ភ្នំពេញ ៖ យុវជនម្នាក់ បន្ទាប់ចេញពីក្លឹប រាំលេងកម្សាន្តផឹកស៊ីរួចរាល់ បានជិះម៉ូតូដេកផ្ទះសំណាក់មួយកន្លែង ដោយមាននារីម្នាក់ ណាត់គ្នានៅចាំក្នុងបន្ទប់ស្រាប់ លុះចុះមកវិញស្រាប់តែមានចោរលូចម៉ូតូនិច ទៅបាត់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះសំណាក់៣ដុល្លារ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង៦និង៣០នាទី យប់ថ្ងៃដដែល ទើបរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ ចោមចៅ១។
ជនរងគ្រោះដែលណាត់ស្រីឡើងបន្ទប់ផ្ទះសំណាក់ ចុះមកវិញចោរលួចម៉ូតូបាត់ឈ្មោះ ប៉ែន វិបុល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិតាហ៊រ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកម៉ូតូដែលចោរលួចបាត់ ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស លាយលឿង ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CB-9620។
តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ រូបគេបានចូលទៅរាំលេងផឹកស៊ីក្នុងក្លឹបកម្សាន្តមួយកន្លែង រហូតសប្បាយអស់ចិត្ត ក៏បើកម៉ូតូមកចូលទៅផ្ទះសំណាក់ បន្ទប់លេខ២០២ ជាន់ទី៣ ដែលមានស្រីម្នាក់នៅដេកចាំក្នុងបន្ទប់នោះស្រាប់ និយាយលេង ហើយដេកមួយសន្ទុះ លុះពេលដឹងខ្លួន ចុះមកវិញ ស្រាប់តែបាត់ម៉ូតូមិនឃើញ ទើបឆោឡោដើរស្វែងរករហូតដល់យប់ថ្ងៃដដែល ទើបគេរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ១ ដើម្បីឱ្យជួយអន្តរាគមន៍ ព្រោះម៉ូតូរបស់គេបាត់នៅក្នុងបរិវេណផ្ទះសំណាក់ និងមានអ្នកយាមតាមត្រឹមត្រូវ មិនគួរណាម្ចាស់ផ្ទះសំណាក់និយាយមិនទទួលខុសត្រូវបែបនេះឡើយ។
ប្រភពពីសសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានអញ្ជើញម្ចាស់ផ្ទះសំណាក់ខាងលើ មកប៉ុស្តិ៍ធ្វើការសាកសួរ ទើបដោះស្រាយតាម នីតិវិធីជាក្រោយ៕