Thursday, December 5, 2024
Homeតារាបរទេសកំពូលតារាជើងចាស់ ជិនតារា ធ្លាក់ខ្លួនខ្ចីលុយគេចាយ

កំពូលតារាជើងចាស់ ជិនតារា ធ្លាក់ខ្លួនខ្ចីលុយគេចាយ

គ្រាមួយ ម៉ែម ជិនតារា សុខៈផាត់ ធ្លាប់ជាកំពូលតារាល្បីប្រចាំយុគសម័យ និងធ្លាប់ឆ្លងកាត់ការសម្តែងរាប់រយរឿង។ ប៉ុន្តែជីវិតពិតរបស់នាងនាពេលនេះ ខុសពីជីវិតសិល្បៈដ៏រុងរឿងពីមុនឆ្ងាយណាស់។ នាងទម្លាយរឿងគួរឱ្យភ្ញាក់ផ្អើលថា ពេលនេះនាងធ្លាក់ខ្លួន រហូតដល់ថ្នាក់ខ្ចីលុយមិត្តភក្តិចាយ!…។

បើពិនិត្យមើលប្រវត្តិជីវិតរបស់តារាដែលមានប្រភពពីអម្បូរអ្នកមានម្នាក់នេះឃើញថា មិនធម្មតាឡើយ។ នាងជាអតីតនិស្សិតបរិញ្ញាបត្ ផ្នែកគ្រប់គ្រងធុរកិច្ច ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាសទៀតផង។ នាងក៏ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកដដែលនេះផងដែរ មុននឹងចូលបំពេញការងារនៅក្រុមហ៊ុនតូយ៉ូតា ប្រទេសថៃ។

នៅក្រុមហ៊ុនតូយ៉ូតា នេះហើយ ដែលធ្វើឱ្យនាងមានឱកាសចូលមកកាន់ពិភពសិល្បៈថៃ។ ថ្ងៃនោះ កាលពីជាង៣៣ឆ្នាំមុន ក្រុមអ្នកថតផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនតូយ៉ូតា បានឃើញរូបនាងហើយក៏ ស្រឡាំងកាំងនឹងសម្រស់រូបឆោម។ ពួកគេបបួលនាងទៅធ្វើតេស្តមុខកាមេរ៉ា រួចនាងក៏បានថតផ្សាយពាណិជ្ជកម្មមួយ មុននឹងបានក្លាយជាតារាភាពយន្ត។

នាងរំលឹកពីឱកាសដំបូងនៃការបានក្លាយខ្លួនជាអ្នកសិល្បៈល្បីថា “ប្រមាណជា៣៣ឆ្នាំមុន កាលនោះខ្ញុំរៀនពាណិជ្ជ។ អំឡុងពេលវ៉ាកង ខ្ញុំក៏ទៅទទួលការងារ Part Time នៅក្រុមហ៊ុនតូយ៉ូតា ហើយមនុស្សរបស់ក្រុមហ៊ុនវេនស៊ឹ (ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម) បានឃើញមុខមាត់យើងគួរឱ្យស្រលាញ់ ក៏ឱ្យយើងទៅធ្វើតេស្តមុខកាមេរ៉ា បន្ទាប់មកគេក៏ហៅយើងទៅថតផ្សាយពាណិជ្ជកម្មសំឡីអនាម័យ។ ក្រោយមកក្រុមហ៊ុន 5 Stars ឃើញពាណិជ្ជកម្មនោះ ក៏ទាក់ទងឱ្យយើងទៅលេងកុន គិតចាប់ពីចុងឆ្នាំ១៩៨៤មក ខ្ញុំសម្តែងភាពយន្តបាន៧០រឿង និងថតរឿងភាគជាង៩០រឿង”។

នាងប្រាប់ថា អំឡុងពេលនោះក្នុងមួយឆ្នាំ នាងថតឱ្យក្រុមហ៊ុន 5 Stars ប្រមាណ៧-៨រឿង ដោយមិនគិតពីការថតផ្សាយពាណិជ្ជកម្ម ឬការងារសិល្បៈផ្សេងទៀតឡើយ។

ប៉ុន្តែសម័យកាលរុងរឿងនោះ វាបានក្លាយជាស្រមោលអតីតកាលទៅហើយ ព្រោះពេលនេះ នាងប្រាប់ថា ជួនកាលនាងទំនេរគ្មានការងារធ្វើ៧-៨ខែក្នុងមួយឆ្នាំ។ នេះជាមូលហេតុនាំឱ្យនាងជួបប្រទះបញ្ហាសេដ្ឋកិច្ច រហូតដល់ត្រូវលក់ទ្រព្យសម្បត្តិចាស់ចាយ។ នាងរៀបរាប់ពីពេលវេលាជូរចត់នេះថា “ពេលគ្មានការងារធ្វើ ខ្ញុំចាយលុយចាស់ ហើយវាក៏មិនច្រើនណាស់ណាទេ ព្រោះខ្ញុំជាអ្នកធ្វើការ ពេលបានលុយមកក៏យកទៅវិនិយោគទិញអចលនទ្រព្យ។ ខ្ញុំមិនសូវមានលុយកាន់នៅនឹងដៃទេ។ ជឿឬទេថា តាំងពីធ្វើការមក ខ្ញុំមិនមែនមានលុយកាន់ដល់១០លាន (បាត) ឡើយ ព្រោះរវល់តែយកលុយទៅទិញអចលនទ្រព្យ លុះពេលអត់លុយ ខ្ញុំក៏យកសម្បត្តិអស់នេះទៅលក់បាន៥-៦ម៉ឺន គ្រាន់ចាយ”។

ក្រៅពីលក់ទ្រព្យចាស់ ម៉ែម ប្រាប់ថា ពេលខ្លះ នាងត្រូវខ្ចីលុយគេចាយទៀតផង ដោយនាងរៀបរាប់ថា “ខ្ញុំខ្ចីបង កបស៊ុត គឺខ្ចីជាប្រចាំ។ ពេលបើកប្រាក់សម្តែង ទើបយកទៅសងគាត់វិញ។ ច្រើនបំផុត ខ្ញុំធ្លាប់ខ្ចី៥សែនបាត។ ខ្ញុំជាមនុស្សចាយធំបន្តិច តែមិនមែនយកដើរលេងស្អីទេ គឺប្រើប្រាស់នៅគ្រួសូរានេះឯង។ លុយក្នុងកុងក៏មានខ្លះដែរ តែមិនច្រើនទេ។ ទោះជាយ៉ាងណាក៏មិនដល់ថ្នាក់គ្មានលុយដែរ។ ភាគច្រើន ខ្ញុំជំពាក់គេ ព្រោះតែយកលុយទៅដាក់ធនាគារ”។

សរុបមក នាងអត់លុយ មកពីលុយនោះទៅកប់លើដីធ្លី និងលំនៅដ្ឋាន។ សម្រាប់រឿងជីវិតផ្ទាល់ខ្លួនវិញ នាងត្រូវបានគេដឹងថា ធ្លាប់មានសង្សារជាដៃគូសម្តែងរបស់នាង គឺលោកសន្តិសុខ ព្រហ្មសិរី។ លុះចែកផ្លូវគ្នាមក នាងក៏មានស្នេហាជារឿយៗ ដែលនាងប្រាប់ថា សុទ្ធតែជាអ្នកក្រៅសិល្បៈ។ ប៉ុន្តែបច្ចុប្បន្ន នាងវិលត្រឡប់មកនៅទំនេរឡើងវិញ បន្ទាប់ពីឃើញថា ពួកនាងមិនអាចចុះសម្រុងគ្នា៕

RELATED ARTICLES