ភ្នំពេញ ៖ នារីស្រស់សោភាម្នាក់ បានស្រវឹងស្រាជោកជាំ រួចបើកបររថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុកគូទរថយន្តឈប់ចតចោលមួយគ្រឿងទៀតយ៉ាងពេញទំហឹង បណ្តាលឱ្យរងការខូចខាត ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៧ ត្រង់ចំណុចខាងមុខយន្តដ្ឋានជួសជុល រថយន្តយីហោ វណ្ណា ឡាក់ស៊្រីន តាមបណ្តោយផ្លូវឧកញាម៉ុង ប្ញទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីម្នាក់វ័យ២៥ឆ្នាំ បើកបររថយន្តបង្កមួយគ្រឿង ម៉ាកម៉ាស្តា CX5 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3564 បើកបរក្នុងស្ថានភាពស្រវឹងតាមបណ្តោយផ្លូវឧកញ៉ាម៉ុង ប្ញទ្ធី ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងស្តាំ ទៅបុកគូទរបស់រថយន្តមួយគ្រឿងទៀតម៉ាកអេស្កាលែត ពណ៌ខ្មៅ អត់មានស្លាកលេខ ដែលឈប់ចតចោលលើចិញ្ចើមផ្លូវនៅកន្លែងកើតហេតុខាងលើយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តបង្ក រងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯរថយន្តរងគ្រោះរងការខូចខាតបែក កាងខាងក្រោយចំហៀងខាងឆ្វេង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងបានឱ្យភាគីទាំងពីរនិយាយចរចាដោះស្រាយគ្នា។ ដោយភាគីខាងរថយន្តបង្ក មិនចង់មានរឿងវែងឆ្ងាយ ក៏ព្រមយករថយន្តរងគ្រោះទៅជួសជុលឱ្យ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។
អ្នកឃើញហេតុការណ៍បញ្ជាក់ថា មូលហេតុ មកពីនារីបើកបររថយន្តបង្ក បើកបរមានជាតិស្រវឹងក្នុងខ្លូន ហើយលឿនពេកខ្វះការ ប្រុងប្រយ័ត្ន ទើបជ្រុលបុកគូទរថយន្តដែលកំពុងឈប់នៅតាមចិញ្ចើមផ្លូវយ៉ាងពេញទំហឹង តែចាត់ទុកជាការសំណាងណាស់ ដែលមិនបណ្តាលឱ្យមនុស្សណាម្នាក់ មានគ្រោះថ្នាក់ក្នុងហេតុការណ៍នេះ ហើយភាគីទាំង២ព្រមសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែង៕