Saturday, April 20, 2024
Homeព័ត៌មានជាតិមាន់ជាន់ឆ្នាំងបែកសោះ ប្រពន្ធអួតថាជាអ្នកបោកបំបែកឆ្នាំង ប្តីទ្រាំមិនបានទាញដំបងសំពង

មាន់ជាន់ឆ្នាំងបែកសោះ ប្រពន្ធអួតថាជាអ្នកបោកបំបែកឆ្នាំង ប្តីទ្រាំមិនបានទាញដំបងសំពង

ខេត្តពោធិ៍សាត់ ៖ ប្តីប្រពន្ធ២នាក់ បានផ្ទុះជម្លោះនឹងគ្នា រហូតឈានដល់ការប្រើហិង្សា ដោយគ្រាន់តែរឿងមាន់លោតជាន់ឆ្នាំង បណ្តាលឱ្យធ្លាក់បែក លុះបុរសជាប្តីសួរនាំ ស្រាប់តែប្រពន្ធបែរជាអួតអាងថា ខ្លួនជាអ្នកបោកទៅវិញ ទើបធ្វើឱ្យប្តីខឹងទាញដំបងសំពងប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៥ និង៤០នាទី ល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចស្រុកបាកាន។

បុរសចិត្តក្តៅដែលវាយសំពងប្រពន្ធ២ ដំបងឱ្យរងរបួសធ្ងន់ មានឈ្មោះ គ.ផ.ន អាយុ៣៨ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ ទ.ស.រ អាយុ៣២ឆ្នាំ មុខរបរកសិករ។ ទាំងពីរនាក់ប្តីប្រពន្ធ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រុមគ្រួសារខាងលើនេះ ឧស្សាហ៍កើតមានជម្លោះនឹងគ្នាខ្លាំងណាស់ ព្រោះតែខ្វះការយោគយល់អធ្យាស្រ័យគ្នា និងមានចិត្តចង់ឈ្នះចាញ់គ្នារៀងៗខ្លួន។ ជាក់ស្តែងនៅមុនពេលកើតហេតុ គ្រាន់តែសត្វមាន់មួយក្បាលបានលោតជាន់ឆ្នាំង បណ្តាលឱ្យធ្លាក់ដីបែកសោះ ស្រាប់តែស្ត្រីជាប្រពន្ធបែរជាអួតថា ខ្លួនគឺជាអ្នកបោកបំបែកឆ្នាំង ចំណែកបុរសជាប្តីក៏មិនបានសួរនាំឫសគល់ឱ្យបានត្រឹមត្រូវដែរ បែរជាប្រើចរិតឆេវឆាវ ស្ទុះទៅទាញដំបងឫស្សីវាយសំពងប្រពន្ធ២ដំបង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធត្រូវបានអ្នកជិតខាងជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកបុរសជាប្តី ត្រូវបានសមត្ថកិច្ចចុះចាប់ខ្លួននាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុជាប្តី បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយទៅលើប្រពន្ធឱ្យរងរបួសមែន មូលហេតុដោយសារតែខ្លួនបានឃើញឆ្នាំងបែក ក៏សួរទៅប្រពន្ធថា ម៉េចបានជាឆ្នាំងបែក? បែរជាប្រពន្ធឆ្លើយយ៉ាងសឿងថា នាងជាអ្នកបោកបំបែក ទើបធ្វើឱ្យខ្លួនជាប្តីទប់កំហឹងមិនជាប់ ក៏ស្ទុះទៅទាញដំបងឫស្សី វាយសំពងប្រពន្ធ ទុកជាការព្រមានតែម្តង។

ជនបង្កហេតុ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES