កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះមានការភ្ញាក់ផ្អើលខ្លាំងនៅក្នុងសង្គមសិល្បៈនិងមជ្ឈដ្ឋានជាច្រើនបន្ទាប់ពីសាយភាយព័ត៌មានថា ម្ដាយតារាសម្តែងល្បីឈ្មោះសារ៉ាយ សក្ខណា ត្រូវភាគីម្ចាស់បំណុលរឹបអូសយករថយន្តព្រោះគេចវេសការសងប្រាក់៣ម៉ឺនដុល្លារអាមេរិក។ប៉ុន្តែជុំវិញបញ្ហានេះបានធ្វើឲ្យម្តាយសារ៉ាយ សក្ខណា អ្នកស្រីចាប ផាន់សម្ផស្ស បានចេញមុខប្រតិកម្មខ្លាំង ដោយបដិសេធថា ជារឿងមិនពិតខណៈដែលអ្នកស្រីបានលើកឡើងថាមានអ្នកនៅពីក្រោយរៀបចំគម្រោងបង្ខូចកិត្តិយសអ្នកស្រីនិងកូនស្រី។
អ្នកស្រីចាប ផាន់សម្ផស្ស ម្ដាយសារ៉ាយ សក្ខណា បានទទួលស្គាល់ថា អ្នកស្រីពិតជាបានខ្ចីប្រាក់ពីគេចំនួនមែនដើម្បីយកមករកស៊ីប៉ុន្តែកូនស្រីពុំបានដឹងរឿងនេះទេ។យ៉ាងណាចំពោះរឿងដែលចុះផ្សាយថា អ្នកស្រីជំពាក់បំណុលរហូតដល់៣ម៉ឺនដុល្លារអាមេរិក នោះគឺជារឿងមិនពិត ហើយការលើកឡើងថាអ្នកស្រីគេចវេសមិនសងគឺកាន់តែខុសស្រឡះទៅទៀត។ពោលគឺអ្នកស្រីបានខ្ចីតែចំនួន១៣០០០ដុល្លារអាមេរិក ប៉ុណ្ណោះ។អ្នកស្រីលើកឡើងថា បំណុលនេះក៏មានអ្នកទទួសស្គាល់និងធានាពីនារីដែលអ្នកស្រីសុំមិនទាន់បញ្ចេញឈ្មោះ ដែលរាប់អានជិតដិតនឹងគ្នាផងដែរ។អ្នកស្រីបន្តថា ក្នុងនោះក៏មានចំណែក៣០០០ដុល្លារ ដែលនារីខាងលើនេះខ្ចីផងដែរ។
ម្ដាយសារ៉ាយ សក្ខណា បានឲ្យដឹងដែរថា អ្នកស្រីនិងកូនបានព្យាយាមទាក់ទងចចារសងជាច្រើនលើកច្រើនសារទៅកាន់ម្ចាស់បំណុលចាប់តាំងពីអំឡុងខែសីហាមកម្ល៉េះប៉ុន្តែមិនជួបព្រោះតែរកម្ចាស់បំណុលដើមមិនឃើញចេះតែមានអ្នកនេះអ្នកនោះមកជួបដែលអ្នកស្រីមានទាំងភស្តុតាង និងសាក្សីផងដែរថាអ្នកស្រីពិតជាព្យាយាមជួបម្ចាស់បំណុលដើម្បីដោះស្រាយ។អ្នកស្រីថា មិនដែលបានស្គាល់និងឃើញមុខម្ចាស់បំណុលឈ្មោះឃុត ស្រីមុំ នោះទេគឺខ្ចីតាមរយៈអ្នករាប់អានគ្នាប៉ុណ្ណោះ ហើយអ្នករាប់អានគ្នានេះហើយដែលអ្នកស្រីសង្ស័យថា ជាអ្នករៀបគម្រោងការបង្ខូចកិត្តិយសអ្នកស្រីនិងកូនស្រី។
អ្វីដែលធ្វើឲ្យអ្នកស្រីហួសចិត្តបំផុតនោះកាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះខណៈដែលអ្នកស្រីបានធ្វើដំណើរទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីជួបជាមួយម្ចាស់បំណុលតាមការណាត់ដើម្បីដោះស្រាយប៉ុន្តែបែរជាជួបរឿងដែលហាក់ដូចជាការរៀបគម្រោងទុករបស់ភាគីម្ខាងទៀត។
អ្នកស្រីបានបង្ហាញការសង្ស័យថា មានអ្នករៀបគម្រោងបង្ខូចកិត្តិយសអ្នកស្រីនិងកូន ព្រោះតែរឿងអាក់អន់ចិត្ត និងច្រណែនលើការរកស៊ី មានសេចក្តីសុខរបស់កូនអ្នកស្រី។
អ្នកស្រីអះអាងថា អ្នកស្រីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបំណុល និងមិនមានហេតុផលដែលត្រូវគេចវេសទៅណានោះដែរព្រោះអ្នកស្រីមិនបានផ្លាស់ប្តូរទីលំនៅខណៈដែលកូនស្រីរបស់អ្នកស្រីក៏ត្រូវបានគេស្គាល់ច្រើន ហើយបើមិនមានលទ្ធភាពសងក៏កូនអ្នកស្រីក៏មិនពង្រីកហាងកែសម្ផស្សកាន់តែធំជាងមុនដែរ។
ទន្ទឹមនឹងការមុខប្រតិកម្មនេះអ្នកស្រីបានបញ្ចេញសារព្រមានចំពោះអ្នកមានបំណងមិនល្អ និងបង្ខូចកិត្តិយសអ្នកស្រី និងកូនស្រីថា សូមឲ្យបញ្ចប់ជាបន្ទាន់មុនពេលអ្នកស្រីបញ្ចេញមុខមាត់ពិតរបស់ជននោះ និងមុនពេលអ្នកស្រីចាត់វិធានការតាមផ្លូវច្បាប់។
ជាមួយគ្នានេះអ្នកស្រីក៏ថ្លែងការសោកស្តាយខ្លាំងចំពោះការជឿលង់លើអ្នកនៅជិតខ្លួនថាជាមនុស្សល្អ និងខិតខំជួយ ស្រលាញ់រាប់អានដោយចិត្តស្មោះតែបែជាមានគម្រោងរៀបចំផែនការបំផ្លាញកិត្តិយស អ្នកស្រីនិងគ្រួសារ។ អ្នកស្រីរំពឹងដែរថា រឿងរ៉ាវនេះនឹងស្ងប់ទៅវិញក្រោយការបកស្រាយនេះផងដែរ៕