Saturday, April 20, 2024
Homeព័ត៌មានជាតិគប់ម្តាយបែកក្បាល ម្តាយអង្វរសមត្ថកិច្ចឲ្យដោះលែងកូន

គប់ម្តាយបែកក្បាល ម្តាយអង្វរសមត្ថកិច្ចឲ្យដោះលែងកូន

ខេត្តពោធិ៍សាត់ ៖ យុវជនឈាមរាវម្នាក់ ក្រោយពីជួបជុំមិត្តភក្តិផឹកស៊ីស្រវឹងជោកជាំ ត្រឡប់មកដល់ផ្ទះវិញ ក៏សុំលុយពីម្តាយ បំណងយកទៅផឹកបន្តទៀត លុះម្តាយមិនឱ្យ ក៏ផ្ទុះកំហឹងទាញគ្រាប់ត្នោតទុំគប់ទៅលើម្តាយចំក្បាល បណ្តាលឱ្យបែកក្បាលហូរឈាមជោកខ្លួន រងរបួសធ្ងន់ កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន។

កូនប្រុសអកតញូដែលគប់ម្តាយបែកក្បាលនេះ មានឈ្មោះកា វ៉ៃ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះសុខ ថា អាយុ៦៩ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នា។

តាមសម្តីស្ត្រីជាម្តាយជនកំណាចខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនសង្ស័យ) គឺជាមនុស្សគ្មានការងារអ្វីធ្វើឱ្យពិតប្រាកដទេ និងជាកូនដែលមិនគន្លងធម៌ មិនសូវស្តាប់បង្គាប់ឪពុកម្តាយនោះទេ រាល់ថ្ងៃតែងតែដើរផឹកស៊ីជាមួយបនភឿនស្រវឹងអួទីនួ និងតែងមករករឿងក្រុមគ្រួសារមិនឈប់។

ស្ត្រីជាម្តាយបន្តថា នៅមុនពេលកើតហេតុ កូនប្រុសកំណាចរបស់គាត់បានចេញទៅផឹកស្រាជាមួយមិត្តភក្តិ តាំងពីថ្ងៃរសៀល រហូតដល់ល្ងាច ក្រោយពីស្រវឹងធ្លាក់ភ្នែក ទើបត្រឡប់មកផ្ទះវិញ និងបានមកសុំលុយពីគាត់ដើម្បីយកទៅផឹកស៊ីបន្តទៀត ចំណែកគាត់ជាម្តាយនៅពេលឃើញកូនប្រុសស្រវឹងជោកជាំទៅហើយ មិនចង់ឱ្យកូនប្រុសចេញទៅផឹកបន្តទៀត ខ្លាចមានបញ្ហា ឬគ្រោះថ្នាក់អ្វីផ្សេង ទើបឆ្លើយថា គ្មានលុយទេ។

 

ស្ត្រីរងគ្រោះខាងលើ បានបញ្ជាក់ថា ក្រោយពេលសុំលុយពីគាត់ជាម្តាយមិនបាន កូនប្រុសរមិលគុណនេះ ក៏ចាប់ផ្តើមច្រឡោតខឹងដូចមនុស្សកំរោលចូល ឡូឡារករឿងជេរបញ្ចារគាត់ជាម្តាយ​ ​ដោយមិនខ្លាចបាបកម្មអ្វីទាំងអស់ បន្ទាប់មក កូនប្រុសនេះក៏ស្ទុះទៅទាញគ្រាប់ត្នោតទុំ គប់សំដៅចំក្បាលគាត់ បណ្តាលឱ្យបែកក្បាលហូរឈាមរងរបួសធ្ងន់តែម្តង និងត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកបាកាន រួចក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនកូនប្រុសកំណាចខាងលើ យកទៅចាត់ការតាមច្បាប់។

លោកញៀន សាវឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នា បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យឈ្មោះកា វ៉ៃ គឺសមត្ថកិច្ចធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ហើយសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យយកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ តែដោយសារមានការទទូចសុំអង្វរពីជនរងគ្រោះជាម្តាយ សុំឱ្យដោះលែងកូនរបស់គាត់វិញ ទើបសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកាន ក៏បានធ្វើការអប់រំ ជនសង្ស័យឈ្មោះកា វ៉ៃ ឱ្យបញ្ឈប់ប្រើហិង្សាក្នុងគ្រួសារ ហើយនៅព្រឹកថ្ងៃទី១៨ ធ្នូ សមត្ថកិច្ចក៏សម្រេចដោះលែងជនសង្ស័យឱ្យត្រឡប់ទៅមើលថែម្តាយនៅមន្ទីរពេទ្យវិញ”

RELATED ARTICLES