Saturday, April 27, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ត្រូវក្រុមកីឡាករហៅ "ប្រពន្ធលី វ៉ាហេទ" ពេញៗមាត់

សុខ សោម៉ាវត្តី ត្រូវក្រុមកីឡាករហៅ “ប្រពន្ធលី វ៉ាហេទ” ពេញៗមាត់

សុខ សោម៉ាវត្តី បានលេចមុខទៅគាំទ្រសង្សាររបស់នាង កីឡាករខ្សែរការពារបឹងកេត លី វ៉ាហេទ ដល់ទីលានប្រកួតវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមបាល់ទាត់បឹងកេត និងក្រសួងការពារជាតិ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយជាលទ្ធផល ក្រុមបឹងកេតក្លាយទៅជាម្ចាស់ជើងឯក ដោយយកឈ្នះក្រុមការពារជាតិ ក្នុងលទ្ធផលបាល់ប៉េណាល់ទី ១០ទល់និង៩ បន្ទាប់ពីលេង១២០នាទី ១ទល់និង១នោះ។

 

សុខ សោម៉ាវត្តី សប្បាយចិត្តក្រៃលែងនៅពេលដែលក្លឹបរបស់សង្សារនាងឈ្នះពាននោះ ទោះបីជានាងខកចិត្តបន្ដិច ព្រោះថាក្នុងការប្រកួតបូកទាំងថែមម៉ោងដល់ទៅ១២០នាទីនោះ គឺកីឡាករវ៉ាហេទ គ្មានបានប៉ះបាល់បន្ដិច ព្រោះនៅអង្គុយតែកៅអីបម្រុងរហូតក្ដី តែចុងក្រោយ វត្តី នៅតែរីករាយពេលដែលឃើញសង្សារនាងកាន់ពាននោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលផងដែរនោះ គឺក្រុមកីឡាករបាល់ទាត់ដែលអង្គុយបម្រុងទាំងក្រុមបឹងកេត និងការពារជាតិ នោះ គ្រាន់តែឃើញលី វ៉ាហេទ ភ្លាម ពួកគេហៅកីឡាករនេះថា ”ប្ដីអាតី” ហើយនៅពេលដែលឃើញសោម៉ាវត្តី ដើរទៅទីលាន ក្រោយបញ្ចប់ការប្រកួតនោះភ្លាម ក្រុមកីឡាករបានហៅវត្តី ថា ”ប្រពន្ធវ៉ាហេទ” ដែរ ដែលមើលទៅរឿងស្នេហាសុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេទ នោះហាក់ល្បីពេញចង្កោមកីឡាករបាល់ទាល់ និងនៅកីឡដ្ឋានជាតិអូឡាំពិកតែម្ដង នៅពេលនេះ ព្រោះរៀងរាល់ការប្រកួតធំៗ ឲ្យតែមានកីឡាករលី វ៉ាហេទ ទៅកំដៅសាច់ដុំ គឺតែងតែមានអ្នកមេម៉ាយសាច់សខ្ចី សុខ សោម៉ាវត្តី ទៅបង្ហាញខ្លួនដោយផ្ដល់កំលាំងចិត្តឲ្យកីឡាករបម្រុងនៅបឹងកេត នេះជានិច្ច បើទោះជាវ៉ាហេទ មិនជាប់ជាជម្រើស១១នាក់ដំបូងក្ដី។

សុខ សោម៉ាវត្តី តាំងពីលែងប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ ស្នងការងខេត្តរតនគិរី ជាង៣ឆ្នាំមក ពេលនេះនាងបង្ហាញភាពស្អិតល្មួតជាមួយកីឡាករបាល់ទាត់លី វ៉ាហេទ ដូចលលកញីឈ្មោលអីចឹង ហេតុនេះហើយបានជាត្រូវក្រុមកីឡាករបាល់ទាត់ហៅពួកគេថា ”ប្ដីប្រពន្ធ” បន្ទាប់ពីវត្តី និងវ៉ាហេទ មានទំនាក់ទំនងគ្នានៅក្រៅឆាកខ្លាំងជាងក្នុងឆាក ក្រោយថតរឿង ”ខូចចិត្តអាជីព” របស់ផលិតកម្ម Rock មក។

ថ្មីៗនេះដែរ នៅថ្ងៃបុណ្យ Christmas សុខ​ សោម៉ាវត្តី រំភើបយ៉ាងខ្លាំង ដោយសារតែលី វ៉ាហេទ បានទិញកាដូជូននាងនិងកូនស្រី ឈ្មោះចាស្មីន ហើយអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះ ថែមទាំងលាន់មាត់ថា វ៉ាហេទ ឲ្យកាដូកូនធំជាងម៉ែទៅទៀត ទើបធ្វើឲ្យអ្នកសិល្បៈរួមអាជីពថា ពេលនេះកីឡាករបាល់ទាត់លី វ៉ាហេទ កំពុងតែ ”ស្រលាញ់មេបំពេកូន” ហើយ ប៉ុន្តែយ៉ាងណា នៅពេលដែលសុខ សោម៉ាវត្តី ទៅបង្ហាញខ្លួនថ្ងៃសម្ពោធរឿង ”មនុស្សឆ្កួត” របស់ផលិតកម្ម LD កាលពីពេលថ្មីៗនេះ ហើយត្រូវអ្នកសារព័ត៌មានចោទសួររឿងនាងគ្រោងនាំវ៉ាហេទៅលេងនៅឯណា នៅថ្ងៃឆ្លងឆ្នាំនោះ ស្រាប់តែវត្តី​ បានគេចចេញយ៉ាងប្រញ៉ាប់តែម្ដង។

សុខ​ សោម៉ាវត្តី មានប្រុសទាំងក្នុងនិងក្រៅស្រុក តាមត្រងស្នេហ៍នៅពេលដែលនាងធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេងនេះ ពិសេសមន្ដ្រីធំផ្កាយ២ល្បីឈ្មោះម្នាក់តាមស្នេហ៍វត្តី យ៉ាងស្អិតជាងគេ រហូតដល់គេប្រទះឃើញអ្នកទាំង២ច្រៀងខារ៉ាអូខេនៅក្លឹបមួយជាមួយគ្នា ដោយមានកងអង្គរក្សការពារព័ទ្ធជុំវិញបន្ទប់ទៀតផង។ តែចុងក្រោយនេះ សោម៉ាវត្តី បែរជាងាកមកស្នេហ៍ស្និទ្ធប្រុសក្មេងវ៉ាហេទ ធ្វើព្រងើយទៅវិញ ដែលធ្វើឲ្យលោកធំនោះស្រងាកចិត្តមិនតិចឡើយ ព្រោះថាលោកចង់ឧបត្ថម្ភ វត្តី គ្រប់បែបយ៉ាងទាំងអស់ ឲ្យតែនាងស្នេហ៍លោក តែចុងក្រោយនៅតែមិនអាចយកឈ្នះកីឡាករខ្សែការពារបឹងកេត ដែលពូកែការពារស្រីស្អាតជាងបាល់ទាត់នោះបានឡើយ។

ប្រភពបានឲ្យដឹងថា រឿងស្នេហាសុខ សោម៉ាវត្តី និងលី វ៉ាហេទ ត្រូវបានក្រុមគ្រួសារទាំងសងខាងដឹងឮអស់ទៅហើយ ដោយគ្មានអ្នកណាម្នាក់ចេញមុខប្រឆាំងឡើយ ហើយថែមទាំងជំរុញឲ្យពួកគេរៀបការទៀតផង បន្ទាប់ពីវត្តី និងវ៉ាហេទ បានដឹកដៃគ្នាទៅថតឈុតកូនកំលោះក្រមុំ ដែលហាក់ដូចជាការថត Pre Wedding សម្រាប់ថ្ងៃពិសេសរបស់ពួកគេអីចឹង។

ដោយឡែក តារាសិល្បៈជាច្រើនដែលស្និទ្ធស្នាលជាមួយវត្តី និយាយថា ពួកគេរង់ចាំទៅញាំការពិធីការិនីរូបនេះ ជាមួយកីឡាករបាល់ទាត់នោះ ហើយថែមទាំងថា អ្នកទាំង២ពិតជាស័ក្តិសមគ្នាទៀតផង។

ក្រៅពីសុខ សោម៉ាវត្តី ដែលត្រូវបានក្រុមកីឡាករបាល់ទាត់ហៅថា ”ប្រពន្ធវ៉ាហេទ” នោះ នៅមានស្រីស្អាត៣នាក់ទៀត ដែលគេសង្ស័យថា កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយកីឡាករបាល់ទាត់ដែរ ក្នុងនោះមាន កញ្ញាថន លក្ខិណា ជាមួយកែវ សុខផេង , ជីជី ជាមួយចាន់​ វឌ្ឍនាកា និងពេជ្រ អាវីហ្សា ជាមួយអ្នកចាំទី ស៊ូ យ៉ាទី​ ជាដើម៕​

RELATED ARTICLES