Friday, April 26, 2024
Homeតារាខ្មែរសុខ ពិសី ព្យាយាមលាក់បាំង

សុខ ពិសី ព្យាយាមលាក់បាំង

នាពេលចុងក្រោយនេះ តារាល្បីៗមួយចំនួនបានបង្ហាញពីចំណងស្នេហ៍ជាបន្តបន្ទាប់ ដោយមិនខ្លាចបាក់ស្រុតប្រជាប្រិយភាពដូចមុនទេ ទាំងលោកខាន់ ជេមស៍, លោកឆាយ វីរៈយុទ្ធ, មាស សុខសោភា និងសុគន្ធ និសា ដែលទើបរៀបការបើកចំហជាដើម។

ដោយឡែក សម្រាប់អ្នកចម្រៀងសាច់សខ្ចី សុខ ពិសី ដែលអ្នកនៅក្នុងរង្វង់សិល្បៈជាច្រើនដឹងថា កំពុងសាងស្នេហ៍ជាមួយលោកឡាយ សុខចំរើន ហៅសេង ដែលជាមេកោយរបស់ខ្លួននោះ នៅតែព្យាយាមលាក់បាំង…។

តារាល្បីៗជាច្រើនដែលតែងតែព្យាយាមលាក់បាំងពីជីវិតស្នេហា ព្រោះខ្លាចប៉ះពាល់ដល់សំឡេងគាំទ្រនោះ មួយរយៈចុងក្រោយនេះ ពួកគេបានផ្លាស់ប្តូរផ្នត់គំនិត ដោយហ៊ានបង្ហាញមុខប្រពន្ធកូន និងដៃគូស្នេហារបស់ខ្លួនជាបន្តបន្ទាប់។ សូម្បីតែកំពូលតារាចម្រៀងស្រីរបស់ផលិតកម្មថោន មាស សុខសោភា ដែលលាក់លៀមម្ចាស់ស្នេហ៍ លោកអ៊ិត រ៉ាដា អាណិកជនខ្មែរ នៅកាណាដា រយៈពេលជិត១០ឆ្នាំនោះ មួយរយៈចុងក្រោយនេះ ក៏ហ៊ានបណ្តើរគ្នាដោយបើកចំហដែរ ថែមទាំងប្រកាសពីគម្រោងរៀបការទៀតផង។ អ្វីដែលស្ទើរមិនគួរឱ្យជឿទៀតនោះ តារាចម្រៀងរបស់រស្មីហង្សមាស អ្នកនាងសុគន្ធ និសា ដែលចូលចិត្តលាក់បាំងរឿងស្នេហានោះ ក៏បានចូលរោងការក្រាបផ្ទឹមផ្អើលពិភពសិល្បៈដែរ។

យ៉ាងណា មានការចាប់អារម្មណ៍ថា ទំនាក់ទំនងស្នេហ៍រវាងតារាចម្រៀងល្បីឈ្មោះរូបស្រស់ សុខ ពិសី ជាមួយលោកសេង ថៅកែក្មេងរបស់ផលិតកម្មសាន់ដេ នៅមិនទាន់សារភាពជាសាធារណៈនៅឡើយ បើទោះបីអ្នកនៅក្នុងនិងក្រៅចង្កោមសិល្បៈជាច្រើនដឹងថា អ្នកទាំង២កំពុងពិសោធស្នេហ៍យ៉ាងផ្អែមត្រជាក់ក្តី។

តាមប្រភពពីតារាចម្រៀងម្នាក់ បានឱ្យដឹងថា សម្ព័ន្ធស្នេហ៍រវាងពិសី ជាមួយលោកសេង កាន់តែស្អិតល្មួតផ្អែមល្ហែមទ្វេឡើង ដែលពួកគេប្រៀបដូចជាគ្រួសារតែមួយទៅហើយ ខណៈដែលអ្នកទាំង២ បានប្តូររថយន្តគ្នាជិះដូចប្តីប្រពន្ធទៅហើយ ហើយលោកសេង ក៏ឧស្សាហ៍ចេញចូលផ្ទះសុខ ពិសី ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ ថៅកែក្មេងសាន់ដេ បានជួយលើកស្ទួយពិសី ជាខ្លាំងនៅលើវិថីចម្រៀង ព្រមទាំងបានតាមឃ្វាលពិសី ស្ទើរគ្រប់ជំហានទៅហើយ។

តាមប្រភពថា ពិសី មិនទាន់ហ៊ានសារភាពស្នេហ៍ដោយបើកចំហទេ ខណៈដែលនាងនៅព្យាយាមពិសោធស្នេហ៍លោកថៅកែបន្តទៀតសិន ត្បិតអីត្រូវបានគេដឹងថា កន្លងមក ថៅកែក្មេងក៏ជាបុរសសម្បូរស្នេហ៍ម្នាក់ផងដែរ ខណៈដែលពួកគេក៏មិនទាន់កំណត់ពីគម្រោងរៀបការនៅឡើយ។

តារាចម្រៀងសាច់សខ្ចីសុខ ពិសី មិនអាចទាក់ទងសុំការបំភ្លឺបានទេ ចំពោះដំណឹងនេះ ខណៈដែលកន្លងមក រាល់ពេលចោទសួរពាក់ព័ន្ធនឹងដំណឹងស្នេហ៍ជាមួយថៅកែក្មេង ពិសី តែងតែអះអាងថា ទំនាក់ទំនងរវាងនាងជាមួយលោកសេង ត្រឹមជាមេនិងកូនចៅតែប៉ុណ្ណោះ តែទន្ទឹមនឹងនោះ នាងតែងតែសរសើរពីលោកសេង មិនដាច់ពីមាត់ ដោយលើកឡើងថា លោកសេង ជាបុរសល្អដែលស្ត្រីទូទៅចង់រស់នៅក្បែរ។

យ៉ាងណាក៏ដោយ ប្រភពដែលនៅកៀកកិតជាមួយពិសី បានលើកឡើងថា ពិសី និងថៅកែក្មេង ជាដៃគូស្នេហាកំពុងមើលចិត្តគ្នា ដែលអាចឈានដល់គម្រោងរៀបការនាពេលខាងមុខ គ្រាន់តែពិសី ព្យាយាមលាក់បាំងស្នេហាមួយរយៈសិន។ ពោលគឺនាងនឹងសារភាពនៅពេលកៀកដល់ពេលដឹកដៃគ្នាចូលរោងការតែម្តង។

សុខ ពិសី ត្រូវបានចាត់ទុកថា ជាតារាដែលមានមន្តស្នេហ៍ទាក់ទាញមួយរូប ដែលល្បីមានបុរសៗសម្បូរទ្រព្យជាច្រើនតាមថ្ពក់ស្នេហ៍ មានទាំងឧកញ៉ា កូនឧកញ៉ា មន្ត្រីធំ និងអ្នកជំនួញមួយចំនួនជាដើម។ ពិសី ធ្លាប់សារភាពថា ពិតជាមានបុរសអ្នកមានមួយចំនួន តាមថ្ពក់ស្នេហ៍នាងមែន ប៉ុន្តែតារាសម្រស់ឆើតឆាយរូបនេះ មិនធ្លាប់សារភាពជាប់អន្ទាក់ស្នេហ៍បុរសណាម្នាក់ទេ សូម្បីទំនាក់ទំនងស្នេហ៍ផ្អែមល្ហែមជាមួយថៅកែរបស់ខ្លួន ដែលអ្នកសិល្បៈជាច្រើនបានដឹងឮក្តី ក៏ពិសី មិនសារភាពដែរ។

តាមប្រភពថា បុរសៗទ្រព្យស្តុកជាច្រើន បានខកចិត្តស្តាយសម្រស់សុខ ពិសី នៅពេលនាងសម្រេចចិត្តចងសម្ព័ន្ធស្នេហ៍ជាមេកោយរបស់ខ្លួន និងលេចជ្រាបដំណឹងថា គ្រោងរៀបការផងនោះ។

ចំពោះអាជីពចម្រៀងវិញ ក្រោយពេលតារាចម្រៀងស្រីល្បីឈ្មោះមួយចំនួន ដូចជា សុខ ស្រីនាង និងអ៊ីវ៉ា ចាកចេញពីទ្រនំសាន់ដេ ពិសី កាន់តែឈរជើងរឹងមាំនៅទ្រនំសាន់ដេ គឺនាងនៅតែឈរក្នុងលំដាប់កំពូលប្រចាំផលិតកម្ម ដោយគ្មានតារារូបណាអាចប្រជែងនាងបានទេ ស្របពេលដែលនាងមានម្ចាស់ស្នេហ៍ ដែលជាថៅកែក្មេង ជួយជ្រោមជ្រែងពេញទំហឹង៕

RELATED ARTICLES