Friday, March 29, 2024
Homeតារាខ្មែរសុឹម សូលិកា មិនហ៊ានរៀបការលើកទី២

សុឹម សូលិកា មិនហ៊ានរៀបការលើកទី២

អ្នកមេម៉ាយកូន១ ស៊ឹម សូលិកា ដែលសាងស្នេហ៍ថ្មីនៅក្បែរខ្លួនសង្សារចាស់នោះ មិនទាន់មានស្រមោលរៀបការលើកទី២ឡើយ បើទោះជាពេលនេះ នាងនិងលោកអេង រិទ្ធី កាន់តែស្អិតល្មួតខ្លាំងទៅៗក្តី។

ស៊ឹម សូលិកា នឹងអាចដើរជាន់ដានស្នេហ៍ចាស់ជាថ្មី ប្រសិនបើនាងបន្តសាងស្នេហ៍បែបអឺរ៉ុប មិនព្រមក្រាបផ្ទឹមតាមប្រពៃណីបែបនេះ ខណៈដែលមានព័ត៌មានថា លោកឧកញ៉ាវ័យចំណាស់ម្នាក់ នៅតែតាមស្នេហ៍តារាទ្រលុកទ្រលន់រូបនេះដដែល…។

ក្នុងចំណោមតារាស្រីស្អាតដែលធ្លាក់ខ្លួនមេម៉ាយ មានដូចជា ឌុច សុភា, កែវ ពេជ្រពិសី, កែវ និសា, សុខ សោម៉ាវត្តី, ឈួន សុវណ្ណឆៃ ជាដើមនោះ គឺមានតែស៊ឹម សូលិកា ម្នាក់ទេ ដែលទៅណាហ៊ានបណ្តើរគូស្នេហ៍ថ្មី លោកអេង រិទ្ធី ជាចំហយ៉ាងមានក្តីសុខ ព្រោះហាក់មិនឆក់កណ្តៀត ឬភ្នែកនៅកញ្ចឹងកដូចតារាដទៃទៀតឡើយ ទើបធ្វើឱ្យទាំងមហាជន និងអ្នកសិល្បៈមួយចំនួនយល់ថា ដោយសារបេះដូងពួកគេស្មោះស្ម័គ្រទៅវិញទៅមក ដោយការស្រលាញ់ពេញបេះដូងដូចគ្នា ទើបអាចបណ្តើរគ្នាដូចលលកញីឈ្មោលគ្រប់ជំហានបែបនេះបាន។ ប៉ុន្តែចំណងស្នេហ៍ទី៣ របស់ស៊ឹម សូលិកា នេះហាក់នៅតែមិនទាន់ច្បាស់លាស់១០០% ទេ ព្រោះថា អ្នកមេម៉ាយដ៏ស្រស់ស្អាតទ្រលុកទ្រលន់រូបនេះ នៅតែគ្មានដំណឹងរៀបការជាមួយម្ចាស់ចិត្តថ្មី លោករិទ្ធី ឡើយ បើទោះបីជាមុននេះមានដំណឹងថា ក្រុមគ្រួសារសូលិកា ពេញចិត្តលោករិទ្ធី ខ្លាំង ហើយសូម្បីតែកូនស្រីសូលិកា ឈ្មោះស្រីណុច ដែលពេញវ័យក្រមុំទៅហើយនោះ ក៏ចង់ឱ្យម្តាយរបស់គេរៀបការជាមួយលោករិទ្ធី ឆាប់ៗក្តី តែរហូតមកដល់ពេលនេះ គេមិនទាន់លេចឮថា សូលិកា នឹងចង់ដឹកដៃលោករិទ្ធី ចូលរោងការជាក់លាក់ឡើយ សូម្បីតែពេលអ្នកសារព័ត៌មានសួររឿងស្នេហ៍ដ៏រសើបនេះ ក៏ត្រូវបានអ្នកមេម៉ាយរូបនេះ ព្រមានថា បើចង់ដឹងរឿងស្នេហានេះ គឺនាងមិនផ្តល់បទសម្ភាសន៍ឡើយ។

ស៊ឹម សូលិកា បានលែងលះប្តី លោកវីរៈ បន្ទាប់ពីទទួលបានចំណងដៃកូនស្រី១ម្នាក់ ដ៏ស្រស់ស្អាត ហើយនាងទៅភ្ជាប់ស្នេហ៍ទី២ ជាមួយអតីតអគ្គនាយករងទូរទស្សន៍បាយ័ន លោកទិត ថាវរិទ្ធ រយៈពេលជាង៥ឆ្នាំ ទើបចែកផ្លូវគ្នាកណ្តាលផ្លូវ ដែលធ្វើឱ្យសូលិកា ឈឺចាប់ខ្លាំង ព្រោះក្រុមគ្រួសារលោកថាវរិទ្ធ មិនព្រមទទួលស្គាល់រូបនាងជាដាច់ខាត។ យ៉ាងណា ដើម្បីឱ្យអតីតគូស្នេហ៍បានភ្លឺភ្លែកនោះ អ្នកមេម៉ាយរូបនេះ បានលេងមួយក្បាច់ គឺសាងស្នេហ៍ថ្មីជាមួយលោកអេង រិទ្ធី ដែលជាអតីតកូនចៅលោកថាវរិទ្ធ តែម្តង ដែលរឿងស្នេហាដ៏ចម្រូងចម្រាសនេះ ត្រូវបានអ្នកសិល្បៈជាច្រើននិយាយថា សូលិកា ធ្វើឱ្យលោកថាវរិទ្ធ ឈឺចាប់រាប់សិបដងឯណោះ ព្រោះតែនៅពេលដែលសូលិកា បណ្តើរលោករិទ្ធី ចូលញ៉ាំការមិត្តភក្តិដែលមានលោកថាវរិទ្ធ អង្គុយនៅតុជាមួយគ្នានោះ គឺមានតែលោកថាវរិទ្ធ ត្រូវបង្ខំចិត្តដើរចេញពីតុកម្មវិធីម្នាក់ឯងតែប៉ុណ្ណោះ។

ប្រភពបានឱ្យដឹងថា ដោយសារក្តៅក្រហាយ និងសូលិកា បញ្ឈឺលោកស្រស់ៗបែបនេះ ទើបពេលនេះ លោកថាវរិទ្ធ បានបញ្ចញឥទ្ធិពលសាជាថ្មីនៅបាយ័ន ដោយអ្នកណាប្រឆាំងនឹងលោកបានខ្ទាតចេញជាបន្តបន្ទាប់ទៀតផង តែការបញ្ចោញសាច់ដុំសាជាថ្មីនេះ គឺហាក់ដូចជាមិនធ្វើឱ្យសូលិកា ខ្លាចអំណាចអតីតគូស្នេហ៍ឡើយ។

អ្នកសិល្បៈមួយចំនួន ដែលបម្រើការនៅប៉ុស្តិ៍បាយ័ន បានឱ្យដឹងថា ការបញ្ចោញឥទ្ធិពលសាជាថ្មីរបស់អតីតសង្សារសូលិកា គឺលោកថាវរិទ្ធ នៅពេលនេះ ត្រូវបានអ្នករួមអាជីពជាមួយសូលិកា យល់ថា លោកថាវរិទ្ធ មានចេតនាចង់ដណ្តើមសូលិកា ពីលោករិទ្ធី វិញ ព្រោះថា ទោះជាបានបែកបាក់គ្នាជាង២ឆ្នាំក្តី តែពេលនេះ អតីតអគ្គនាយករងប៉ុស្តិ៍បាយ័ន រូបនេះនៅតែមិនដាច់អាល័យពីសូលិកា ឡើយ តែសូលិកា ហាក់មិនចាប់អារម្មណ៍ ហើយនាងនិយាយប្រាប់មិត្តភក្តិថា ដើរទៅមុខហើយ គឺនឹងមិនដើរថយក្រោយវិញជាដាច់ខាត មានន័យថា នាងមិនព្រមផ្សះផ្សាស្នេហ៍ចាស់ឡើងវិញទេ។

ស៊ឹម សូលិកា អំឡុងពេលដែលផ្អែមល្ហែមស្នេហ៍ថ្មីជាមួយលោកអេង រិទ្ធី នេះ នាងបានវិលត្រឡប់មកថតភាពយន្តឡើងវិញ ដែលគេឃើញសមត្ថភាពរបស់នាងនៅតែខ្លាំងតាមរយៈរឿង “ទឹកចិត្តម្តាយសម័យថ្មី” របស់ផលិតកម្មថោន តែនាងមិនថតឱ្យហង្សមាស ឡើយ បើទោះបីជាមានការទាក់ទងជាច្រើនលើកច្រើនសាក្តី ព្រោះតែពិធីការិនីប៉ុស្តិ៍បាយ័ន រូបនេះថា គ្មានពេលគ្រប់គ្រាន់ឡើយ។

ប្រភពបានឱ្យដឹងថា សូលិកា ហាក់ដូចជាមានសិទ្ធិសេរីភាពពេញលេញតែម្តង នៅពេលដែលផ្តាច់ស្នេហ៍ចាស់ មកផ្សារភ្ជាប់ស្នេហ៍ថ្មីនេះ ព្រោះលោករិទ្ធី មិនបានហួងហែង ឬប្រចណ្ឌនាងដូចលោកថាវរិទ្ធ ឡើយ ហេតុនេះហើយ បានជាគេឃើញអ្នកមេម៉ាយរូបស្រស់នេះ ហាក់ស្រស់ថ្លាឡើងវិញច្រើន ព្រមទាំងរួសរាយជាមួយអ្នករួមអាជីពជាងមុនទៀតផង។

អ្នកសិល្បៈដែលជិតដិតសូលិកា បានសរសើរពិធីការិនីបាយ័ន រូបនេះថា ពិតជាកម្ររកបានមែន ព្រោះតែអំឡុងពេលដែលនាងចែកផ្លូវជាមួយលោកទិត ថាវរិទ្ធ នេះ សូលិកា មានមន្ត្រីធំៗមានអំណាចមិនតិចនាក់ឡើយ បានតាមត្រងស្នេហ៍ពីនាង ជាពិសេស គឺលោកឧកញ៉ាម្នាក់ ដែលមានវ័យ៥០ប្លាយនោះ ដែលធ្លាប់តាមស្នេហ៍សូលិកា តាំងពីលែងប្តីភ្លាមនោះ ពេលនេះ គឺលោកឧកញ៉ាដែលធ្លាប់ល្បីថា មានស្នេហាជាមួយតារាចម្រៀងម្នាក់ដែរនោះ គឺពេលនេះ លោកនៅតែតាមស្រលាញ់សូលិកា ដូចមុនដដែល។

ប្រភពដដែលបានឱ្យដឹងបន្តថា ប្រសិនបើសូលិកា ចង់បានតំណែងជំទាវ រស់នៅលើគំនរទ្រព្យនោះ គឺនឹងបានភ្លាម ឱ្យតែនាងព្រមទទួលស្នេហ៍មន្ត្រីធំ តែសូលិកា មិនចង់បានស្នេហាបែបឆក់កណ្តៀតនេះ ទើបនាងចោលងារជំទាវ ហើយមកភ្ជាប់ស្នេហ៍ជាមួយលោកអេង រិទ្ធី ដែលធ្វើឱ្យប្រុសៗមានទ្រព្យភ្ញាក់ផ្អើលគ្រប់គ្នា។

ទោះជាយ៉ាងណា ជុំវិញព័ត៌មានខាងលើនេះ មិនអាចទាក់ទងសុំយោបល់ពីពិធីការិនីល្បីឈ្មោះស៊ឹម សូលិកា បានទេ កាលពីពេលថ្មីៗនេះ៕

RELATED ARTICLES