Friday, March 29, 2024
Homeព័ត៌មានជាតិពលករខ្មែរប្រុសស្រី៥នាក់ លូនតាមរូងក្រោមដីចូលទឹកដីថៃ សមត្ថកិច្ចឃាត់ខ្លួន

ពលករខ្មែរប្រុសស្រី៥នាក់ លូនតាមរូងក្រោមដីចូលទឹកដីថៃ សមត្ថកិច្ចឃាត់ខ្លួន

ពលករខ្មែរប្រុសស្រីចំនួន៥នាក់ បានធ្វើសកម្មភាពលបលួចឆ្លងដែនដោយខុសច្បាប់ តាមរយៈរូងក្រោមដី ត្រូវបានកម្លាំងអន្តោប្រវេសន៍ថៃ សហការជាមួយកម្លាំងតម្រួតថៃ ដែលឈរជើងប្រចាំច្រកទ្វារអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ធ្វើការឃាត់ខ្លួន ព្រមទាំងបានបញ្ជូនទៅសាកសួរនៅខេត្តស្រះកែវ កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។

តាមប្រភពពីភាគីថៃ បានឱ្យដឹងថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង ក្រោមកិច្ចប្រតិបត្តិការរវាងកម្លាំងអន្តោប្រវេសន៍ និងកម្លាំងតម្រួតថៃ ប្រចាំតំបន់ខ្លងលឹក បានចុះទៅកាន់ចំណុចរបងថ្មមួយកន្លែង ដែលបានសាងសង់ឡើងជាប់នឹងមាត់អូរព្រំដែននៅទិស ខាងត្បូងនៃទីលានផ្ញើរថយន្តរបស់ក្រុមហ៊ុនហ្គោលដិនកេត ស្ថិតក្នុងឃុំអារញ្ញ ស្រុកអារញ្ញ-ប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

ប្រភពដដែលបន្តថា នៅទីនោះ មានរន្ធមួយ ដែលមានទំហំ០,៥០ម៉ែត្រ សម្រាប់ឆ្លងចេញចូលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ តាមក្រោមរបងថ្មនៃខ្សែបន្ទាត់ព្រំដែន ដោយឃើញបែបនេះ កម្លាំងបានអង្គុយចាំឃ្លាំមើលមួយសន្ទុះ ក៏បានឃើញពលករខ្មែរចំនួន៥នាក់ (ប្រុស៤ ស្រី១) បានលូនចេញពីរូងក្រោមដីមួយនោះជាបន្តបន្ទាប់ ទើបកម្លាំងតម្រួតថៃ ឃាត់ខ្លួនដោយបានចាប់ទាញចេញពីរូង។

នៅចំពោះមុខការសាកសួរបឋម ពលករខ្មែរទាំងនោះ បានសារភាពថា រូងក្រោមដីនេះ គឺជាស្នាដៃរបស់ក្រុមមេខ្យល់ជីកឡើងសម្រាប់ឱ្យពលករខ្មែរលូនឆ្លងចូលទៅធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសថៃ ដោយតម្រូវឱ្យបង់ឱ្យពួកគេ ក្នុងម្នាក់៧០០បាត។

បច្ចុប្បន្នក្រុមតម្រួតថៃ បាននាំខ្លួនជនទាំង៥នាក់ ទៅកាន់ស្នងការដ្ឋានខេត្តស្រះកែវ ជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរបន្ត រកមុខសញ្ញាមេក្លោងធំ ដែលនៅពីក្រោយខ្នងក្នុងរឿងនេះ៕

RELATED ARTICLES