ខេត្តកំពង់ស្ពឺ ៖ នៅតាមបណ្ដោយផ្លូវជាតិលេខបួន រោងចក្របានក្លាយជាទិដ្ឋភាពធម្មតាទៅហើយ រាប់បញ្ចូលទាំងកំណាត់ផ្លូវនៅក្នុងខេត្តកំពង់ស្ពឺផង ហើយចំនួនរោងចក្រនៅក្នុងខេត្តនេះហាក់កើនឡើងជាលំដាប់ ដោយសារតែកត្តាផ្សេងៗ ។
រោងចក្រហ៊ីរ៉ូតាកម្ពុជាដែលបានបើកទ្វារនៅក្នុងខេត្តកំពង់ស្ពឺនៅក្នុងឆ្នាំ ២០១៤ហើយបច្ចុប្បន្នមានកម្មករបម្រើការងារប្រមាណ ១៥០០ នាក់នោះ បានពន្យល់អំពីមូលហេតុដែលខ្លួនមកបើកដំណើរការអាជីវកម្មនៅក្នុងខេត្តមួយនេះ ។
រោងចក្របានឲ្យដឹងថា កំពង់ស្ពឺគឺជាទីតាំងល្អសម្រាប់ការបើកអាជីវកម្ម ដោយសារតែខេត្តនេះស្ថិតនៅជិតរាជធានីភ្នំពេញ ក៏ដូចជាស្ថិតនៅតាមដងផ្លូវទៅកាន់កំពង់ផែនៅសមុទ្រ ។ ម្យ៉ាងវិញទៀត ការផ្គត់ផ្គង់កម្លាំងពលកម្មរបស់ខេត្តក៏មានច្រើនគ្រប់គ្រាន់ ។
លោក យ៉ាង ជិនហ្វាង គឺជាអគ្គនាយកក្រុមហ៊ុនហ៊ីរ៉ូតាកម្ពុជា បានមានប្រសាសន៍ថា៖ “ខាងរោងចក្ររបស់យើងសម្រេចចិត្តមកបើកនៅកំពង់ស្ពឺ ពីព្រោះ គម្លាតពីភ្នំពេញគឺមានចម្ងាយជិត ។ ទីពីរ ចំពោះការទំនាក់ទំនងគ្រប់ផ្នែក គឺងាយស្រួល ….ចំណុចទីបី គឺដោយសារតែងាយស្រួលរកកម្មករមកបម្រើការងារ” ។
មន្ត្រីខេត្តកំពង់ស្ពឺបានឲ្យដឹងថា ក្នុងរយៈកាលប៉ុន្មានឆ្នាំនេះ ខេត្តកំពង់ស្ពឺបានមើលឃើញពីការកើនឡើងនូវចំនួនរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ខណៈដែលហេដ្ឋារចនាសម្ព័ន្ធកាន់តែមានការអភិវឌ្ឍន៍ ។
ហើយបច្ចុប្បន្ន បើនិយាយពីចំនួនរោងចក្រវិញ កំពង់ស្ពឺស្ថិតនៅក្នុងលំដាប់លេខបីបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល ។
រោងចក្រកាត់ដេរដំបូងដែលបើកទ្វារនៅខេត្តកំពង់ស្ពឺគឺនៅក្នុងឆ្នាំ ១៩៩៩ ហើយសព្វថ្ងៃមានរោងចក្រប្រមាណជា ៨០ ដែលកំពុងតែផ្ដល់ការងារដល់កម្មករប្រមាណជាង ៨៦៧០០ នាក់ គឺប្រមាណជាង ១០ ភាគរយនៃចំនួនកម្មករដែលបម្រើការងារក្នុងវិស័យនេះ។
លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា៖ “សម្រាប់កម្លាំងពលកម្មរបស់ខេត្តយើង បច្ចុប្បន្ន យើងពិនិត្យឃើញថា រោងចក្រសហគ្រាសមួយចំនួនធំ នៅតែបន្តរើសកម្មករ ហើយយើងសង្កេតឃើញថា កម្មករ បងប្អូនប្រជាពលរដ្ឋ គាត់ទៅដាក់ពាក្យទៅធ្វើការច្រើន គឺកម្លាំងពលកម្ម ខេត្តមិនខ្វះទេ គឺគ្រប់គ្រាន់ ។ ប៉ុន្តែ គាត់នៅខ្វះជំនាញជាក់លាក់មុននឹងគាត់ចូលធ្វើការ ។ គាត់ទៅធ្វើការ គាត់ទៅដាក់ពាក្យ តែគាត់អត់ទាន់មានជំនាញអ្វីមួយនៅក្នុងខ្លួនទេ ។ គឺគាត់ដាក់ពាក្យឲ្យបានការងារធ្វើជាមុនសិន” ។
បើយោងតាមលោក ចឹក បូរិន សម្រាប់ឆ្នាំ ២០១៥ វិស័យកាត់ដេរនេះបានផ្ដល់ប្រាក់ខែប្រមាណជាង ២០០ លានដុល្លារដល់កម្មករនៅក្នុងខេត្តកំពង់ស្ពឺ ។
លោក បូរិន បានឲ្យដឹងទៀតថា វិស័យនេះបានជួយជំរុញខ្លាំងដល់សេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ស្ពឺ ។
លោកបានមានប្រសាសន៍ថា៖ “តាមរយៈវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ស្បែកជើង ក៏ដូចជាវិស័យផ្សេងៗនេះគឺបានជួយដល់ខេត្តកំពង់ស្ពឺច្រើន ។ ទីមួយ គឺតាមរយៈការផ្ដល់ការងារធ្វើ ជូនដល់ប្រជាពលរដ្ឋ ។ ទីពីរគឺផ្ដល់ប្រាក់ចំណូលដើម្បីឲ្យបងប្អូនកម្មករប្រជាពលរដ្ឋរស់នៅមានជីវភាពសមរម្យប្រសើរជាងមុន ។ ទីបីគឺតាមរយៈប្រយោល ។ មានន័យថា ប្រាក់ខែ ដែលបងប្អូនកម្មករបើកមក បើយើងគិតជាឆ្នាំ មួយឆ្នាំ ប្រមាណជាង ២០០ លានដុល្លារសម្រាប់ប្រាក់ខែបងប្អូនកម្មករបើកនៅក្នុងខេត្តកំពងស្ពឺ ។ អ៊ីចឹង ថវិកាទាំងនោះគាត់បានដោយផ្ទាល់ផង បានដោយប្រយោលដល់អ្នកពាក់ព័ន្ធផង ទាំងអ្នកលក់ដូរ ទាំងអាជីវករ ហ្នឹងគឺបានទទួលទាំងអស់ពីវិស័យហ្នឹង” ។
កំណើនចំនួនរោងចក្រ ការងារ និងប្រាក់ចំណូលពីវិស័យកាត់ដេរកំពុងតែកែប្រែមុខមាត់របស់ខេត្តកំពង់ស្ពឺ ដែលពីមុនធ្លាប់តែត្រូវបានគេចាត់ទុកថាជាខេត្តក្រីក្រមួយ ៕
អត្ថបទក្រុមហ៊ុន