Friday, January 24, 2025
Homeសន្ដិសុខសង្គមខឹងរាំជាន់ជើង ស្ទាវផ្ទុះកំហឹង ចាក់ធ្លាយដោះ

ខឹងរាំជាន់ជើង ស្ទាវផ្ទុះកំហឹង ចាក់ធ្លាយដោះ

ខេត្តកំពង់ចាម ៖ ក្មេងស្ទាវ២ក្រុម បាននាំគ្នាចូលផឹកស៊ីរាំលេងនៅក្នុងពិធីប្រគំតន្ត្រីលក់ ស្រាបៀរអង្គរ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ឡើងរាំទ្រេតទ្រោតក៏ជាន់ជើងគ្នា ទើបធ្វើឱ្យភាគីម្ខាងទៀតផ្ទុះកំហឹងចាក់ប្រហារទៅលើគូទំនាស់ បណ្តាលឱ្យរងរបួសធ្ងន់២នាក់ ដោយម្នាក់ធ្លាយដោះ ម្នាក់ទៀតធ្លាយឆ្អឹងជំនីរ ចំណែកក្រុមជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

ហេតុការណ៍ហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៥៩នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចទីតាំង ប្រគំតន្ត្រីលក់ស្រាបៀរអង្គរមួយកន្លែង ស្ថិតនៅក្នុងបរិវេណវិទ្យាល័យគរ ស្ថិតក្នុងឃុំគរ ស្រុកព្រៃឈរ។

យុវជនរងគ្រោះទាំង២នាក់ ដែលត្រូវគូទំនាស់ចាក់ឱ្យរងរបួសធ្ងន់ រួមមាន ទី១-ឈ្មោះ ផន វាសនា អាយុ១៨ឆ្នាំ (រងរបួសធ្លាយឆ្អឹង-ជំនីរខាងឆ្វេង) និងទី២-សុន ថាប អាយុ១៩ឆ្នាំ (រងរបួសធ្លាយដោះខាងឆ្វេង)។ ជនរងគ្រោះទាំង២នាក់ មានលំនៅក្នុងភូមិស្វាយប៉ិន ឃុំគរ ស្រុកព្រៃឈរ។ ចំណែកភាគីជនដៃដល់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយបង្កហេតុរួចបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

លោកសួន រស់ អធិការរងនគរបាលស្រុកជើងព្រៃ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ខាងលើ បានមកផឹកស៊ី រាំលេងនៅក្នុងពិធីប្រគំតន្ត្រីលក់ស្រាបៀរអង្គរ ដែលត្រូវបានគេរៀបចំឡើងនៅក្នុងទីតាំងកើតហេតុខាងលើ ចំណែកភាគក្រុមជនដៃដល់ក៏ បានមកផឹកស៊ីនិងរាំលេងក្បែរគ្នាដែរ។ លុះក្រោយពីផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួន ឡើងរាំ ក៏ជាន់ចំជើងគ្នា ទើបធ្វើឱ្យកើតជាជម្លោះតឹងសរសៃកដាក់គ្នា រហូតធ្វើឱ្យភាគីបង្កទប់កំហឹងមិនបាន ក៏យកវត្ថុរឹងមុតស្រួចចាក់ប្រហារទៅលើជនរងគ្រោះទាំង២នាក់ ដោយម្នាក់ធ្លាយដោះខាងឆ្វេង ចំណែកម្នាក់ទៀតធ្លាយឆ្អឹងជំនីរខាងឆ្វេង រងរបួសធ្ងន់ដូចគ្នា និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីសង្គ្រោះជីវិត។

លោកអធិការរងបានបញ្ជាក់ថា ក្រោយកើតហេតុ ក្រុមជនសង្ស័យ បាននាំគ្នារត់គេចខ្លួនបាត់អស់ ហើយពេលនេះកម្លាំងជំនាញកំពុង ស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនសង្ស័យ ដើម្បីតាមប្រមាញ់ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES