Friday, January 24, 2025
Homeព័ត៌មានជាតិប្តីកំណាច! រឹតកសម្លាប់ប្រពន្ធចុងក្នុងបន្ទប់ជួល រួចចាក់សោរខាងក្រៅ ទាល់តែក្លិនស្អុយ

ប្តីកំណាច! រឹតកសម្លាប់ប្រពន្ធចុងក្នុងបន្ទប់ជួល រួចចាក់សោរខាងក្រៅ ទាល់តែក្លិនស្អុយ

ភ្នំពេញ ៖ ស្ត្រីជាប្រពន្ធចុងម្នាក់ បានជួលបន្ទប់ស្នាក់នៅជាមួយប្តីបានរយៈពេលប្រមាណកន្លះខែ ស្រាប់តែកើតមានជម្លោះនឹងគ្នា រហូតដល់បុរសជាប្តីចិត្តឃោរឃៅដាច់ចិត្តរឹតកសម្លាប់ប្រពន្ធ រុំសពក្នុងភួយជិតឈឹង ដាក់ចោលក្នុងបន្ទប់ រួចចាក់សោពីខាងក្រៅគេចខ្លួនបាត់ រហូត៣ថ្ងៃក្រោយ សពស្អុយរលួយធុំក្លិនដល់អ្នកជិតខាងទ្រាំមិនបាន នាំគ្នាកាត់ផ្តាច់សោចូលទៅមើល ក៏ប្រទះឃើញសពស្ត្រីរងគ្រាះស្លាប់ រហូតដល់ស្អុយរលួយបាត់ទៅហើយ។

ហេតុការណ៍ឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ៤២ ជាន់ទី៣ ផ្លូវលំ ក្រុម២ ស្ថិតក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះ មានឈ្មោះព្រីម បូផា អាយុ ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ QMI ស្នាក់នៅបន្ទប់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ចំណែកបុរសជាប្តី ដែលសង្ស័យជាឃាតករដៃឆៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ អាយុជាង៣០ឆ្នាំ មុខរបរបញ្ចូលហ្គាស បានគេចខ្លួនបាត់ ដោយនាំយកទាំងកូនប្រុសតូចៗ២នាក់ទៅជាមួយផង។

តាមសម្តីបុរសជាម្ចាស់ផ្ទះជួល ឈ្មោះសំ ប៊ុនធឿន អាយុ៥៣ឆ្នាំ រស់នៅផ្ទះកើតហេតុ (ជាន់ក្រោម) បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ បានមកជួលបន្ទប់របស់គាត់ស្នាក់នៅអស់រយៈពេល២សប្តាហ៍មកហើយ ដោយស្នាក់នៅជុំគ្នាជាមួយប្តី រួមនិងកូនប្រុសតូចៗ២នាក់ផង ដោយមិនទាន់ទាំងបង់លុយថ្លៃផ្ទះជួលផង។ តាមអ្វីដែលគាត់ដឹងស្ត្រីរងគ្រោះត្រូវជាប្រពន្ធចុងនោះទេ ចំណែកកូនប្រុសតូចៗ២នាក់នោះ គឺជាកូនខាងប្តី។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ រយៈពេលប្រមាណ៤-៥ថ្ងៃមកនេះ គាត់មិនបានឃើញក្រុមគ្រួសារស្ត្រីរងគ្រោះចុះមកខាងក្រោមសោះ។ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ គាត់បានធុំក្លិនស្អុយភាយចេញពីបន្ទប់ជួល ដែលស្ត្រីរងគ្រោះស្នាក់នៅ លុះពេលពិនិត្យមើលឃើញបន្ទប់នោះ បានចាក់សោពីក្រៅជាប់ តែដោយធុំក្លិនស្អុយខ្លាំងពេកទ្រាំមិនបាន មានការសង្ស័យ ទើបគាត់សម្រេចចិត្តនាំគ្នាកាត់សោទ្វារចូលទៅមើល ស្រាប់ប្រទះឃើញសពស្ត្រីរងគ្រោះដេកស្លាប់រហូតដល់ស្អុយរលួយទៅហើយ ទើបបង្កឱ្យភ្ញាក់ផ្អើលឡើង និងប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកពិនិត្យមើលជាក់ស្តែងតែម្តង។

តាមសម្តីបុរសឈ្មោះធា រិទ្ធ អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ត្រូវជាកូនម្ចាស់ផ្ទះបាន ឱ្យដឹងថា ប្តីប្រពន្ធ និងកូនដែលទើបមកជួលបន្ទប់លេខ៤២ ជាន់ទី៣ ស្នាក់នៅទើបតែបាន២ សប្តាហ៍ប៉ុណ្ណោះ ហើយពួកគាត់មិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នៅឡើយ។ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ប្តីប្រពន្ធខាងលើ បានកើតមានជម្លោះនឹងគ្នា តែមិនដឹងថា ផ្តើមពីរឿងអ្វីនោះទេ លុះដល់ថ្ងៃទី១២ ខែធ្នូ ក៏ឃើញស្ត្រីរងគ្រោះជាប្រពន្ធប្រមូលអីវ៉ាន់ ខោអាវ ចំនួន៣ថង់ ឡើងជិះម៉ូតូកង់បីចេញទៅបាត់ រហូតដល់ល្ងាចទើបត្រឡប់មកវិញ ហើយគាត់ក៏មិនបានចាប់អារម្មណ៍អ្វីទៀតដែរ។ លុះដល់ព្រឹកថ្ងៃទី១៣ ខែធ្នូ ក៏ឃើញបុរសជាប្តីដឹកដៃកូនប្រុស២នាក់ចុះ ហើយឡើងជិះម៉ូតូឌុបចេញទៅបាត់រហូត រីឯបន្ទប់វិញឃើញចាក់សោជាប់ពីក្រៅរហូត។ ស្រាប់តែមកដល់ថ្ងៃទី១៥ ខែធ្នូ មានអ្នកស្នាក់នៅបន្ទប់ជាន់លើ ចេះតែពោលថា ធុំក្លិនភាយស្អុយ និងបានមកប្រាប់ពួកគាត់ ជាម្ចាស់ផ្ទះ ប៉ុន្តែពួកគាត់នឹកស្មានថា ស្អុយក្លិនត្រីប្រឡាក់ ទើបមិនចាប់អារម្មណ៍ រហូតមកដល់ព្រឹកថ្ងៃទី១៧ ធុំក្លិនស្អុយកាន់តែខ្លាំងឡើង រហូតអ្នកស្នាក់នៅបន្ទប់ក្បែរខាងដេកមិនកើត ទ្រាំមិនបានជាមួយក្លិនស្អុយ ទើបមកប្រាប់ពួកគាត់ និងនាំគ្នាឡើងទៅមើល ព្រមទាំងបានកាត់សោទ្វារចូលទៅមើលខាងក្នុងក៏ប្រទះឃើញ សពមនុស្សដេកស្លាប់ដណ្តប់ភួយជិតទៅវិញ។

ដោយឡែក តាមសម្តីស្ត្រីឈ្មោះគឹម ធាវ៉ាត អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់កើតហេតុ បានឱ្យដឹងថា ៣ថ្ងៃមកហើយដែល នាងបានធុំក្លិនស្អុយចម្លែកបែបនេះ ហើយទើបតែនៅព្រឹកថ្ងៃទី១៧ ធ្នូ ដោយទ្រាំនឹងក្លិនស្អុយ នោះលែងបាននាងក៏បានប្រាប់ម្ចាស់ផ្ទះជួលឱ្យមកពិនិត្យមើល បែរជាប្រទះឃើញសពមនុស្សទៅវិញ។

តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យសពឃើញថា សពមានស្លាកស្នាមរឹតកសម្លាប់។ តាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ចនេះជាករណីឃាតកម្មដោយសង្ស័យថា បុរសជាប្តីគឺជាជនដៃដល់ រឹតកសម្លាប់ប្រពន្ធតាំងពីព្រឹកថ្ងៃទី១៣ ហើយក្រោយពីធ្វើសកម្មភាព រួចជនដៃដល់ជាឃាតករ ដែលត្រូវជាប្តីស្ត្រីរងគ្រោះបានយកភួយរុំសពទុកក្នុងបន្ទប់ រួចចាក់សោពីខាងក្រៅ និងបាននាំកូនប្រុស២នាក់ រត់គេចខ្លួនបាត់តែម្តង ចំណែកអ្នកក្បែរខាង និងម្ចាស់ផ្ទះជួលមិនបានដឹងនោះទេ រហូតដល់សពភាយក្លិនស្អុយ ទ្រាំលែងបាន ទើបនាំគ្នាកាត់សោចូលទៅមើលឃើញសពមនុស្សក៏កើតការភ្ញាក់ផ្អើលឡើងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានដឹកសពស្ត្រីរងគ្រោះទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំប្រគល់ឱ្យសាច់ញាតិ យកទៅរៀបចំ ធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនដៃដល់ជាឃាតករ ដែលត្រូវគេសង្ស័យថា គឺជាប្តីរបស់ស្ត្រីរងគ្រោះ និងកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួននាំមកធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES