ភ្នំពេញ ៖ បុរសជាមេធាវីម្នាក់អួតអាងថា ខ្លួនស្គាល់មន្ត្រីជាន់ខ្ពស់ទាំងក្នុងស្ថាប័នតុលាការ និងជួររាជរដ្ឋាភិបាលចេញពីហូបការឈ្លោះប្រកែកជាមួយមិត្តភក្តិខឹងរឿងមិត្តភក្តិបង្អាប់ ក៏ឈប់រថយន្តដកកាំភ្លើងបាញ់មេឃចំនួន២គ្រាប់ តែសំណាងល្អ មិនបង្កឱ្យមានមនុស្សណា ម្នាក់រងរបួសនោះទេ គ្រាន់តែធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចចុះឃាត់ ខ្លួនយកទៅសាកសួរ។
ហេតុការណ៍មេធាវីផ្ទុះកំហឹងដកកាំភ្លើងបាញ់មេឃទាំងកណ្តាលយប់នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២១១ កែងផ្លូវ២១៧ នៅចំណុចក្បែរនឹងផ្ទះលោកអគ្គស្នងការនគរបាលជាតិ នេត សាវឿន ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ខ្មាន់កាំភ្លើងដែលខឹងមិត្តភក្តិបង្អាប់ បែរជាដកកាំភ្លើងបាញ់មេឃ២គ្រាប់នេះ មានឈ្មោះ អិត ពិសិដ្ឋរង្សី អាយុ៣៥ឆ្នាំ មុខរបរមេធាវី ក្នុងក្របខណ្ឌគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានលំនៅផ្ទះលេខ៥៨៣ ផ្លូវ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌ៧មករា បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាមេធាវីខាងលើ បើករថយន្ត១គ្រឿង ម៉ាកឡិចស៊ីស LX-470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 ទើបតែចេញមកពីផឹកស៊ីក្នុងស្ថានភាពស្រវឹងជោក បានបើករថយន្តធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ លុះពេលមកដល់ចំណុចក្បែរផ្ទះលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានឈប់រថយន្ត ហើយដកកាំភ្លើងខ្លីម៉ាកឡុកចិន១៩ បាញ់ឡើងលើចំនួន២គ្រាប់។ ភ្លាមៗនោះ ត្រូវបានអង្គរក្ស យាមនៅមុខផ្ទះលោកអគ្គស្នងការនេត សាវឿន ចេញមកអន្តរាគមន៍ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច មូលដ្ឋាននាំយកទៅសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ចខណ្ឌមករា បុរសជាខ្មាន់កាំភ្លើងបាញ់បោះសេរី បានប្រាប់ថា មូលហេតុដែលខ្លួនបាញ់បោះសេរីបែបនេះ ដោយសារតែខឹង និងឈ្លោះប្រកែកជាមួយមិត្តភក្កិ ដែលទៅហូបការជាមួយគ្នាបាននិយាយបង្អាប់គ្នាទៅវិញទៅមក ទើបទប់កំហឹងមិនបាន ក៏ដកកាំភ្លើងបាញ់ឡើងលើចំនួន២គ្រាប់បែបនេះទៅ។ មិនតែប៉ុណ្ណោះ បុរសជាខ្មាន់កាំភ្លើងរូបនេះ នៅបានអួតអាងទៀតថា ខ្លួនស្គាល់សុទ្ធតែអ្នកធំទាំងក្នុងជួររដ្ឋាភិបាល និងតុលាការ ក្នុងនោះ ខ្លួនស្គាល់តាំងពីសម្តេចក្រឡាហោម ស ខេង, លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកព្រះរាជអាជ្ញារង សៀង សុខ ទៀតផង។
បើទោះជាបុរសជាមេធាវីខាងលើ បានអួតអាងថា ស្គាល់ថ្នាក់ដឹកនាំធំៗយ៉ាងណាក្តី ក៏សមត្ថកិច្ចខណ្ឌ៧មករា នៅតែសម្រេចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនបុរសខាងលើទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តតាមនីតិវិធី៕