អ៊ុង នីនិច~ស៊ឹម ស៊ីណាត ទៅច្រៀងរៃអង្គាសប្រាក់នៅថៃ ជួយស្រ្ដីមានផ្ទៃពោះ

ពិតជាគួរឲ្យសរសើរនៅយប់ថ្ងៃទី៣ មករា នេះតារាចម្រៀងច្រើនរូបក្នុងនោះមានទាំងកញ្ញាអ៊ុង នីនិច និងលោកស៊ឹម ស៊ីណាត នឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់ខេត្តនគររាជសីមា នៅក្នុងប្រទេសថៃ ដើម្បីទៅច្រៀងក្នុងកម្មវិធីសប្បុរសធំមួយនៅលើទឹកដីនោះ ក្នុងបំណងរៃអង្គាសថវិកាជួយដល់ស្រ្តីមានផ្ទៃពោះ និងក្មេងៗទុរគតដែលប្រឈមនៅការខ្វះខាតនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងបេសកកម្មផ្នែកសប្បុរសធម៌ជាទ្រង់ទ្រាយធំនេះ មានតារាចម្រៀង២រូប គឺកញ្ញា អ៊ុង នីនិច និងលោក ស៊ឹម ស៊ីណា ដែលត្រូវគេស្គាល់ថាជាសមាជិកសកម្មរបស់ក្រុមសប្បុរសធម៌«គ្រួសារតារាកម្ពុជា» ក៏ត្រូវបានគេជ្រើសអោយចេញច្រៀងនៅក្នុងវេទិកានេះផងដែរ។

កញ្ញា អ៊ុង និនិច ដែលត្រូវគេស្គាល់ជាមន្ត្រីពេញសិទ្ធិរបស់ក្រសួងព័ត៌មានផង និងជាតារាចម្រៀងយុវវ័យដែលកំពុងឡើងកូដផងបានថ្លែងឲ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំដោយអង្គការ«ខ្ញុំខ្មែរ»ដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្រ្តាលី និងកម្ពុជា ដោយកម្មវិធីច្រៀងរាំគឺមានរយៈពេលដែលមួយលើកប៉ុណ្ណោះក្នុងខេត្តនគររាជសីម៉ាប្រទេសថៃ តែមានរយៈពេលនៅក្នុងប្រទេសថៃ៤ថ្ងៃពេញ។ កញ្ញាថា នេះជាមោទនភាពដែលកញ្ញាត្រូវបានជ្រើសរើសដោយគ្រួសារតារាកម្ពុជា បន្ទាប់ពីកញ្ញាចូលរួមស្ម័គ្រចិត្ត ក្នុងពេលដែល«គ្រួសារតារាកម្ពុជា»មិនត្រឹមតែមានបេសកកម្មរំលេចកម្មវិធីជួយសង្គមនៅក្នុងស្រុកយ៉ាងជោគជ័យនាពេលកន្លងមកប៉ុណ្ណោះទេ តែកំពុងបោះជំហានធ្វើសកម្មភាពសប្បុរសធម៌នៅក្រៅប្រទេសជាបណ្ដើរៗផងដែរ។ កញ្ញាបញ្ជាក់ថានឹងត្រៀមបទញាក់ និងបទOriginal Song ជាច្រើននៅក្នុងកម្មវិធីនេះ ដោយនាងរំពឹងថានាង និងតារាចម្រៀងខ្មែរផ្សេងទៀត នឹងបើកវេទិកានៅថ្ងៃទី៦ មករា ដោយមុនពិធីនោះ ក៏មានការរៀបចំពិធីជួបជុំក្រុមកម្មករ ធ្វើបុណ្យ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃរួមគ្នាផងដែរ។

ដោយឡែកលោក ស៊ឹម ស៊ីណាត តារាចម្រៀងប្រចាំក្រុមចម្រៀងអ្នកនាងខាត់ សុឃីម និងលោកជេកម្ចាស់បទ«សេដ្ឋីស្រុកស្រែ» ដែលត្រូវបានជ្រើសអោយចេញច្រៀងនៅក្នុងកម្មវិធីនេះដែរ បានអះអាងថា ជាលើកទី១ ដែលលោកត្រូវបានជ្រើសអោយចេញច្រៀងជាលក្ខណៈសប្បុរសធម៌នៅដល់ក្រៅប្រទេសបែបនេះ។ យ៉ាងណាមិញ លោកថាសម្រាប់ការងារសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជា លោកបានចូលរួមយ៉ាងសកម្មរួចមកហើយ ជាពិសេសក្នុងកម្មវិធីសប្បុរសធម៌ ដែលរៀបចំដោយគ្រួសារតារាកម្ពុជា។ លោកថា បើទោះបីមិនសូវមានឱកាសបានឡើងឆាកទូរទស្សន៍ប៉ុន្តែសម្រាប់កម្មវិធីសប្បុរសធម៌ គឺលោកមិនដែលបាត់មុខនោះទេ ដើម្បីបានរួមចំណែកក្នុងកិច្ចការសង្គម ជាពិសេសការច្រៀងរាំដើម្បីរ៉ៃអង្គាសថវិកាជួយដល់ស្រ្តីក្រីក្រ និងក្មេងទុរគតដូចដែលលោកបានចេញទៅច្រៀងនៅក្នុងប្រទេសថៃនាពេលនេះ។ លោកថាខ្លួននឹងចាកចេញពីប្រទេសកម្ពុជាក្រោយគេនៅយប់ថ្ងៃទី៤ មករា ហើយក្រោយបញ្ចប់ការសម្ដែងនៅខេត្តនគររាជសីមា គឺលោកចុះមកផ្ទះភ្លាមៗ ដោយសារតែមានការងារសិល្បៈច្រើនទៀតដែលជាប់កុងត្រា។

ចំពោះលោក Aten ជានិច្ច ប្រធានអង្គការ«ខ្ញុំខ្មែរ»ជាអ្នករៀបចំកម្មវិធីបានអះអាងថា ស្ទើរមួយឆ្នាំពី៤ប្រាំដង លោកបានរៀបចំកម្មវិធីសប្បុរសធម៌ជាទ្រង់ទ្រាយធំបែបនេះ នៅក្នុងប្រទេសថៃ អូស្រ្តាលី និងកូរ៉េជាដើមមិនសូវស្ងាត់សកម្មភាពនោះទេ ដោយគ្រាន់តែកម្មវិធីនៅក្រៅប្រទេសលើកនេះ គឺលើកទី១ដែលលោកបានចាប់ដៃជាមួយ«គ្រួសារតារាកម្ពុជា»ក្នុងការរៀបចំ។ លោកថាតារាដែលត្រូវបានអញ្ជើញពីប្រទេសកម្ពុជាភាគច្រើនជាតារា Original Song មកពីផលិតកម្ម C2go និង មកពីផលិតកម្ម E Nation Production ដោយក្រោយពីបញ្ចប់ការងារសប្បុរសធម៌នៅក្នុងប្រទេសថៃនេះទៅ គឺលោកនឹងដឹកនាំតារាសិល្បៈចេញទៅច្រៀងក្នុងសកម្មភាពបែបនេះដូចគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសអូស្រ្តាលី។

លោកជានិច្ច បញ្ជាក់ថា លោកមានគម្រោងចាប់ដៃជាមួយតារាសិល្បៈមកពី«គ្រួសារតារាកម្ពុជា»ក្នុងសកម្មភាពបែបនេះអោយកាន់តែខ្លាំង បន្ទាប់ពីកត់សម្គាល់ឃើញថាក្រុមសប្បុរសធម៌មួយនេះ មានឆន្ទៈជួយសង្គមដោយគ្មានគិតពីប្រយោជន៍ផ្ទាល់ខ្លួនដូចគ្នានឹងក្រុមរបស់លោក។ សម្រាប់កម្មវិធីសប្បុរសធម៌ដែលលោករៀបចំនៅក្នុងប្រទេសថៃនេះវិញលោកថា លោកថានឹងត្រូវធ្វើឡើងនៅក្នុងតំបន់រោងចក្រធំមួយនៅក្នុងខេត្តនគររាជសីមា ដើម្បីអោយបងប្អូនខ្មែរជាកម្មករបម្រើការនៅក្នុងប្រទេសថៃបានរាំសប្បាយផង និងបានរួមចំណែកជាថវិកាមកតម្កល់ទុកជួយដល់ក្មេងៗទុរគត និងស្រ្តីមានផ្ទៃពោះដែលមានការខ្វះខាតនៅក្នុងប្រទេសកម្ពុជា។ លោករំពឹងថាកម្មវិធីនេះនឹងជោគជ័យជាងរាល់ឆ្នាំ ដោយសារតែការប្រគំតន្ត្រីមានការរៀបចំចំពេលដើមឆ្នាំ ដែលមិនខុសពីជួបជុំគ្នាដើម្បីរាំលេង និងដើម្បីចំណងមិត្តភាពរបស់ជនជាតិខ្មែរក្នុងស្រុក និងខ្មែរដែលចេញទៅបម្រើការនៅក្នុងប្រទេសថៃ៕