Saturday, April 20, 2024
Homeតារាខ្មែរសុីន យូប៊ីន មានបុរសចូលស្តីដណ្តឹងដល់ស្រុកកំណើត

សុីន យូប៊ីន មានបុរសចូលស្តីដណ្តឹងដល់ស្រុកកំណើត

តារាភាពយន្តរូបស្រស់កញ្ញាស៊ិន យូប៊ីន ទើបតែទទួលបានពានជាតារាសម្តែងស្រីឆ្នើមប្រចាំឆ្នាំ២០១៧ ក្តៅៗ នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តថ្នាក់ជាតិ លើកទី៥ ខណៈដែលនាងបង្ហើបថា មួយរយៈចុងក្រោយនេះ មានបុរសៗជាច្រើនតាមថ្ពក់ស្នេហ៍ និងមានទាំងអ្នកចូលស្តីដណ្តឹងទៀតផង…។

នាពេលចុងក្រោយនេះ អតីត Freshie girl លេខ១ ប្រចាំឆ្នាំ២០១៣ កញ្ញាស៊ិន យូប៊ីន ហៅស្រីដែន ហាក់លេចធ្លោខ្លាំងនៅក្នុងសង្គមសិល្បៈ បន្ទាប់ពីទទួលបានពានជាតារាសម្តែងស្រីឆ្នើមនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តថ្នាក់ជាតិ លើកទី៥ គួរឱ្យភ្ញាក់ផ្អើល។ ការប្រឡូកសិល្បៈរយៈពេល៥ឆ្នាំ កន្លងមកនេះ យូប៊ីន ថតភាពយន្តបាន១៥រឿងមកហើយ ហើយភាពយន្តដែលជួយឱ្យនាងកាន់តែមានទីផ្សារលេចធ្លោខ្លាំង មានដូចជារឿង “និស្ស័យស្នេហ៍ខ្ញុំ”, “ចិត្តស្អប់បង្កប់ស្នេហ៍”, “ម្តាយក្មេករើសកូនប្រសា” និងភាពយន្តចុងក្រោយនេះ រឿង “តម្លៃស្នេហ៍” ដែលទើបទទួលបបានពានក្តៅៗ បានធ្វើឱ្យនាងឡើងកូដមួយកម្រិតថែមទៀតស្ទើរមិនគួរឱ្យជឿ។

ស្រីស្អាតយូប៊ីន បានថ្លែងឱ្យដឹងថា នាងខ្លួនឯងក៏មិននឹកស្មានថា បានទទួលបានពានជាតារាសម្តែងឆ្នើមប្រចាំឆ្នាំនេះដែរ ខណៈដែលមានភាពយន្តជាច្រើនចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នោះ គឺនាងពិតជាមានមោទនភាពយ៉ាងក្រៃលែងនៅពេលទទួលបានពានដ៏អស្ចារ្យមួយនេះ។

យូប៊ីន បានបង្ហើបឱ្យដឹងថា កាលនាងប្រឡង Freshie Girl ឆ្នាំ២០១៣ នាងទទួលបានពានរហូតដល់៧តែម្នាក់ឯង ដូចជាពានហ្វ្រេសស៊ីលេខ១ ពានស្នាមញញឹមស្អាត ពានសំឡេងពីរោះ ពានស្លៀកពាក់ស្អាត ពានថតរូបស្អាត និងពាន២ទៀត ផ្នែកមានរូបសម្រស់ស្រស់ស្អាតជាងគេ ដែលប្រគល់ដោយក្រុមហ៊ុនធំ២ផ្សេងទៀតជាដើម។ ដូច្នេះគិតត្រឹមឆ្នាំ២០១៧ នេះ នាងទទួលពានចំនួន៨ហើយ រួមទាំងពានជាតារាសម្តែងឆ្នើម។

យូប៊ីន បានទទួលស្គាល់ថា ក្រោយពេលបោះជំហានចូលប្រឡូកនៅក្នុងវិស័យសិល្បៈ ហើយប្រជាប្រិយភាពកាន់តែស្ទុះឡើង ពិតជាមានបុរសៗចម្រុះឋានៈជាច្រើន មានទាំងជនជាតិបរទេសផង បានតាមថ្ពក់ស្នេហ៍នាង។ មិនត្រឹមតែប៉ុណ្ណោះ មានទាំងអ្នកចូលស្តីដណ្តឹងនាងដល់ស្រុកកំណើតនៅឯស្រុកកោះធំ ខេត្តកណ្តាល ទៀតផង។

យូប៊ីន បន្តថា បុរសខ្លះបានចូលស្តីដណ្តឹងនាងទាំងនាងមិនធ្លាប់ស្គាល់ផង។ មកទល់ពេលនេះ នាងមិនទាន់ទទួលយកបុរសណាម្នាក់ជាដៃគូស្នេហានៅឡើយទេ។

តារាសម្បូរប្រុសចោមស្នេហ៍រូបនេះ បានឱ្យដឹងថា ឪពុកនាងជាមេប៉ុស្តិ៍ប្រចាំនៅព្រំដែនស្រុកកោះធំ ហើយម្តាយជាអ្នកជំនួញ ប៉ុន្តែ អ្នកមានគុណរបស់នាងមិនបង្ខំនាងលើការសម្រេចចិត្តជ្រើសរើសគូស្រករនោះទេ ហើយសម្រាប់បុរសដែលអាចក្លាយជាដៃគូជីវិតរបស់នាង គឺមិនផ្តោតលើអ្នកមានទ្រព្យស្តុកស្តម្ភនោះទេ សំខាន់ឱ្យតែនាងពេញចិត្ត ហើយបុរសនោះស្រលាញ់នាងពិតប្រាកដទៅគ្រប់គ្រាន់ហើយ ខណៈដែលឪពុកម្តាយរបស់នាងក៏មិនសម្លឹងឃើញទ្រព្យជាធំ។

បើទោះបីមានបុរសៗជាច្រើនកំពុងតាមថ្ពក់ស្នេហ៍ តែយូប៊ីន អះអាងថា ក្នុងដំណាក់កាលនេះ នាងមិនទាន់សម្រេចចិត្តប្រគល់បេះដូងឱ្យបុរសណាម្នាក់ទេ ព្រោះនាងផ្តោតលើអាជីពសិល្បៈជាធំ ដោយចង់ពង្រឹងប្រជាប្រិយភាពឱ្យកាន់តែលេចធ្លោជាងនេះសិន។

តាមប្រភពថា ចាប់តាំងពីយូប៊ីន ឡើងកូដលេចធ្លោនៅក្នុងសង្គមសិល្បៈ ក៏មានបុរសៗទ្រព្យស្តុកជាច្រើន ទាំងអ្នកជំនួញ និងមន្ត្រីធំផង ក៏តាមបោះនុយធំថ្ពក់ស្នេហ៍នាងដែរ ហើយបើនាងព្រមបើកបេះដូងនោះ នឹងក្លាយជាជំទាវទៀតផង។

យ៉ាងណា យូប៊ីន បានទទួលស្គាល់ថា ពិតជាមានបុរសខ្លះចង់ជ្រោមជ្រែងនាងមែន ប៉ុន្តែនាងមានគោលជំហរមិនយកស្នេហាទៅប្តូរនឹងភាពហ៊ឺហានោះទេ ពោលគឺ នាងចង់បានស្នេហ៍មួយដែលពិតប្រាកដ ដោយមិនផ្តោតលើរឿងទ្រព្យជាធំនោះទេ។

ទស្សនិកជនកំពុងរង់ចាំមើលថា តើស្រីស្អាតយូប៊ីន នឹងជ្រើសរើសបុរសបែបណាជាដៃគូជីវិត ខណៈដែលមួយរយៈចុងក្រោយនេះ នាងបង្ហាញភាពស្និទ្ធស្នាលជាមួយបុរសសង្ហា ខាត់ វ៉ៃហាំង ប៉ុន្តែនាងអះអាងថា ទំនាក់ទំនងត្រឹមជាមិត្តភក្តិតែប៉ុណ្ណោះ៕

RELATED ARTICLES