Friday, January 24, 2025
Homeសន្ដិសុខសង្គមឃើញឳកាសល្អ! ដោះស្រាយគំនុំចាស់ វ៉ៃគេបែកក្បាល ខ្លួនឯងជាប់ទ្រុង

ឃើញឳកាសល្អ! ដោះស្រាយគំនុំចាស់ វ៉ៃគេបែកក្បាល ខ្លួនឯងជាប់ទ្រុង

ខេត្តកណ្តាល ៖ យុវជន២នាក់ កើតមានទំនាស់ជាមួយគ្នាយូរណាស់មកហើយ លុះពេលឃើញគូជម្លោះកំពុងបើកម៉ូតូតែម្នាក់ឯង ឃើញឱកាសល្អសម្រាប់ស្រាយគំនុំ ក៏បបួលបក្ខពួកម្នាក់ទៀត បើកម៉ូតូប្រដេញតាមវាយជនរងគ្រោះនឹងខ្សែក្រវាត់ បណ្តាលឱ្យបែកក្បាលហូរឈាមកក្លាក់ ត្រូវក្រុមគ្រួសារនាំទៅពេទ្យព្យាបាល របួស។ រីឯជនដៃដល់សមត្ថកិច្ចតាមចាប់ក្របួចបានម្នាក់ នាំមកចាត់ការតាមផ្លូវច្បាប់ និងម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

ករណីហិង្សាស្រាយគំនុំចាស់ បណ្តាលឱ្យយុវជនម្នាក់ រងរបួសបែកក្បាលនេះ បានកើតឡើងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៣និង៤៥នាទី ចំណុចមុខហ្គារ៉ាស់សាំង PTT ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះលី ផានុ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស លំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ជនសង្ស័យមានឈ្មោះឡាយ ភក្តី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរលាងឡាន មានលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ឃាត់ខ្លួន និងម្នាក់ទៀតមានឈ្មោះធា គីម ភេទប្រុស មុខរបរមិនពិត មានទីលំនៅដូចគ្នា (គេចខ្លួន)។ វត្ថុតាងចាប់យកមានខ្សែក្រវាត់ជ័រ ពណ៌ខ្មៅក្បាលដែក ម៉ាក Ben2 ចំនួន១។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះលី ផានុ បានបើកម៉ូតូម្នាក់ឯង ចេញពីសាលារៀនកំពង់ភ្នំ សំដៅទៅផ្ទះ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ លុះពេលបើកមកដល់ចំណុចទន្ទឹមហ្គារ៉ាស់សាំង PTT ក៏ត្រូវបានឈ្មោះឡាយ ភក្តី និងឈ្មោះធា គីម ជិះម៉ូតូ តាមពីក្រោយយកខ្សែក្រវាត់វាយជនរងគ្រោះ បណ្តាលឱ្យត្រូវរបួសបែកក្បាលហូរឈាម កក្លាក់ជោកខ្លួន បានក្រុមគ្រួសារនាំទៅមន្ទីរពេទ្យ ព្យាបាលមុខរបួសរួចរាល់ ទើបមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលយុត្តិធម៌ស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ និងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ តាមស្រាវជ្រាវស្វែងរកឃាត់ខ្លួនបានជនសង្ស័យឈ្មោះឡាយ ភក្តី រួចនាំខ្លួនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យ ឈ្មោះធាគីម ដែលរត់គេចខ្លួនកម្លាំងនគរបាល កំពុងស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួននាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES