តុលាការសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមជាស្ថាពរលើសំណុំរឿងលោកភុំ មុនីរ័ត្ន អតីតព្រះសង្ឈនិងបច្ចុប្បន្នជាទីប្រឹក្សាសម្ដេសហេង សំរិន ប្រធានរដ្ឋសភា ដែលប្រើអំពើហឹង្សាលើក្មេងស្រីដែលជាប្អូនជីដូនមួយរបស់លោកជុំ លីណូ ដែលត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែ និងត្រូវសងជំងឺចិត្តជាទឹកប្រាក់១២លានរៀលនោះ តែរយៈពេលជាងកន្លះឆ្នាំមកហើយ ជនល្មើសនៅតែរួចខ្លួននិងពុំបានផ្ដល់សំណងអ្វីទាល់តែសោះ ខណៈដែលក្រុមគ្រួសារតារាចម្រៀងលោកជុំ លីណូ នៅតែទទូចឲ្យតុលាការអនុវត្តសាលក្រមទើបក្រុមគ្រួសាររបស់លោកទទួលបានយុត្តិធម៌។
តារាចម្រៀងលោកជុំ លីណូ និងពូបង្កើតគឺលោកមាស ឡេង បានថ្លែងឲ្យដឹងដូចគ្នាកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ថា រហូតមកទល់ពេលនេះក្រុមគ្រួសាររបស់ខ្លួននៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេបើទោះបីតុលាការបានប្រកាសសាលក្រមសម្រេចក្ដីពោលគឺជនល្មើសលោកភុំ មុនីរ័ត្ន នៅតែមានសេរីភាពធម្មតាខណៈដែលភាគីលោកភុំ មុនីរ័ត្ន ដែលបានប្តឹងជំទាស់ដល់សាលាឧទ្ធរណ៍ហើយគ្រោងជំនំជម្រះកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានលើកពេលមកបើកសាវនាការថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ។
លោកជុំ លីណូ បានលើកឡើងថា លោកមិនចង់បានយុត្តិធម៌តែនៅលើក្រដាស់ទេគឺលោកចង់ឃើញតុលាការអនុវត្តសាលក្រមជាក់ស្តែងត្បិតអីក្រោយសាលក្រមប្រកាសកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ រហូតមកទល់ពេលនេះជនល្មើស នៅមានសិទ្ធិសេរីភាពធម្មតា។លោកថា គ្រួសាររបស់លោកនៅតែមិនទទួលបានយុត្តិធម៌ដរាបណាតុលាការមិនចាប់លោកភុំ មុនីរ័ត្ន ដាក់គុកតាមសាលក្រម។លោកអះអាងថា បើទោះបីភាគលោកភុំ មុនីរ័ត្ន ប្តឹងជំទាស់ទៅសាលាឧទរបន្តទៀតតុលាការក៏គួរតែចាប់ជនល្មើសរូបនេះដាក់គុកតាមសាលក្រមសិនដែរពុំមែនឲ្យជនល្មើសនេះរួចខ្លួនដូចសព្វថ្ងៃនេះទេ។
លោកមាស ឡេង ពូបង្កើតរបស់លោកជុំ លីណូ ដែលជាឪពុករបស់កុមារីរងគ្រោះបានលើកឡើងថា លោកពិតជាមានការហួសចិត្តយ៉ាងក្រៃលែងដែលក្រោយពេលតុលាការសាលាដំបូងប្រកាសសាលក្រមជាស្ថាពរបែរជាមិនអនុវត្តសាលក្រម ដោយនៅតែបណ្ដោយឲ្យជនល្មើសរួចខ្លួន។លោកថា វាជារឿងអយុត្តិធម៌សម្រាប់ក្រុមគ្រួសាររបស់លោកនៅពេលដែលសាលក្រមតុលាការពុំមានប្រសិទ្ធិភាពខណៈដែលគ្រួសាររបស់លោកមិនចង់បានយុត្តិធម៌តែនៅលើក្រដាស់នោះទេ។
អ្វីដែលក្រុមគ្រួសាររបស់លោកហួសចិត្តបំផុតនោះក្រោយប្រកាសសាលក្រមជនល្មើសភុំ មុនីរ័ត្ន បានស្នើសុំនៅក្រៅឃុំ ដោយលើកហេតុផលថា ខ្លាចប៉ះពាល់ដល់កិច្ចការងារប្រចាំថ្ងៃ ស្រាប់តែតុលាការលើកលែងឲ្យជនល្មើសរួចខ្លួនទៀត។ពោលគឺតុលាការហាក់មិនផ្ដល់យុត្តិធម៌សម្រាប់គ្រួសាររបស់លោកទេ។
ពូជុំ លីណូ បានឲ្យដឹងដែរថា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះសាលាឧទ្ធរណ៍នឹងបើកសាវនាការជំនំជម្រះហើយលោករំពឹងថា នឹងពុំមានការពន្យាពេលតាមការស្នើសុំរបស់ជនល្មើសទៀតនោះទេខណៈដែលលោកនៅតែទទួចឲ្យតុលាការអនុវត្តសាលក្រមចាប់ជនល្មើសដាក់គុកមុននឹងជំនំជម្រះបន្ត។
គួរបញ្ជាក់ថា បុគ្គលភុំ មុនីរ័ត្ន បានលួចទាក់ទងម្ដាយមីងថ្លៃរបស់លោកជុំ លីណូ តាំងពីនៅជាព្រះសង្ឃម្លេះរហូតធ្វើឲ្យជីវិតគ្រួសារពូរបស់លោកលីណូ ឈានដល់ការបែកបាក់។ មីងថ្លៃរបស់លោកលីណូ បានសម្រេចលែងលះពូរបស់ខ្លួនរួចទៅរួមរស់ជាមួយលោកភុំ មុនីរ័ត្ន ក្រោយសឹក ពីបួសហើយមីងថ្លៃរបស់លោកក៏បានយកកូនស្រី២នាក់ទៅរស់នៅជាមួយផងដែរហើយអ្វីដែលស្ទើរមិនគួរឲ្យជឿនោះ បុគ្គលភុំ មុនីរ័ត្ន បានប្រើអំពើហឹង្សាយ៉ាងធ្ងន់ធ្ងរលើប្អូនជីដូនមួយរបស់លោកក្នុងនាមជាឪពុកចុងកាលពី២ឆ្នាំមុន ថែមទាំងគំរាមកំហែងយ៉ាងព្រៃផ្សៃទើបឪពុកមារបស់លោកសម្រេចយកស្រីទាំង២មកវិញតែស្រាប់តែត្រូវបានបុគ្គល ភុំ មុនីរ័ត្ន ប្ដឹងចោទពូរបស់របស់លោកថា បានចាប់ជំរិតកូនទាំងទទឹងទិសទៅវិញដែលមានស្លាកស្នាមដោយមិនអាចបំភ្លេចបាន។
យ៉ាងណារហូតមកទល់ពេលនេះបើទោះបីតុលាការសាលាដំបូងប្រកាសសាលក្រមជាស្ថាពរ ទណ្ឌិតឈ្មោះ ភុំ មុនីរ័ត្ន មិនត្រឹមតែសេរីភាពដើរហើរតាមអំពើចិត្តនោះទេ ថែមទាំងបានដាក់ពាក្យប្ដឹងបកមករូបលោកវិញ ទៅកាន់សាលាឧទ្ធរណ៍ទៀតផង ហើយតុលាការសាលាឧទ្ធរណ៍ នឹងកោះហៅរូបលោកឲ្យចូលបំភ្លឺនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ។
ទាំងលោកជុំ លីណូ និងពូង្កើតបានបង្ហាញអារម្មណ៍ខកចិត្ត ប៉ុន្តែនៅតែទទួចស្នើរឲ្យតុលាការជួយអនុវត្តច្បាប់ ដោយចាប់ជននោះដាក់ពន្ធនាគារ មុននឹងជំនំជម្រះបន្តដើម្បីឲ្យគ្រួសារលោកទទួលបាននូវយុត្តិធម៌ពេញលេញ៕