Friday, April 26, 2024
Homeតារាខ្មែរសួស វីសា លាក់ស្នេហ៍ប្រុសក្មេង

សួស វីសា លាក់ស្នេហ៍ប្រុសក្មេង

សួស វីសា ពេលនេះកំពុងល្បីខ្លាំងរឿងស្នេហាជាមួយប្រុសក្មេង លោកថមមី ដែលចំណងស្នេហ៍ស្អិតល្មួតនេះ អាចនឹងឈានដល់ចូលរោងការទៀតផង ខណៈដែលអតីតគូដណ្តឹង លោកមាស សាឡី បានការប្រពន្ធស្ងាត់ៗបាត់ទៅហើយ…។

រឿងស្នេហាតារាចម្រៀងផលិតកម្មរស្មីហង្សមាស សួស វីហ្សា និងប្រុសក្មេង ថមមី កំពុងល្បីសុសសាយពេញក្នុងចង្កោមអ្នកសិល្បៈ ដោយមានការលើកឡើងថា សួស វីសា ពិតជាស្នេហាតែប្រុសក្មេងដែលមានរូបសង្ហាទេ បើប្រុសចាស់ៗ ទោះជាមានទ្រព្យយ៉ាងណា ក៏នាងមិនបេតីដែរ។

 

រូបថតប្រុសក្មេងថមមី គេងកើយភ្លៅស្រីស្រស់ សួស វីសា យ៉ាងមានសេចក្តីសុខក្នុងខ្ទមស្នេហ៍នោះ ទទួលបានការចាប់អារម្មណ៍ច្រើន ហើយច្បាស់ណាស់ថា វាប្រាកដជាធ្វើឱ្យអតីតសង្សារ លោកមាស សាឡី នឹកឃើញកាលគ្រាផ្អែមល្ហែមជាមួយលោកនាពេលកន្លងមក ដែលនៅពេលនេះ គឺនៅសល់តែស្រមោលប៉ុណ្ណោះ ព្រោះវីសា មានម្ចាស់ចិត្តថ្មីទៀតហើយ។ ប៉ុន្តែ នៅក្នុងជំនួបជាមួយសួស វីសា ហើយនៅពេលដែលត្រូវឱ្យតារាចម្រៀងរូបនេះ និយាយបញ្ជាក់លំអិតពីទំនាក់ទំនងស្នេហ៍ជាមួយប្រុសក្មេងថមមី នោះ បែរជាវីសា ថ្លែងទាំងរដាក់រដុប ដោយម្តងថា ជាការពិត ម្តងថាជាការសម្តែងទៅវិញ។

ក្នុងជំនួបផ្ទាល់ជាមួយសួស វីសា កាលពីថ្ងៃទី17 ខែធ្នូ ឆ្នាំ2017 តារាចម្រៀងរូបនេះ និយាយដោយមានការប្រុងប្រយ័ត្នថា “អូ! រឿងហ្នឹងជាការពិតមែនតើបង! ខ្ញុំដូចជាមិនចង់បកស្រាយអីទៀតទេ! ខ្ញុំបាននិយាយអស់ហើយតើបង រឿងហ្នឹង! ចំណែករូបថតនោះ ខ្ញុំគ្រាន់តែថតលេងជាការសម្តែងទេ! (សើច)។

សួស វីសា ហាក់មិនចង់លាតត្រដាងឱ្យបានច្បាស់លាស់រឿងនាងមានស្នេហាជាមួយប្រុសក្មេងថមមី នោះឡើយ ហើយនៅពេលដែលអ្នកយកព័ត៌មានយើងសួរថា តើនាងមានគម្រោងរៀបការជាមួយលោកថមមី ដែរឬអត់? ដោយតារាចម្រៀងសំនៀងផ្អែមរូបនេះ បាននិយាយបែបស្ទាក់ស្ទើរថា នាងមិនទាន់គិតដល់ទៅវិញ។

ការធ្លាយរឿងសួស វីសា បង្កាត់ភ្លើងស្នេហាជាមួយប្រុសក្មេងថមមី នេះ នាំឱ្យមហាជនជាច្រើនចាប់អារម្មណ៍នៅពេលនេះ គឺកើតឡើងបន្ទាប់ពីមុននេះ វីសា ភ័យបះសក់ច្រូងនៅពេលដែលត្រូវអាណិកជនខ្មែរ នៅអាមេរិក ម្នាក់ បានចោទអ្នកចម្រៀងរូបនេះថា មានស្នេហាជាមួយលោកនាយករដ្ឋមន្ត្រី តែវីសា ច្រានចោល ហើយព្រមានប្តឹងអ្នកបង្កាច់បង្ខូចនាងទៀតផង ទើបធ្វើឱ្យរឿងនេះបានស្ងប់ស្ងាត់ទៅវិញ។ ដោយឡែកការធ្លាយរឿងសួស វីសា ស្អិតល្មួតជាមួយប្រុសក្មេងថមមី នៅពេលនេះ ក្រោយពេលដែលអតីតគូដណ្តឹងរបស់នាង លោកមាស សាឡី បានរៀបការជាមួយប្រពន្ធថ្មីចោលវីហ្សា បាត់ទៅហើយ ក្រោយពេលដែលបែកបាក់គ្នាដោយភាពចម្រូងចម្រាស កាលពីឆ្នាំ2010 នោះ ហើយពេលនេះ លោកសាឡី មិនចង់និយាយអ្វីច្រើនទាក់ទងទៅវីសា ទៀតឡើយ ដោយអះអាងថា ខ្លាចប្រពន្ធលោកប្រចណ្ឌសង្សារចាស់។

សួស វីហ្សា ជាតារាចម្រៀងដែលមានសមត្ថភាពម្នាក់ ដែលធ្លាប់លើកពានលេខ1 ក្នុងកម្មវិធីប្រលងចម្រៀង “The Rock Star” របស់ទូរទស្សន៍ CTN ហើយក្រោយពេលដែលផលិតកម្ម Rock បិទទ្វារនោះ វីសា បានស្ពាយបង្វេចចូលហង្សមាស ហើយតារាចម្រៀងដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង រូបនេះមានសង្ឃឹមយ៉ាងមុតមាំថា នាងនឹងបានតំណែងលេខ2 នៅទ្រនំធំនេះ បន្ទាប់ពីឱក សុគន្ធកញ្ញា ជាមិនខាន ព្រោះថា នាងនិងសុគន្ធកញ្ញា មានចំណុចដូចគ្នាច្រើន។ ប៉ុន្តែ ជ្រកកោននៅហង្សមាស ជាង6ឆ្នាំនេះ សួស វីសា មិនអាចធ្វើព្យុះភ្លៀងបានឡើយ គឺកុំថាឡើយអាចប្រជែងជាមួយឱក សុគន្ធកញ្ញា បាន សូម្បីតែចង់ឈ្នះជាមួយពេជ្រ សោភា ក៏មិនអាចទៅរួចដែរ ទើបធ្វើឱ្យវីហ្សា​ នៅត្រឹមទ្រឹងប៉ុណ្ណោះ ព្រោះបទចម្រៀងនាងនៅលើទីផ្សារហាក់មានកម្រិតនៅឡើយ។ ប៉ុន្តែ យ៉ាងណា ហង្សមាស ក៏មិនផ្អឹបអតីតអ្នកចម្រៀងផលិតកម្ម Rock រូបនេះ ចោលមួយកន្លែងដែរ គឺថែមទាំងរុញសួស វីសា ឱ្យថតភាពយន្តថែមទៀតផង តាមរយៈការដឹកដៃថែល ថៃ សម្តែងរឿង “រាជបុត្រកង្កែប” ដែលជាតួរង វី ឌីណែត និងនី រតនា។

សួស វីសា ថ្លែងថា ពេលនេះ ការងារសិល្បៈរបស់នាងមានភាពមមាញឹកគ្រប់ច្រកទាំងអស់ ហើយមុនឆ្លងឆ្នាំសកល ឆ្នាំ2017 ចូលឆ្នាំ2018នេះ នាងរវល់សឹងគ្រប់ថ្ងៃ រកតែពេលសម្រាកមិនបានឡើយ ខណៈតម្លៃខ្លួននាងច្រៀងកម្មវិធីប្រគំតន្ត្រីធំៗ គឺឡើងលើសពីឆ្នាំមុនបន្តិច ព្រោះថា ការចំណាយទៅលើក្រុមរាំកាន់តែច្រើន។

សួស វីសា ជ្រកនៅហង្សមាស ល្បីបទ “ទោះបងចិត្តអាក្រក់ ក៏អូននៅតែស្រលាញ់”, “តែបៃតង រសជាតិទឹកភ្នែក”, “វាសនាបុប្ផាស្វាយរៀង” និងបទទើបចេញចុងក្រោយមានដូចជាបទ “អ្នកមិនមែនខ្ញុំ ម្តេចនឹងយល់?”, “កំដរខ្ញុំបន្តិចបានទេ?” ជាដើម។ តាមព័ត៌មានពីអ្នករៀបចំកម្មវិធីប្រគំតន្ត្រី បានឱ្យដឹងថា នៅចុងឆ្នាំ2017 នេះ សួស វីសា បានដំឡើងតម្លៃខ្លួនច្រៀង1កម្មវិធី ស៊ីថ្លៃជាង2ពាន់ដុល្លារឯណោះ ហើយស្ទើរគ្រប់ឆាកទាំងអស់ គេឃើញប្រុសក្មេងថមមី ដែលជាបណ្តូលចិត្តថ្មីរបស់នាង តាមការពារស្រីស្រស់ជានិច្ច ដែលសកម្មភាពបែបនេះ គឺមិនខុសពីលោកមាស សាឡី ពីមុនឡើយ។

មហាជនបានលើកឡើងថា សួស វីសា នៅតែជាតួរងរបស់ហង្សមាស ទោះជាសមត្ថភាពនាងខ្លាំងយ៉ាងណាក៏ដោយ ព្រោះថា នៅទ្រនំធំនេះ ឱក សុគន្ធកញ្ញា ដែលបែកធ្លាយរឿងមានស្នេហាជាមួយលោកអ៊ឹង សុខលី ប្អូនលោកអ៊ឹង ឆៃងួន ថៅកែផលិតកម្មហង្សមាស នោះ ពេលនេះ សុគន្ធកញ្ញា កាន់តែមានអំណាចខ្លាំងជាងគេនៅហង្សមាស ដែលនឹងធ្វើឱ្យវីសា កាន់តែពិបាកដណ្តើមភាពលេចធ្លោលើសសុគន្ធកញ្ញា បាន៕

RELATED ARTICLES