Friday, March 29, 2024
Homeតារាខ្មែរនាយកុយ-អ្នកស្រីឌី សាវ៉េត សំណូមពរឲ្យពេជ្ជតា និងលក្ខិណា ជួបតទល់គ្នាដោយផ្ទាល់

នាយកុយ-អ្នកស្រីឌី សាវ៉េត សំណូមពរឲ្យពេជ្ជតា និងលក្ខិណា ជួបតទល់គ្នាដោយផ្ទាល់

ជម្លោះដោយសារពាក្យសម្តី និងសារតាមបណ្ដាញសង្គម Facebok រវាងតារាសិល្បៈល្បីឈ្មោះ២ដួង គឺអ្នកនាងម៉េង កែវពេជ្ជតា និងចន ច័ន្ទលក្ខិណា ដែលស្ងប់ស្ងាត់មួយរយៈទៅហើយនោះ ពេលនេះបានកក្រើកសារជាថ្មីឡើងវិញទៀតហើយ ដោយអ្នកទាំង២បានយកបណ្ដាញសង្គម វាយប្រហារគ្នានូវភាសាដៀមដាម ដែលធ្វើឲ្យមហាជនវាយតម្លៃទៅលើតារាល្បីទាំង២ថា មិនសមជាអ្នកសិល្បៈដែលល្បីឈ្មោះ និងត្រូវបានមហាជនគាំទ្រច្រើនឡើយ បើគិតតែពីឈ្លោះគ្នាមិចេះចប់បែបនេះ។ ប៉ុន្ដែយ៉ាងណា ចុងក្រោយនេះ អ្នកនាងម៉េង កែវពេជ្ជតា បានប្រកាន់ជំហរថា អ្នកនាងចង់ឲ្យអ្នកនាងចន ច័ន្ទលក្ខិណា ជួបនិយាយតទល់ផ្ទាល់ជាមួយអ្នកនាងក្នុងរឿងទំនាស់នេះតែម្ដង។

លោកជួងជី ហៅនាយកុយ

អ្នកសិល្បៈរួមអាជីពជាមួយតារាល្បីឈ្មោះទាំង២ថា នេះគឺជាសញ្ញាល្អមួយ ប្រសិនបើអ្នកនាងម៉េង កែវពេជ្ជតា និងចន ច័ន្ទលក្ខិណា អាចជួបមុខគ្នាដោយផ្ទាល់ ដើម្បីរកដំណោះស្រាយ គឺប្រសើរជាងយក Facebook ធ្វើជាទីតាំងដើម្បីហែកហួរគ្នាតទៅទៀតនោះ។

អ្នកស្រីឌី សាវ៉េត

លោកជួង ជី ហៅនាយកុយ ដែលជាតារាកំប្លែងជើងចាស់ និងត្រូវបានគេចាត់ទុកថា ជាវីរៈសិល្បករម្នាក់ដែរនោះ បាននិយាយដោយសំណូមពរផង និងអង្វរករផងថា កុំឲ្យតារាល្បីទាំង២ ឈ្លោះគ្នាតាម Facebook តទៅទៀត ហើយក្នុងនោះលោកក៏សំណូមពរឲ្យថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធអន្ដរាគមន៍ចំពោះរឿងរ៉ាងខាងលើនេះជាបន្ទាន់ផងដែរ។

ម៉េង កែវពេជ្ជតា

នាយកុយ បានប្រាប់ ”នគរធំ” តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ថា ”ខ្ញុំមិនយល់ទេថាម៉េចបានរឿងអីចឹងកើតឡើង? កាលណាយើងជាតារាល្បី ហើយឈ្លោះគ្នាតាម facebook គឺមហាជនឲ្យតម្លៃទាបណាស់ ព្រោះថាគេមើលឃើញគ្រប់ៗគ្នា ខុសពីចុះតាមកាសែត ដែលគេទិញបានឃើញ។ ខ្ញុំសូមឲ្យពួកគាត់ទាំង២ឈប់ទៅ ជួបគ្នាតទល់គ្នាដោយផ្ទាល់ ទើបល្អជាង ហើយខ្ញុំសុខចិត្តទៅចូលរួមធ្វើជាអ្នកសម្របសម្រួលក៏បានដែរឲ្យតែចប់រឿង។ កន្លងមក ខ្ញុំធ្វើជាអ្នកសម្របសម្រួលហ្នឹងច្រើនដងហើយ រឿងផ្សេងៗទៀតទាក់ទងតារាដែរ អីចឹងលើកនេះ បើគេត្រូវការខ្ញុំធ្វើជាអ្នកសម្របសម្រួល គឺខ្ញុំទៅទៀត។ ខ្ញុំមិនថាខាងណាខុស ខាងណាត្រូវទេ គឺសូមឲ្យទាំង២នាក់ យល់គ្នាជាអ្នកសិល្បៈដូចគ្នា កុំឈ្លោះគ្នាតាម Facebook អីចឹង។ ខ្ញុំក៏សូមសំណូមពរឲ្យថ្នាក់ដឹកនាំ មន្ដ្រីដែលពាក់ព័ន្ធ ក៏ត្រូវចូលខ្លួនមកសម្របសម្រួលលើរឿងនេះដែរ ព្រោះគាត់ជាម៉ែឪគេ អីចឹងពេលឃើញកូនៗឈ្លោះគ្នា ត្រូវតែហៅឲ្យមានការសម្របសម្រួល ដើម្បីឲ្យបានចប់រឿង”។

 

ក្រុមអ្នកលេងបណ្ដាញសង្គម Facebook បានឲ្យដឹងថា “ស្ទើរតែពេញក្នុង១រាត្រី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧តែម្ដង ដែលតារាល្បីទាំង២ អ្នកនាងចន ច័ន្ទលក្ខិណា និងអ្នកនាងម៉េង កែវពេជ្ជតា បានវាយប្រហារសារឆ្លងឆ្លើយគ្នាឥតល្ហែ ធ្វើឲ្យទំនាស់ពាក្យសំដីនេះកាន់តែរីកខ្លាំងទៅៗ រហូតតារាទាំង២លែងស្គាល់គ្នាថាជាអ្នករួមអាជីពតែមួយដូចគ្នាទៅហើយ ពោលគឺម្នាក់ៗប្រកាន់យកត្រូវនិងឈ្នះរៀងៗខ្លួនតែម្ដង ដែលក្នុងនោះថែមទាំងមានអ្នកគាំទ្រទាំងសងខាង បានកាន់ជើងតារារបស់ខ្លួនទៀតផង ដែលធ្វើឲ្យជម្លោះរុញកាន់តែធ្ងន់ធ្ងរទៅៗ ហើយគ្មានដំណោះស្រាយ។

តារាភាពយន្ដជើងចាស់ អ្នកស្រីឌី សាវ៉េត បានឲ្យដឹងថាអ្នកស្រីមិនដែលយក Facebook ធ្វើជាទីបង្ហាញអារម្មណ៍ដាក់គ្នា ឬបញ្ចេញកំហឹងឡើយ តែរឿងដល់ដំណាក់កាលនេះទៅហើយ គឺអ្នកស្រីមានតែសំណូមពរដោយទទូចថា សូមឲ្យភាគីទាំង២ជួបមុខគ្នាដោយផ្ទាល់ ដើម្បីរកដំណោះស្រាយឈានទៅរកការបញ្ចប់ជម្លោះដ៏ក្ដៅគគុកនេះ។

អ្នកស្រីឌី សាវ៉េត បញ្ជាក់ថា ”ក្នុងចំណោមតារាភាពយន្ដ ប្រហែលជាខ្ញុំអាយុច្រើនជាងគេ អីចឹងខ្ញុំសូមសំណូមពរឲ្យប្អូនទាំង២ ម៉េង កែវពេជ្ជតា ​និងចន ច័ន្ទលក្ខិណា ឈប់ទាស់គ្នាតាមណ្ដាញសង្គម ឲ្យមហាជនដឹងអស់អីចឹងទៀតទៅ។ បើមានបញ្ហាអី អន់ចិត្តគ្នារឿងអី កុំបញ្ចេញឲ្យអស់ពេក ត្រូវលាក់អារម្មណ៍ខ្លះ ទើបបាន ព្រោះសុទ្ធតែជាតារាល្បី។ ចំពោះខ្ញុំមួយ គឺខុសគេ ខ្ញុំមិនដែលខឹងអ្នកណាទៅនិយាយលើ Facebook ហ្នឹងទេ សូម្បីតែអារម្មណ៍ខ្លួនឯង ម៉េចក៏ខ្ញុំមិនដែលប្រាប់គេតាមហ្នឹងដែរ ចុះទម្រាំឈ្លោះគ្នានោះ តើបង្ហាញតាមហ្នឹងម៉េចទៅ? ខ្ញុំសូមគាំទ្រឲ្យប្អូនម៉េង កែវពេជ្ជតា និងចន ច័ន្ទលក្ខិណា ជួបគ្នាដោយផ្ទាល់ចុះ ទើបមានដំណោះស្រាយបាន តែភាគីទាំង២ ត្រូវតែមានសាក្សីម្ខាងម្នាក់ដែលជាសាច់ញាតិក៏បាន ស្វាមីក៏បាន ហើយត្រូវតែជាអាជ្ញាកណ្ដាលជួយសម្របសម្រួលកត់ត្រាទាំងសងខាង ដើម្បីរកឲ្យឃើញពីរឿងនេះ រួចហើយយើងនិយាយគ្នាទៅបានចប់រឿង។ ខ្ញុំនិយាយដោយស្មោះស គឺអត់ចង់ឃើញពួកគាត់មានរឿងអីចឹងទាល់តែសោះ ចង់ឃើញឲ្យតែសុខសប្បាយទាំងអស់គ្នា ហើយខ្ញុំជឿថា ក្រោយពួកគាត់ជួបគ្នាហើយ នឹងឈានទៅបញ្ចប់រឿងជាមិនខាន”៕​

អ្នកនាងចន ច័ន្ទលក្ខិណា

RELATED ARTICLES