Thursday, April 25, 2024
Homeតារាខ្មែរកែវ និសា ពិបាកគេច

កែវ និសា ពិបាកគេច

កែវ និសា ដែលប្រេះឆាស្នេហ៍ជាមួយប្រុសសង្ហា លឹម ជាឡាយ នោះ មានព័ត៌មានថា អ្នកមេម៉ាយលេងសម្រស់រូបនេះ នឹងតោងតំណែងជំទាវលោកធំ ផ្កាយ៤ ដ៏ល្បីឈ្មោះម្នាក់ ទើបបោះបង់ចោលស្នេហ៍ប្រុសក្មេងកណ្តាលផ្លូវ។ ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនៅពេលនេះ ស្រាប់តែមានព័ត៌មានគួរឱ្យរសើបថា កែវ និសា កំពុងត្រូវបានថៅកែស្រី លក់ពេជ្រម្តុំផ្សារធំថ្មី តាមដាក់អន្ទាក់ស្នេហ៍ ដែលធ្វើឱ្យនិសា ពិបាកគេច…។

តារាលេងរូបសម្រស់ដែលធ្លាក់ខ្លួនទៅជាមេម៉ាយលេចធ្លោជាងគេក្នុងសិល្បៈខ្មែរ វង្ស សុផាវណ្ណ ហៅកែវ និសា បាត់ខ្លួនស្ទើរតែទាំងស្រុងពីអាជីពពិធីការិនីនៅប៉ុស្តិ៍ទូរទស្សន៍ CNC តែជាញឹកញាប់ គេបែរជាប្រទះឃើញតែនាងទៅដើរលេងនៅក្រៅប្រទេសទៅវិញ ដោយទិញរបស់ម៉ាកល្បីៗតម្លៃរាប់ម៉ឺនដុល្លារ មិនចាញ់ជំទាវឡើយ។

ការលែងខ្វល់ពីអាជីពសិល្បៈដែលរកបានតែប្រាក់ល្អិត ហើយគិតតែដើរកម្សាន្តលំហែបរទេសនេះ គឺចំពេលដែលចំណងស្នេហ៍កែវ និសា ជាមួយប្រុសក្មេងលឹម ជាឡាយ រយៈពេលជាង5ឆ្នាំ បានដើរដល់ទីបញ្ចប់កណ្តាលផ្លូវ ព្រោះតែមានអ្នកទី3 ដែលគេល្បីថា ជាលោកធំពាក់ផ្កាយ4 លើស្មានោះ ចូលជ្រៀតជ្រែកស្នេហ៍ ទើបធ្វើឱ្យអ្នកសិល្បៈមួយចំនួនបានចំអន់សុផាវណ្ណ ដោយហៅតារារូបនេះក្រោយខ្នងថា “ជំទាវតូច” ទៀតផង។

ប្រភពបានឱ្យដឹងថា លោកលឹម ជាឡាយ អតីតសង្សារកែវ និសា បានដើរចេញពីអ្នកមេម៉ាយរូបនេះ ទាំងស្រក់ទឹកភ្នែក តែប្រុសក្មេងរូបនេះបានធ្វើឱ្យនិសា ភ្លឺភ្នែក និងស្រឡាំងកាំងខ្លាំង នៅពេលដែលលោកលេងមួយក្បាច់ទៅកៀកកើយស្នេហ៍ជាមួយស្រីស្អាតសាច់សខ្ចី គៀត សុវណ្ណាឡាង ដែលនៅក្មេងល្ហក់ជាងកែវ និសា នោះ។

ព័ត៌មានបានឱ្យដឹងថា ពេលនេះ កែវ និសា និងគៀត សុវណ្ណាឡាង មិននិយាយស្តីរកគ្នាបន្តិចឡើយ តាំងពីមានដំណឹងថា លោកថៅកែផលិតទឹកកកធំជាងគេនៅក្រុងកំពង់ចាម បានគាំទ្រឱ្យសុវណ្ណាឡាង រៀបការជាមួយជាឡាយ ដោយលោកថៅកែជាអ្នករ៉ាប់រងថ្លៃលើការចំណាយគ្រប់បែបយ៉ាងទាំងអស់នោះ។

ទោះជារឿងស្នេហាកែវ និសា ដែលប៉ះស្នេហ៍មន្ត្រីធំ ហើយនឹងក្លាយទៅជំទាវក្នុងពេលឆាប់ៗនេះ ត្រូវបានតារាសិល្បៈជាច្រើន បានលើកឡើង និងកាន់តែល្បីសុសសាយថា និសា ចោលសិល្បៈ ស្រវាងារជំទាវក្តី តែពេលនេះមានព័ត៌មានដ៏រសើប និងគួរឱ្យភ្ញាក់ផ្អើលខ្លាំងថា អ្នកមេម៉ាយសាច់សខ្ចីរូបនេះ កំពុងត្រូវបានកូនស្រីថៅកែលក់ពេជ្រម្នាក់ ម្តុំផ្សារធំថ្មី តាមស្នេហ៍តារាទ្រលុកទ្រលន់រូបនេះ យ៉ាងប្រកិតបំផុត។

ប្រភពជាអ្នកសិល្បៈដែលជិតដិតខ្លាំងជាមួយកែវ និសា នោះ បានបង្ហើបឱ្យដឹងថា សុផាវណ្ណ ត្រូវបានកូនស្រីថៅកែលក់ពេជ្រនោះ ពេញចិត្តខ្លាំងណាស់ ហើយនារីដែលតាមស្នេហ៍តែតារាស្រីស្អាតៗក្នុងសិល្បៈនោះ ត្រៀមជះលុយទៅលើនិសា ដាក់នុយស្នេហ៍ធំជាងលោកផ្កាយ4នោះទៀតផង។ តារាសិល្បៈមួយចំនួនដែលបានស្គាល់ទឹកចិត្តម្ចាស់ហាងលក់ពេជ្រនោះ បានឱ្យដឹងដោយសុំមិនឱ្យប្រាប់ឈ្មោះថា “ថៅកែស្រីលក់ពេជ្រហ្នឹង ចាយលុយសាហាវណាស់ បើគាត់ស្រលាញ់តារាស្រីណាហើយ ពិបាកគេចណាស់ គាត់មិនឱ្យរួចខ្លួនតែម្តង អ៊ីចឹងមានតែចាំមើលទេថា តើកែវ និសា ដែលមានប្រុសតាមស្រលាញ់កៀរនឹងជើងនោះ គេចពីគាត់បានដែរឬអត់?”។

ក្រៅពីកែវ និសា តារាស្រីដែលធ្លាប់លេចឮថា មានស្រីតាមដាក់អន្ទាក់ស្នេហ៍នោះ មានដូចជា ឌុច សុភា, មាស សម្ផស្ស, តេង លក្ខិណា, ឌុច លីដា, ម៉ាក សែនសូនីតា, មាន សូនីតា ជាដើម តែតារាល្បីៗទាំងនេះច្រានចោល។ ដោយឡែក កែវ និសា វិញ ក្រោយលែងប្តីអាណិកជនខ្មែរ នៅអាមេរិក លោកគាំ វារី កាលពីឆ្នាំ2009 មក អ្នកមេម៉ាយរូបនេះ មិនធ្លាប់ប៉ះស្នេហ៍ភេទដូចគ្នាឡើយ ព្រោះតារាជាច្រើនបានឱ្យដឹងថា និសា ស្នេហាតែប្រុសណាដែលស្អាត ហើយសង្ហាទេ បើប្រុសចំណាស់ដែលចង់ថ្នមកាយានាងនោះ ទាល់តែមានអំណាច និងទឹកប្រាក់ហូរហៀរ។

កែវ និសា នៅតែហ៊ឺហាជិះរថយន្តទំនើបម៉ាក ៅដ៉ិ ពណ៌ស តម្លៃជាង7ម៉ឺនដុល្លារដដែល ហើយជុំវិញការឡូយឆាយរបស់នាងនិសា ដែលអាជីពសិល្បៈស្ទើរតែបាត់បង់ទាំងស្រុងនាពេលនេះ នាំឱ្យមានចម្ងល់ថា តើនាងមានប្រាក់មកពីណាដើរចាយនៅក្រៅស្រុកផង និងលេងម៉ូដឡានថ្លៃៗនាពេលនេះ? តារាសិល្បៈមួយចំនួនបានខ្សឹបខ្សៀវគ្នាថា កែវ និសា នឹងមានប្រាក់ច្រើនជាងនេះ រាប់សិបដងឯណោះ បើនាងព្រមធ្វើជាជំទាវលោក ផ្កាយ4នោះ ហើយនឹងរស់នៅលើគំនរទ្រព្យសុខសាន្ត។ ប៉ុន្តែបើនាងភ្ជាប់ស្នេហ៍ជាមួយកូនស្រីថៅកែលក់ពេជ្រនោះ ច្បាស់ណាស់ថា អាជីពសិល្បៈនាងនឹងអាចបញ្ចប់ ព្រោះនារីដែលរកស៊ីលក់ពេជ្រនោះ ប្រចណ្ឌហួងហែងស្រីស្នេហ៍ខ្លាំងណាស់ បើហ៊ានតែថតសិចស៊ីដោះអាវនោះ ច្បាស់ជាមានរឿងធំជាមិនខាន។

កែវ និសា បានបិទទូរស័ព្ទ ទើបមិនអាចសុំការបំភ្លឺបានឡើយ។ យ៉ាងណា កែវ និសា មិនចង់ចេញមុខបកស្រាយចំពោះព័ត៌មានចចាមអារ៉ាមស្នេហាដែលបោកបក់មកលើនាងឡើយ ហើយក៏មិនធ្លាប់សារភាពថា មានគូស្នេហ៍ថ្មីនោះទេ៕

RELATED ARTICLES