Friday, April 19, 2024
Homeព័ត៌មានជាតិជម្លោះក្នុង Chat រឿងហៅ "អា" ជួបមុខខាងក្រៅ វាយបែកក្បាល

ជម្លោះក្នុង Chat រឿងហៅ “អា” ជួបមុខខាងក្រៅ វាយបែកក្បាល

ភ្នំពេញ ៖ យុវជនឈាមរាវចំនួន២នាក់ បានកើតមានជម្លោះនឹងគ្នាតាមឆាត (Chat)ក្នុងបណ្តាញសង្គមហ្វេសប៊ុក លុះចេញមកជួបមុខគ្នានៅខាងក្រៅ ក៏ឌឺដងដាក់គ្នាថែមទៀត រហូតផ្ទុះជាអំពើហិង្សាវាយតប់គ្នាបែកក្បាល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជនបង្កទៅសួរនាំ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្សារជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ភាគីជនរងគ្រោះមានឈ្មោះហួត អាយុ១៦ឆ្នាំ មុខរបរសិស្សសាលា។ ចំណែកភាគីជនបង្កហេតុ មានគ្នា២នាក់ រួមមាន ទី១. ឈ្មោះ ប៊ុន ចាន់ណារិទ្ធ ហៅពិសិដ្ឋ អាយុ១៨ឆ្នាំ មុខរបរសិស្សសាលា ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងទី២. ឈ្មោះជឿន ចាន់ដារ៉ា អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ភាគីទាំង២ បានកើតមានទំនាស់នឹងគ្នាក្នុងឆាតហ្វេសប៊ុក ដោយបានជេរបញ្ចោរគ្នាយ៉ាងចាស់ដៃ ដោយជម្លោះ គឺផ្តើមចេញពីជនរងគ្រោះ មានអាយុតិចជាង តែហៅជនបង្កហេតុថា “អា”។ ព្រោះតែខឹងសម្បានឹងជនរងគ្រោះ ទើបជនបង្កហេតុថែមទាំងបានគំរាមជនរងគ្រោះតាមឆាតថា ឯងកុំឱ្យអញ ជួបមុខឱ្យសោះ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែលជនរងគ្រោះកំពុងអង្គុយនៅកន្លែងលក់សាច់ជ្រូក ក្នុងផ្សារជម្ពូវ័ន ស្រាប់តែលេចមុខជនបង្កទាំង២នាក់ ជិះម៉ូតូដឹកគ្នាមកដល់ និងបាននិយាយឌឺដងដាក់ជនរងគ្រោះ រហូតកើតជាជម្លោះពាក្យសម្តីដាក់គ្នាទៅវិញទៅមក ហើយភ្លាមនោះ ជនបង្កហេតុឈ្មោះប៊ុន ចាន់ណារិទ្ធ ហៅពិសិដ្ឋ បានទាញមួកការពារសុវត្ថិភាព វាយទៅលើជនរងគ្រោះ បណ្តាលឱ្យបែកក្បាលហូរឈាម ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់​ប្រជាពលរដ្ឋក្បែរនោះ រាយការណ៍ប្រាប់សមត្ថកិច្ចចុះឃាត់ខ្លួនជនបង្កហេតុទាំង២នាក់ នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុទាំង២នាក់ បានសារភាពថា ពួកខ្លួនពិតជាបានវាយតប់គ្នាទៅវិញទៅមកជាមួយនឹងជនរងគ្រោះមែន មូលហេតុដោយសារពួកគេធ្លាប់មានជម្លោះនឹងគ្នាតាមឆាតហ្វេសប៊ុក ដោយជនរងគ្រោះអាយុក្មេងជាងខ្លួន តែបានហៅខ្លួនដោយពាក្យ “អា” ដាច់សាច់ ទើបពេលជួបមុខ ទ្រាំមិនបាន ក៏កើតជារឿងបែបនេះតែម្តង៕

RELATED ARTICLES