Saturday, April 27, 2024
Homeព័ត៌មានជាតិព័ត៌មានបន្ថែម!!!  រឿងមេធាវីបាញ់មេឃ តាមពិត បាញ់និស្សិតម្នាក់់រងរបួស

ព័ត៌មានបន្ថែម!!!  រឿងមេធាវីបាញ់មេឃ តាមពិត បាញ់និស្សិតម្នាក់់រងរបួស

ភ្នំពេញ ៖ ករណីមេធាវីដកកាំភ្លើងបាញ់មេឃ២គ្រាប់ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅក្បែរភូមិគ្រឹះឯកឧត្តមនេត សាវឿន តាមពិតមិនមែនជាករណីបាញ់មេឃនោះទេ គឺមេធាវីរូបនោះបានបាញ់ប្រហារទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរបួសមេជើង និងគំរាមបាញ់សម្លាប់ជនរងគ្រោះម្នាក់ទៀតផង ហើយនៅព្រឹកថ្ងៃទី១៩ ខែធ្នូ នេះ មានជនរងគ្រោះដែលជានិសិត្ស សាលានីម២នាក់ បានទៅដាក់ពាក្យបណ្ដឹងនៅអធិការនគរបាលខណ្ឌ៧មករា ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌។

នគរបាលឲ្យដឹងថា លោកមេធាវីមិនមែនបាញ់មេឃទេ គឺបាញ់មនុស្ស ព្រោះព្រឹកនេះមានជនរងគ្រោះ២នាក់បានចូលទៅប្ដឹងនៅអធិការនគរបាលខណ្ឌហើយ។

ប្រភពព័ត៌មានឲ្យដឹងថា ករណីនេះគឺដំបូងលោកមេធាវីបង្ក និងជនរងគ្រោះទាំង២ជាមនុស្សស្គាល់គ្នា ហើយបានញ៉ាំការជាមួយគ្នានៅយប់កើតហេតុ តែពេលញ៉ាំការនោះជនបង្កចេញមកមុន ហើយបានទូរស័ព្ទហៅជនរងគ្រោះទៅទទួលទានបន្តនៅហាងទារខ្វៃនៅជិតផ្ទះអគ្គស្នងការនគរបាលជាតិស្ថិតនៅតាមបណ្ដោយផ្លូវមន្នីរ៉េត ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា តែជនរងគ្រោះមិនទាន់ចេញទៅភ្លាមៗទេ។ រហូតយប់បន្តិចជនរងគ្រោះក៏ចេញទៅជួប ពេលទៅដល់មុខហាងក៏ឃើញសន្តិសុខហាងគ្រាលោកមេធាវីឡើងឡាន ជនរងគ្រោះក៏ទៅនិយាយសុំជូនទៅផ្ទះ ក៏ស្រាប់តែលោកមេធាវីដកកាំភ្លើងខ្លីម៉ាកឡុកបាញ់ទៅដី២គ្រាប់បណ្ដាលឲ្យមួយគ្រាប់បានទៅចំត្រូវមេជើងខាងស្ដាំ ជនរងគ្រោះឈ្មោះ លី តុលា ភេទប្រុស អាយុ២២ឆ្នាំ ហើយក៏បានយកកាំភ្លើងទៅភ្ជុងជនរងគ្រោះម្នាក់ទៀតឈ្មោះ សិដ្ឋទាំងបាននិយាយថា ហែង កំុចេះប្រយ័ត្ន​អញបាញ់ងាប់។ បន្តិចក្រោយមកក៏ត្រូវនគរបាលទៅដល់ឃាត់ខ្លួនបង្កយកទៅសួរនាំ។

គួររំលឹកថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មានករណីបាញ់បោះមួយបានកើតឡើងតាមបណ្តោយផ្លូវ២១១ កែងផ្លូវ២១៧ នៅចំណុចក្បែរនឹងផ្ទះលោកអគ្គស្នងការនគរបាលជាតិ នេត សាវឿន ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបុរសជាមេធាវីម្នាក់អួតអាងថា ខ្លួនស្គាល់មន្ត្រីជាន់ខ្ពស់ទាំងក្នុងស្ថាប័នតុលាការ និងជួររាជរដ្ឋាភិបាលចេញពីហូបការឈ្លោះប្រកែកជាមួយមិត្តភក្តិខឹងរឿងមិត្តភក្តិបង្អាប់ ក៏ឈប់រថយន្តដកកាំភ្លើងបាញ់២គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចចុះឃាត់ខ្លួនយកទៅសាកសួរ។

ខ្មាន់កាំភ្លើងដែលខឹងមិត្តភក្តិបង្អាប់ បែរជាដកកាំភ្លើងបាញ់មេឃ២គ្រាប់នេះ មានឈ្មោះ អិត ពិសិដ្ឋរង្សី អាយុ៣៥ឆ្នាំ មុខរបរមេធាវី ក្នុងក្របខណ្ឌគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានលំនៅផ្ទះលេខ៥៨៣ ផ្លូវ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌ៧មករា បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាមេធាវីខាងលើ បើករថយន្ត១គ្រឿង ម៉ាកឡិចស៊ីស LX-470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 ទើបតែចេញមកពីផឹកស៊ីក្នុងស្ថានភាពស្រវឹងជោក បានបើករថយន្តធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ លុះពេលមកដល់ចំណុចក្បែរផ្ទះលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានឈប់រថយន្ត ហើយដកកាំភ្លើងខ្លីម៉ាកឡុកចិន១៩ បាញ់ឡើងលើចំនួន២គ្រាប់។ ភ្លាមៗនោះ ត្រូវបានអង្គរក្ស យាមនៅមុខផ្ទះលោកអគ្គស្នងការនេត សាវឿន ចេញមកអន្តរាគមន៍ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច មូលដ្ឋាននាំយកទៅសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ចខណ្ឌមករា បុរសជាខ្មាន់កាំភ្លើងបាញ់បោះសេរី បានប្រាប់ថា មូលហេតុដែលខ្លួនបាញ់បោះសេរីបែបនេះ ដោយសារតែខឹង និងឈ្លោះប្រកែកជាមួយមិត្តភក្កិ ដែលទៅហូបការជាមួយគ្នាបាននិយាយបង្អាប់គ្នាទៅវិញទៅមក ទើបទប់កំហឹងមិនបាន ក៏ដកកាំភ្លើងបាញ់ឡើងលើចំនួន២គ្រាប់បែបនេះទៅ។ មិនតែប៉ុណ្ណោះ បុរសជាខ្មាន់កាំភ្លើងរូបនេះ នៅបានអួតអាងទៀតថា ខ្លួនស្គាល់សុទ្ធតែអ្នកធំទាំងក្នុងជួររដ្ឋាភិបាល និងតុលាការ ក្នុងនោះ ខ្លួនស្គាល់តាំងពីសម្តេចក្រឡាហោម ស ខេង, លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកព្រះរាជអាជ្ញារង សៀង សុខ ទៀតផង។

បើទោះជាបុរសជាមេធាវីខាងលើ បានអួតអាងថា ស្គាល់ថ្នាក់ដឹកនាំធំៗយ៉ាងណាក្តី ក៏សមត្ថកិច្ចខណ្ឌ៧មករា នៅតែសម្រេចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនបុរសខាងលើទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES