ជាតិ សុច្ចកា បដិសេធបុរសទ្រព្យស្តុកឧបត្ថម្ភ

បន្ទាប់ពីធ្វើខួបគម្រប់អាយុ១៨ឆ្នាំកាលពីអំឡុងខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ អតីតបេក្ខភាពTheVoice Cambodia រដូវកាលទី២ កញ្ញា ជាតិ សុច្ចកា ហាក់ស្ទុះឡើងកូដគួរឲ្យកត់សម្គាល់។មិនត្រឹមតែប៉ុណ្ណោះជីវភាពរបស់នាងក៏ចាប់ផ្ដើមប្រែប្រួលហ៊ឺហាយ៉ាងឆាប់រហ័សដែលនាំឲ្យមានការសង្ស័យថា នាងមានម្ចាស់ស្នេហ៍ជាបុរសអ្នកមានជាខ្នងបង្អែកតែសុច្ចកា បានបដិសេធ។

មានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីតារាចម្រៀងជាតិ សុច្ចកា ធ្វើខួបគម្រប់អាយុ១៨ឆ្នាំ កញ្ញាស្រាប់តែប្រែប្រួលស្ទើរមិនគួរឲ្យជឿ ទាំងរូបសម្រស់ និងឡូយឆាយ ជាពិសេសអាជីពសិល្បៈរបស់នាងក៏ចាប់ផ្ដើមមានទីផ្សារស្ទុះឡើងទាំងក្នុងនឹងក្រៅស្រុក។ សុច្ចកា ត្រូវបានគេដឹងថា ទើបតែប្ដូររថយន្ត High Lander 05 ពណ៌ស យ៉ាងកាលីបកាលពីចុងខែធ្នូមុននេះ ក្នុងពេលដែលនាងទើបតែត្រូវគេដឹងថាបានចំណាយអស់រាប់ម៉ឺនដុល្លារធ្វើពិធីឡើងផ្ទះនៅខេត្តកំពង់ចាម ក្រោយខួបកំណើតក្ដៅៗ។ អ្នករួមអាជីពចម្រៀងជាមួយនាងនៅភោជនីយដ្ឋានវីហ្វ្រេនជាមួយនាងសុទ្ធតែបង្ហាញពីការភ្ញាក់ផ្អើល ក្នុងពេលដែលនាងស្រាប់តែឡើងកូដដូចផ្លេកបន្ទោរ បើធៀបនឹងពេលដែលនាងបង្ហាញខ្លួនក្នុងអាជីពចម្រៀងតាមរយៈការប្រលងកម្មវិធី The Voice Cambodia កាលពីរដូវកាលទី២ថ្មីៗ។

កន្លងមកគេដឹងថាផ្ទះសុច្ចកា គ្រាន់តែមានផ្ទះសាមញ្ញប៉ុណ្ណោះតែថ្មីៗនេះត្រូវគេអះអាងថាទើបបានសង់ថ្មីអស់មិនក្រោម៥ម៉ឺនដុល្លារ និងត្រូវបានធ្វើពិធីឡើងផ្ទះមិនចាញ់ពិធីឡើងផ្ទះរបស់គ្រួសារស្ដុកស្ដម្ភ រហូតធ្វើអោយអ្នកខេត្តកំពង់ចាមលាន់មាត់គ្រប់គ្នារហូតអ្នកខ្លះសង្ស័យថា ទំនងជានាងមានអ្នកពិសេសឧបត្ថម្ភពីក្រោយខ្នង។ ទន្ទឹមនឹងនោះមនុស្សមួយចំនួនបានហៅការប្រែប្រួលរបស់នាង ថាជាចំហាយនៃភាពល្បីល្បាញរបស់នាង ដែលចង់សំដៅថាបណ្ដាលមកពីនាងមានអ្នកតាមស្រឡាញ់ច្រើនឡើង ក្រោយពីទីផ្សារសិល្បៈឈានឡើង ប៉ុន្តែតារាស្រីរូបនេះបានបដិសេធ។

ជាតិ សុច្ចកា បានលើកឡើងថា អ្វីដែលធ្វើជីវិតរបស់នាងប្រែប្រួលចុងក្រោយ មិនមែនជាការបោះនុយរបស់បុរសទ្រព្យស្ដុកណាម្នាក់ ដូចអ្វីដែលគេធ្លាប់បានប៉ាន់ស្មានមកលើតារាសិល្បៈនោះទេ ប៉ុន្តែគឺជាបានពីការជ្រោមជ្រែងរបស់ឪពុកម្ដាយរបស់នាងប៉ុណ្ណោះ ដោយសារតែគ្រួសាររបស់នាងគឺជាអ្នកមានមុខមាត់ធំម្នាក់នៅខេត្តកំពង់ចាម និងស្រុកស្គន់។ នាងថា ឪពុករបស់នាងគឺជាមេឃុំ ហើយក៏ជាអ្នកជំនួញប្រចាំនៅខេត្តកំពង់ចាមផងដែរ ប៉ុន្តែបណ្ដាលមកពីពេលកន្លងមកនាងនៅក្មេង ហើយមិនទាន់រឹងមាំនៅក្នុងអាជីពចម្រៀង ទើបឪពុករបស់នាងមិនទាន់រំលេចអោយនាងនូវភាពហ៊ឺហ៊ា។ កញ្ញាថាទាំងការងារ និងមុខជំនួញ គឺគ្រួសាររបស់នាងមានការប្រឡូកព្រមគ្នា អ៊ីចឹងហើយទើបនាងមានលទ្ធភាពទាំងធ្វើខួបកំណើតធំដុំ ទាំងការសាងសង់ផ្ទះធំដុំនៅខេត្តកំពង់ចាម ដោយរាប់បញ្ចូលទាំងផ្លាស់ប្ដូររថយន្តទំនើបចុងក្រោយនេះផង។

យ៉ាងណាមិញ នាងថារថយន្តដែលទើបតែប្ដូរកាលពីចុងខែធ្នូមុននេះ គឺមានលុយសន្សំរបស់នាងចំនួន៤០ភាគរយផងដែរ បើទោះជាការរកលុយរបស់នាងរាល់ថ្ងៃ គឺមិនមានបន្ទុករឿងទំនុកបម្រុងគ្រួសារ ដែលងាយនឹងធ្វើអោយនាងងាយស្រួលសន្សំលុយបានច្រើនយ៉ាងងាយពីការងារច្រៀងរាំ។ នាងថាក្នុងឆ្នាំ២០១៨នេះ នាងនឹងបង្ហាញមុខឡើងឆាកទូរទស្សន៍អោយបានច្រើន ខណៈដែលនាងក៏នឹងឈោងចាប់ការងារផលិតចម្រៀង ឬចូលផលិតកម្មស្របគ្នាផងដែរ ដោយសារតែនាងយល់ថាគឺសមស្របហើយ បន្ទាប់ពីនាងក៏មានលទ្ធភាពហ៊ឺហារលែងភ័យរឿងមិនចុះចំណោមនៅក្នុងសិល្បៈផងដែរ៕