ភ្នំពេញ ៖ បុរសជាអ្នករត់រ៉ឺម៉កម៉ូតូកង់បីម្នាក់ ព្រោះតែខឹងបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ មកដណ្តើមម៉ូយរបស់ខ្លួន ក៏ទៅនាំបក្ខពួកម្នាក់ទៀត មករករឿងព្រួតវាយជាច្រើនដៃ បណ្តាលឱ្យជនរងគ្រោះរងរបួសប៉ោងមុខ កាលវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចស្ថានីយប្រេងឥន្ធនៈកាល់តិច ស្ថិតក្នុងភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះយស់ ហុន អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប និងកាងស្ទាក់ហៅម៉ូយឱ្យជិះរ៉ឺម៉កម៉ូតូ ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកជនបង្កហេតុ មានឈ្មោះសូ ចាន់វុត្ថា អាយុ៤៩ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បីរស់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិអំពិល ឃុំអម្ពិល ស្រុកសំរោង ខេត្តតាកែវ។
តាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើកហេតុ រូបគាត់កំពុងឈរជិតម៉ូតូចាំហៅម៉ូយ ស្រាប់តែមានបក្ខពួករបស់ជនបង្កម្នាក់ បានមកសួរគាត់ថា សុខសប្បាយអត់ គាត់ក៏ឆ្លើយថាសុខសប្បាយទេបង! ហើយបន្ទាប់មកបុរសម្នាក់ដែលជាបក្ខពួកជនបង្កហេតុខាងលើ បានត្រឡប់ទៅវិញបាត់។ លុះបន្ទាប់មកជនបង្កហេតុបានដើរមកជាមួយបក្ខពួកម្នាក់ទៀត បានយកដែកគាស់នៅក្នុងកង់បី មកវាយរូបគាត់ តែគាត់រងជាប់ ហើយបន្ទាប់មកជនបង្កហេតុឈ្មោះខាងលើ បានមកចាប់កអាវគាត់ជាប់ ហើយវាយជាច្រើនដៃ ធ្វើឱ្យគាត់ព្យាយាមរត់គេចដែរ តែត្រូវជនបង្កហេតុតាមដេញវាយរហូត បណ្តាលឱ្យចំសៀតផ្កាខាងឆ្វេងប៉ោង និងត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ចោមចៅ៣ មកជួយអន្តរាគមន៍ ភ្លាមៗផងដែរ។
តាមសម្តីជនបង្កហេតុវិញ បាននិយាយ ប្រាប់ថា ដោយសារគាត់ខឹងនឹងជនរងគ្រោះ ដែលជាអ្នករត់ម៉ូតូឌុប មកដណ្តើមម៉ូយ នៅទីតាំងដែលពួកគាត់បានកាន់កាប់មុនគេ ហើយជនរងគ្រោះខាងលើ ទើបមករកក្រោយសោះ បែរជាបានមកកាងកន្លែងគាត់ និងចេះតែឌឺដាក់គាត់ទៀត ទើបគាត់ខឹងពេក ទ្រាំមិនបាន ក៏វាយទុកជាការព្រមានខ្លះទៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការណែនាំដល់ជនបង្កហេតុ កុំឱ្យធ្វើខ្លួនដូចក្មេងស្ទាវ ហើយកន្លែងទីតាំងខាងលើ មិនមែនជាកន្លែងផ្តាច់មុខរបស់អ្នកណាម្នាក់ឡើយ គឺមានសិទ្ធិរករៀងៗខ្លួន។
បន្ទាប់ជនរងគ្រោះ សម្រេចមិនធ្វើការប្តឹងផ្តល់អ្វីទេ ដោយគ្រាន់តែឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យាកុំឱ្យធ្វើអំពើហិង្សាដាក់គាត់ទៀត៕