Sunday, December 22, 2024
Homeបរិយាយហ៊ាន​ស្បែក​ដាច ខ្លាច​​ស្បែក​ស្វិត

ហ៊ាន​ស្បែក​ដាច ខ្លាច​​ស្បែក​ស្វិត

សុភាសិតខ្មែរ១ឃ្លាថា “ហ៊ានស្បែកដាច ខ្លាចស្បែកស្វិត” មានន័យស្របតាមបណ្តាំក្រមង៉ុយ ១ល្បះថា “អ្នកជឿពាក្យ ចាស់ ជឿចាំឱ្យណាស់ កុំធ្វើបំពារ អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកជា…” សុទ្ធតែលើកពីរឿងស្បែកមកនិយាយ គឺ “ស្បែក ដាច ស្បែកស្វិត និងស្បែកជា”។ បើមិនបានពិចារណា គេអាចយល់ខុសថា បុរាណាចារ្យ ក៏ដូចជាលោកតាមហាកវីង៉ុយ ជា មនុស្សកំសាក ទើបលោកទុកសុភាសិត និងបណ្តាំនេះឱ្យមនុស្សស្រករក្រោយយកទៅអនុវត្ត ប៉ុន្តែ តាមពិត លោកមិនកំសាក នោះទេ ព្រោះបណ្តាំនេះ គឺជា “យុទ្ធសាស្ត្រចាញ់ដើម្បីឈ្នះ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ហ៊ានស្បែកដាច ខ្លាចស្បែកស្វិត ឬខ្លាចស្បែកជា មានន័យត្រង់ភ្លឹង មិនពិបាកពិចារណានោះទេ សំដៅដល់សេនា ទាហានដែលអង់អាចក្លាហានជាងគេ តែងត្រូវនឹងគ្រឿងអាវុធរបស់បច្ចាមិត្រ រីឯសេនាទាហានណាដែលកំសាក មិនសូវ ត្រូវរបួសនោះឡើយ។ ន័យមួយទៀត មនុស្សកំណាចឃោរឃៅ អាងកាប់ចាក់ បាញ់ប្រហារ តែងត្រូវគូជម្លោះវាយបកវិញ ឱ្យក្រោកលែងរួច ឯមនុស្សស្លូតសុភាពរាបសា គ្មានមនុស្សណាចោមស្អប់នោះទេ។ ដូច្នេះ អ្នកក្លាហានពេក ច្រើនតែ “ស្បែក ដាច” ហ្នឹងឯង រីឯមនុស្សខ្លាច ច្រើនតែ “ស្បែកស្វិត ឬស្បែកជា” តែមិនមែនប្រភេទ “ស្បែកគង់” នោះទេ ព្រោះស្បែកគង់ សំដៅដល់មនុស្សអាងមន្តអាគមគាថា កាប់មិនមុត ដុតមិនឆេះឯណោះទេ។

បើបរិយាយឱ្យជ្រៅជាងនេះទៀត “ហ៊ានស្បែកដាច ខ្លាចស្បែកស្វិត” ចាត់ទុកជា “យុទ្ធសាស្ត្រដកថយ”“ចាញ់ដើម្បី ឈ្នះ” ក្នុងករណីគូបដិបក្ខវាយលុកខ្លាំង ចាំបាច់ត្រូវតែភាគីម្ខាងទៀតដែលមានកម្លាំងខ្សោយជាងគេ ដកថយគេចខ្លួនមួយគ្រាសិន ព្រោះបើហ៊ានជម្នះ នឹងរងផលវិបាកមិនខាន។ ជាទូទៅ មេដឹកនាំប្រទេស មេបដិវត្តន៍ មេទ័ព មេចោរ មេឧទ្ទាម សុទ្ធតែចេះ “យុទ្ធសាស្ត្រដកថយ” នេះដូចគ្នា ដើម្បី “ការពារស្បែកដ៏ផុយរបស់ខ្លួនកុំឱ្យដាច”។ ឡេនីន មេដឹកនាំសហភាព សូវៀត, ម៉ៅ សេទុង មេដឹកនាំចិន, ហូ ជីមិញ មេដឹកនាំវៀតណាម សុទ្ធតែធ្លាប់គេចខ្លួនពីការតាមព្យាបាទរបស់គូបដិបក្ខ។ ជាពិសេស មុនប្រកាសឯករាជ្យប្រទេសវៀតណាមខាងជើង ចេញផុតពីអាណានិគមបារាំង នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ ហូ ជីមិញ ធ្លាប់រត់លូនគេចពីគ្រាប់កាំភ្លើង និងការតាមចាប់ខ្លួនជាច្រើនលើកច្រើនសា។ ប៉ុល ពត, នួន ជា, អៀង សារី, ខៀវ សំផន មុនឡើងកាន់អំណាចរបបកម្ពុជាប្រជាធិបតេយ្យ សុទ្ធតែធ្លាប់រត់គេចខ្លួនត្រសុលក្នុងព្រៃ ប្រឈមនឹងបន្លា មូស ទាក ជាប្រភពជំងឺគ្រុនចាញ់ ក្រោមការតាមប្រមាញ់របស់ទាហានរដ្ឋាភិបាល។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ធ្លាប់  រត់លូនគេចពីការកាប់សម្លាប់ក្នុងរបបប៉ុល ពត ទៅជ្រកកោនមួយរយៈនៅប្រទេសវៀតណាម ដែរ។ ពិសេសបំផុត សូម្បី សម្តេចឪ ព្រះបរមរតនកោដ្ឋ ក្នុងពេលកងទ័ពជប៉ុន វាយលុកចូលទីក្រុងភ្នំពេញ ដើម្បីដេញបារាំង ព្រះអង្គបានគេចព្រះកាយចេញពីព្រះបរមរាជវាំង ទៅគង់នៅក្នុងកុដិព្រះតេជគុណកែវ អ៊ូច ដែលជាព្រះគ្រូឧបជ្ឈាយ៍របស់ព្រះអង្គ នាវត្តបទុមវតី ដើម្បីគេចពីគ្រោះថ្នាក់ជាយថាហេតុ។

ដូច្នេះយើងឃើញថា “យុទ្ធសាស្ត្រដកថយ ឬគេចខ្លួន” នេះ ពុំមែនមានន័យថា កំសាក ឬចុះចាញ់នោះទេ ប៉ុន្តែ “កុំរង មុខដឹង កុំទទឹងមុខសឹក”។ ធម្មតាអ្នករត់គេចខ្លួនពីសង្គ្រាម ឬពីការតាមចាប់ខ្លួន ប្រុងប្រយ័ត្នខ្លាំងណាស់ មិនដែលហ៊ានដេកពួនឱ្យពេញភ្នែកនោះទេ ជួនកាលបង្ខំចិត្តហូបបាយឆៅក៏មាន ហើយបើឮឆ្កែព្រុស ឬមាន់ក្នុងទ្រុងស្រែកក្រុកៗ ក៏រត់ចេញពី ផ្ទះ ចូលទៅក្នុងព្រៃភ្លាម។ អ្នករត់គេចទាំងនោះ ចាំបាច់ត្រូវតែរក្សាស្បែកកុំឱ្យដាច ដើម្បីបង្កលក្ខណៈវាយបកវិញ នៅពេល ស្ទាបស្ទង់ដឹងថា ភាគីដែលខ្លាំងជាងនោះថមថយឥទ្ធិពល ឬថយកម្លាំង។

បើយកករណីនេះមកប្រៀបធៀបនឹងស្ថានការណ៍បច្ចុប្បន្ន យើងឃើញថា លោកសម រង្ស៊ី មេបក្សប្រឆាំង កំពុងប្រើ “យុទ្ធសាស្ត្រគេចខ្លួន” នេះឯង ខណៈដែលសាលក្រមតុលាការ បានចេញជាបន្តបន្ទាប់ ប្រៀបបាននឹង “ជំងឺ១០០មុខ” កំពុង យាយីសុខភាពគាត់។ មន្ត្រីបក្សកាន់អំណាចខ្លះ បានហៅការរត់គេចខ្លួនរបស់មេបក្សប្រឆាំង ថាជារឿង “កំសាកបំផុត” ព្រោះ គាត់មិនហ៊ានចូលខ្លួនតតាំងនៅតុលាការ។ ចំណែកលោកកឹម សុខា ដែលសំងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សនោះ ក៏គេថា កំសាកដែរ ប៉ុន្តែ បើពិចារណាឱ្យស៊ីជម្រៅទៅ នេះជាល្បិច “ការពារស្បែកកុំឱ្យដាច” តែម្តង។ លោកបណ្ឌិតកែម ឡី ដែល ក្លាហានក្នុងការរិះគន់សង្គមនោះ មិនអាចការពារស្បែករបស់លោកបានឡើយ ធ្វើឱ្យបាត់បង់ការតស៊ូក្នុងការបញ្ចោញមតិ ប៉ុន្តែ សម្រាប់អ្នករត់គេចខ្លួន ដែលស្បែកជានោះ នៅតែបន្តជីវិតនយោបាយជានិច្ច។

ក្រោយពេលបណ្ឌិតកែម ឡី រងការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃនោះ ក៏លេចឮព័ត៌មានថា សកម្មជនបរិស្ថាន២រូប ជាកូនភ្លោះឈ្មោះជុំ ហួត និងជុំ ហួរ បានរត់គេចខ្លួនទៅប្រទេសថៃ។ រីឯព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលជាមិត្តស្និទ្ធស្នាល របស់លោកកែម ឡី ក៏គេចព្រះកាយដែរ ក្រោមលេសគ្មានសុវត្ថិភាព។ ទន្ទឹមនោះ អង្គការគ្លូបល វីតណេស ក៏បានអំពាវនាវ ឱ្យរាជរដ្ឋាភិបាលកម្ពុជា ការពារសុវត្ថិភាព គោរពសិទ្ធិបញ្ចោញមតិរបស់មនុស្សស្និទ្ធនឹងលោកកែម ឡី ទៀតផង ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានលើកឡើងថា គ្មានការគំរាមកំហែងអ្វីទេ ឯអ្នករត់ចោលស្រុកនោះមកពីខ្លាចស្រមោលខ្លួនឯង។

ទោះយ៉ាងណា អ្នកដែលរត់គេចខ្លួនទាំងនោះ មកពីគេមិនទុកចិត្តសមត្ថកិច្ចថា មិនអាចការពារពួកគេបាន ទើបគេការពារ ខ្លួនដោយខ្លួនឯង តាមរយៈការគេចមុខ លាក់ខ្លួនពួនអាត្មានៅទីតាំងសម្ងាត់។ ធម្មតា សត្រូវមកពីមុខងាយគេចទេ ប៉ុន្តែ បើសត្រូវនៅពីក្រោយខ្នង គេចទៅណាក៏មិនរួចខ្លួនដែរ ហើយបើដឹងខ្លួនមុន ចាំបាច់ត្រូវតែរកផ្លូវត្រសុលព្រៃមួយគ្រាសិន។ រឿងគេចខ្លួននេះ សូម្បី “ព្រះមហោសថ” ក៏គេចខ្លួនពួនអាត្មាដែរ ក្នុងពេលអាចារ្យ៤នាក់ ញុះញង់ស្តេចថា ព្រះមហោសថ លួចព្រះរាជទ្រព្យ ហើយបើសិនជាតួអង្គពោធិសត្វ គេចមិនទាន់ ច្បាស់ជាត្រូវព្រះរាជទណ្ឌប្រហារជីវិតមិនខាន។ ចំណែក “ធនញ្ជ័យ” ក៏រត់គេចខ្លួនទៅសាងផ្នួសដែរ បន្ទាប់ពីបោកប្រាស់ពេជ្ឈឃាតមិនឱ្យសម្លាប់គាត់បាន តាមស្នៀត “អាជ័យធ្លាក់ទឹក ហៃអើ!

រួចមកហើយយើងឃើញថា អ្នកនយោបាយខ្មែរ តាំងពីសង្គមមុន សុទ្ធតែធ្លាប់រត់គេចខ្លួន អនុវត្តតាមសុភាសិត “ហ៊ាន ស្បែកដាច ខ្លាចស្បែកស្វិត” នេះដូចគ្នា លុះសំងំត្រាំពិសមួយរយៈ ក៏ចេញពីកន្លែងលាក់ខ្លួនចូលប្រឡូក តតាំងចាំងយក ជ័យជម្នះ។ ឥឡូវស្រុកទេសគ្មានសង្គ្រាមអ្វីដល់ថ្នាក់អ្នកនយោបាយប្រឡូកគ្នាដោយគ្រឿងអាវុធនោះទេ ប៉ុន្តែ ការរត់គេច ខ្លួនរបស់លោកសម រង្ស៊ី ក៏ដូចអ្នកប្រឆាំងមួយចំនួនទៀតនោះ គ្រាន់តែជាយុទ្ធសាស្ត្រការពារស្បែកឱ្យស្វិតបានយូរប៉ុណ្ណោះ។ ថ្មីៗនេះទៀត សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនដីកាកោះ អញ្ជើញមេបក្សប្រឆាំងនោះ ឱ្យចូលខ្លួនបំភ្លឺរឿងបណ្តឹងចុងក្រោយពាក់ព័ន្ធដល់ការចោទប្រកាន់ថា រដ្ឋាភិបាលនៅពីក្រោយការធ្វើឃាតលោកបណ្ឌិតកែម ឡី។ ដីកាកោះយកទៅ ហៅមនុស្សកំពុងគេចខ្លួនបែបនេះ ប្រៀបបាននឹងការ “បោយដៃហៅគោដាច់កន្លុះ ឱ្យដើរចូលក្រោល” ពោលគឺមិនត្រឹមតែ មិនព្រមចូលបំភ្លឺនោះទេ ប៉ុន្តែ លោកសម រង្ស៊ី បានទាំងចោទរដ្ឋាភិបាល បន្ថែមទៀតពីករណីឃាតកម្ម។ អាចថា លោកសម រង្ស៊ី ក៏ដូចលោកកឹម សុខា លោកស្រីថាក់ ឡានី កំពុងការពារស្បែកតែម្តង ដូច្នេះ ដីកាកោះរបស់តុលាការ ទំនងជាគ្មាន ប្រសិទ្ធភាពទេ សម្រាប់មនុស្សគេចខ្លួន។

សរុបទៅ “ហ៊ានស្បែកដាច ខ្លាចស្បែកស្វិត ឬស្បែកជា” មានន័យយ៉ាងនេះឯង សំដៅដល់បុរាណាចារ្យយល់ច្បាស់នូវ ប្រត្យក្សភាពសង្គម ក៏ចងក្រងសុភាសិតនេះទុក ដើម្បីឱ្យមនុស្សជំនាន់ក្រោយអនុវត្ត។ បើខ្វះការពិចារណា គេអាចថា អ្នក រត់ជាមនុស្សកំសាក ប៉ុន្តែ បើវិភាគសុភាសិតនេះឱ្យស៊ីជម្រៅទៅ មិនមែនកំសាកទេ ព្រោះក្នុងកាលៈទេសៈខ្លះ អ្នកគេចខ្លួន ទាំងនោះវាយបកវិញ មិនខុសពីសុភាសិតមួយទៀតថា “ខ្លាដេក កុំយកមែកឈើរុក” ដែលយើងមិនចាំបាច់ពន្យល់៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES