Friday, January 24, 2025
Homeសន្ដិសុខសង្គមចេញពីហូបការ​ ជួបគ្រោះអកុសល បុកបង្កាន់ដៃស្ពានបែកក្បាលស្លាប់

ចេញពីហូបការ​ ជួបគ្រោះអកុសល បុកបង្កាន់ដៃស្ពានបែកក្បាលស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ទើបនឹងចេញពីហូបការមិត្តភក្តិ ជិះម៉ូតូបំណងត្រលប់ទៅផ្ទះវិញ លុះដល់ពាក់កណ្តាលផ្លូវ ក៏ជ្រុលចង្កូតទៅបុកនឹងបង្កាន់ដៃស្ពាន បណ្តាលឱ្យដួលបោកក្បាលទៅនឹងផ្លូវបែកក្បាលហូរឈាមស្លាប់នៅកន្លែងកើតហេតុ យ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចស្ពាន៧មករាត្រើយខាងជើង តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

សាកសពបុរសរងគ្រោះ ដែលជិះម៉ូតូបុកបង្កាន់ដៃស្ពាន៧មករាស្លាប់ មានឈ្មោះស៊ុន ផល្លី អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងទម្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1O-9929។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូតែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ នៅចំណុចស្ពាន៧មករា ដោយនៅលើស្ពានមានសភាពងងឹត និងកោងទៀតនោះ ទើបធ្វើឱ្យបុរសរងគ្រោះបានបើកម៉ូតូជ្រុលទៅបុកនឹងបង្កាន់ដៃស្ពាន បណ្តាលឱ្យដួលបោកក្បាលហូរឈាមស្លាប់នៅកន្លែងកើតហេតុគួរឱ្យរន្ធត់។

គ្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចហើយបានទំនាក់ទំនងផ្តល់ដំណឹងដល់សាច់ញាតិឱ្យមកមើល លុះក្រុមគ្រួសារសាច់ញាតិមកដល់ បានស្រែកទ្រហោយំឱបសពជនរងគ្រោះ ទាំងអារម្មណ៍តក់ស្លុត និងបានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះទើបនឹងចេញពីហូបការមិត្តភក្តិនៅម្តុំស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គោលបំណងត្រលប់ទៅផ្ទះវិញនៅម្តុំអង្គស្នួល ខេត្តកណ្តាល តែមិនទាន់ទៅដល់ផ្ទះផង ក៏ជួបគ្រោះអកុសលនៅកណ្តាលផ្លូវ រហូតដល់បាត់បង់ជីវិតបែបនេះតែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីរងចាំប្រគល់ឱ្យសាច់ញាតិជនរងគ្រោះវិញ៕

RELATED ARTICLES