ភ្នំពេញ ៖ យុវជនម្នាក់បានមករើសសំបកកំប៉ុងក្នុងរោងការ លុះឃើញភ្ញៀវទុកកាបូបយួរដៃប្រហែសលើតុ ស្រាប់តែបន្លំលួចយករត់គេចខ្លួន តែត្រូវបានបងប្អូនម្ចាស់កាបូបដឹងទាន់ នាំគ្នាដេញចាប់បានប្រគល់ឱ្យសមត្ថកិច្ច ដែលហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលកាលពីម៉ោង២១និង៤៥នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុចផ្លូវបេតុងភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះស៊ូ ដេវិត អាយុ១៦ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាម្ចាស់កាបូបឈ្មោះសន ស្រីពៅ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកាត់ដេរ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
តាមស្ត្រីរងគ្រោះបានរៀបរាប់ឱ្យដឹងថា មុនកើតហេតុ គាត់បានមកចូលរួមពិធីមង្គលការបងប្អូននៅចំណុចខាងលើ ដោយយួរកាបូបដៃមកជាមួយផង លុះដល់ម៉ោងខាងលើ មានកម្មវិធីរាំលេងផង គាត់បានទុកកាបូបនៅលើតុដោយជាប់រវល់មើលអ្នករាំភ្លេចខ្លួន ស្រាប់តែជនសង្ស័យបានមកធ្វើសកម្មភាពលួចយកកាបូបរបស់គាត់ ហើយរត់គេចខ្លួន ភ្លាមៗនោះគាត់ឃើញបានស្រែកចោរៗលួចកាបូប ពេលនោះបងប្អូនគាត់បានដេញតាមពីក្រោយ និងឃាត់បានយុវជនខាងលើ ព្រមទាំងដកហូតបានកាបូបមកវិញ។
ម្ចាស់កាបូបបានបញ្ជាក់ថា នៅក្នុងកាបូបរបស់គាត់មានលុយជាង៣០០ដុល្លារ លុយរៀលជិត៣០ម៉ឺន និងទូរស័ព្ទដៃមួយគ្រឿង តែសំណាងណាស់ដែលចាប់ជនសង្ស័យ និងយកកាបូបរបស់គាត់បានមកវិញ ពុំនោះទេ ច្បាស់ជាគាត់ត្រូវត្រឡប់ទៅផ្ទះវិញទាំងស្តាយស្រណោះ។
ជនសង្ស័យបានសារភាពថា រូបគេពិតជា បានធ្វើសកម្មភាពលួចកាបូបរបស់ស្រីរងគ្រោះមែន ព្រោះតែឃើញម្ចាស់កាបូបទុកកាបូបចោលនៅលើតុ តែដឹងអី ពេលរូបគេកំពុងរត់គេចខ្លួន ត្រូវម្ចាស់កាបូបប្រទះឃើញស្រែក ផ្អើលឆោឡោនាំគ្នាព័ទ្ធចាប់រូបគេបានតែម្តង។
ជនសង្ស័យត្រូវបាននាំខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់៕