ក្រោយចាកចេញពីផលិតកម្មBN កញ្ញាវណ្ណា វត្តី បានសម្រុកផលិតបទចម្រៀងស្នាដៃថ្មី(Original song)ដោយខ្លួនឯងប្រជែងនៅលើទីផ្សារជាបន្តបន្ទាប់ខណៈថ្មីៗនេះនាងទើបចេញបទថ្មីមួយបទទៀតក្ដៅៗហុយៗដែលមានចំណងជើងថា«អច្ឆរិយកម្ពុជា»ដែលកំពុងកន្ទ្រាក់បានការគាំទ្រនៅតាមបណ្ដាញសង្គមហ្វេសប៊ុកនឹងយូធូប។
នាពេលចុងក្រោយនេះតារារូបស្រស់កញ្ញាវណ្ណា វត្តី ហាក់លេចធ្លោទាំងផ្នែកសម្ដែង នឹងចម្រៀងដែលក្រៅពីទទួលបានឱកាសសម្ដែងភាពយន្តជាបន្តបន្ទាប់ ទីផ្សារចម្រៀងរបស់នាងក៏ចាប់ផ្ដើមស្ទុះឡើងគួរឲ្យកត់សម្គាល់ផងដែរពោលគឺបើទោះបីនាងច្រៀងនៅក្រៅផលិតកម្ម តែរាល់បទចម្រៀងស្នាដៃថ្មីរបស់នាងតែងតែទទួលបានការគាំទ្រពីទស្សនិកជន។ជាក់ស្ដែងបន្ទាប់ពីឆក់បានការគាំទ្រតាមរយៈបទ«អនុស្សាវរីយ៍គ្មានន័យ»ដែលនាងច្រៀងចម្រុះ៣ភាសា មានខ្មែរ ថៃ និងរ៉េបជាភាសាអេស្ប៉ាញនោះនាងទើបចេញបទថ្មីមួយទៀតដែលមានចំណងជើងថា«អច្ឆរិយកម្ពុជា»ដែលនាងច្រៀងឆ្លងឆ្លើយជាមួយលោកយន សុភ័ក្រ ខណៈអត្ថន័យបានផ្ដោតលើការជួយលើកស្ទួយប្រសាទអង្គរវត្តដែលជាមរតករបស់បុព្វបុរសខ្មែរយើង។
វត្តី បានថ្លែងឲ្យដឹងថា ដោយសារតែការស្រលាញ់និង ចង់លើកស្ទួយវិស័យចម្រៀង នាងបានព្យាមមិនច្រៀងបទចម្លងពីគេ ដែលមួយរយៈចុងក្រោយនេះនាងបានចំណាយថវិកាជាច្រើនដើម្បីផលិតបទOriginal song ប្រជែងនៅលើទីផ្សារជាបន្តបន្ទាប់។នាងថា នាងមិនខ្វល់ពីការចំណាយទេគឺអ្វីដែលសំខាន់នោះនាងចង់លើកស្ទួយវិស័យសិល្បៈនឹងបំពេញក្ដីស្រលាញ់របស់ខ្លួនខណៈដែលនាងរំពឹងថា ទស្សនិកជននឹងគាំទ្រផ្ដល់កម្លាំងចិត្តនាងបន្ថែមទៀត។
វត្តី ក៏បានឲ្យដឹងដែរថា សម្រាប់បទ«អច្ឆរិយកម្ពុជា»គឺនិពន្ធទំនុកច្រៀងថ្មី សាច់ភ្លេងថ្មី ដោយផ្ដោតលើការលើកស្ទួយប្រាសាទអង្គរវត្ត ដែលជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលរបស់កម្ពុជាហើយក៏ជាលើកទី១ដែរដែលនាងបានចាប់ដៃគូច្រៀងជាមួយលោកយន សុភ័ក្រ។នាងថា នាងនិងលោកសុភ័ក្រ កំពុងតែរៀបចំការសម្ដែងជាសូរដើម្បីត្រៀមបង្ហាញនៅក្នុងកម្មវិធីប្រគំតន្ត្រីនានាជាមួយនឹងបទ«អច្ឆរិយកម្ពុជា»នេះ ដោយរៀបចំឲ្យមានការស្លៀកពាក់ចងក្បិនរបៀបខ្មែរ មានទាំងរៀបចំក្រុមឆៃយ៉ាំ ផងដើម្បីឲ្យទាក់ទាញខណៈដែលនាងរំពឹងថា អ្នកគ្រប់គ្រងកម្មវិធីទូរទស្សន៍មួយចំនួននឹងចាប់អារម្មណ៍ឲ្យនាងបានបង្ហាញសមត្ថភាពតាមរយៈបទ«អច្ឆរិយកម្ពុជា»។
តារាសម្ដែងនិងចម្រៀងកំពុងឡើងកូដរូបនេះបន្ថែមថា ប្រសិនបើបទនេះទទួលបានការគាំទ្រខ្លាំងជាងនេះបន្ថែមទៀតនិងមានម្ចាស់ស្ពនសឺជួយឧបត្ថម្ភផងនោះនាងនឹងផលិតឈុតខារ៉ាអូខេឲ្យកាន់តែកន្ទ្រាក់ការគាំទ្រជាងនេះបន្ថែមទៀត៕