ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៧ កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្វៀន មាន់៣កន្លែងផ្សេងគ្នា នៅសង្កាត់ចោមចៅ សង្កាត់ត្រពាំងក្រសាំង សង្កាត់ស្នោ ឃាត់ខ្លួនអ្នកលេងសរុប៨នាក់ មាន់គក៤ក្បាល ម៉ូតូ២គ្រឿង នាំមកសាកសួរ និងចាត់ការតាមផ្លូវ។
តាមនគរបាលបានឱ្យដឹងថា កន្លងមក ទោះជាសមត្ថកិច្ចហាមប្រាមផ្សព្វផ្សាយជុំវិញល្បែង ស៊ីសងក្នុងមូលដ្ឋានយ៉ាងណា ក្រុមអ្នកញៀន ល្បែងស៊ីសងប្រភេទបញ្ជល់មាន់ និងអាប៉ោង នៅបន្តលួចប្រមូលផ្តុំគ្នាលេង ទើបនៅព្រឹកថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជារបស់លោកវរសេនីយ៍ឯកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បើកការបង្ក្រាប៣ទីតាំងផ្សេងគ្នា នៅខាងក្រោយរោងចក្របឺរី ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ឃាត់ខ្លួនបាន៣នាក់ មាន់១ក្បាល និងនៅសង្កាត់ត្រពាំងក្រសាំង ឃាត់ខ្លួនបាន៤នាក់ មាន់២ក្បាល និងនៅភូមិប្រសាទ សង្កាត់ស្នោ ឃាត់ខ្លួនបានម្នាក់ មាន់១ក្បាល។
ក្រោយពីចាប់ខ្លួនបានអ្នកញៀនល្បែងទាំង៣គោលដៅ សរុប៨នាក់ មាន់៤ក្បាល ម៉ូតូចំនួន២គ្រឿង បាននាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមនីតិវិធី។
សូមបញ្ជាក់ថា នៅក្នុងទឹកដីភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ មានវង់ល្បែងស៊ីសងបៀ អាប៉ោង និងសង្វៀនបញ្ជល់មាន់ដុះស្លែជាច្រើន យ៉ាងគឃ្លើន រហូតម្ចាស់សង្វៀនទាំងនោះប្រាប់ទៅអ្នកយកមាន់ទៅបញ្ជល់ថា កុំភ័យកុំព្រួយ ព្រោះមុននិងបើកសង្វៀននេះ គេត្រូវរ៉ូវជាមួយមេប៉ូលិសអស់ហើយ ត្រឹមកូនប៉ូលិសតូចតាច គ្មានអ្វីត្រូវបារម្ភទេ បើហ៊ានចាប់ច្បាស់ជាត្រូវអស់បុណ្យស័ក្តិជាមិនខាន តែយ៉ាងណា នេះគ្រាន់តែជាសម្តីរបស់ម្ចាស់សង្វៀនបញ្ជល់មាន់ទាំងនេះទេ តាមការពិតកម្លាំង ប៉ូលិសនៅតែអនុវត្តការងាររបស់ខ្លួន ចុះបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ជាក់ស្តែងដូចករណីនេះជាដើម៕