជនបង្កហេតុខឹងក៏ទាញដាវសាមូរ៉ៃដេញកាប់ជនរងគ្រោះ តែសំណាងល្អ ត្រូវបានសមត្ថកិច្ចជ្ចួយអន្តរាគមន៍ទាន់ពេល និងចាប់ឃាត់យកមកប៉ុស្តិ៍ទាំង២នាក់តែម្តង។

សមត្ថកិច្ចនគរបាលអន្តរាគមន៍ខណ្ឌ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចខាងលើ ក៏ក្មេងស្ទាវ២នាក់ដេញវ៉ៃគ្នាទៅវិញទៅមក រួចភាគីម្ខាងដកដាវចេញពីខ្លួនដេញកាប់ តែមិនទាន់បានកាប់ផង សមត្ថកិច្ចក៏ចាប់វាយខ្នោះតែម្តង រួចក៏ប្រគល់ឱ្យនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការសាកសួរពីមូលហេតុ ដើម្បីចាត់ការបន្ត។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ បានបញ្ជាក់ប្រាប់ថា ក្រោយសាកសួរ យុវជនដែលជាភាគីបង្កហេតុ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តយកដាវកាប់យុវជនរងគ្រោះមែន ដោយខឹងរឿងជនរងគ្រោះខ្ចីទូរស័ព្ទរបស់ខ្លួនមិនព្រមសង។ តែយ៉ាងណា យុវជនរងគ្រោះមិនប្តឹងផ្តល់ទេ ព្រោះយល់ថា ជាមិត្តភក្តិនឹងគ្នា ដោយគ្រាន់តែស្នើឱ្យសមត្ថកិច្ចជួយធ្វើការអប់រំតែប៉ុណ្ណោះ។ យ៉ាងណាក្តី ដោយសារយុវជនទាំង២នាក់ សុទ្ធតែសារភាពខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន ទើបសមត្ថកិច្ចសម្រេចឃាត់យុវជនទាំង២នាក់ បញ្ជូនទៅអធិការដ្ឋានខណ្ឌ ទុកឱ្យជំនាញព្រហ្មទណ្ឌ ធ្វើតេស្តទឹកនោម ស្វែងរកសារធាតុញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕