Thursday, December 5, 2024
Homeតារាបរទេសភិងគី ចាកចោលទ្រុងមាស វិលមកកាន់សិល្បៈវិញ

ភិងគី ចាកចោលទ្រុងមាស វិលមកកាន់សិល្បៈវិញ

ប្រទេសថៃ ៖ ពិភពនៃជីវិតគូស្រករ ពុំមែនល្អផូរផង់ដូចទេវកថាទេ។ ផ្ទុយទៅវិញ ពិភពសិល្បៈប្រៀបដូចជា វិមាននៃក្តីសុបិន ដែលមានទាំងកិត្តិសព្ទ មាសប្រាក់ និងការចោមរោមស្រលាញ់ពីមនុស្សជុំវិញខ្លួន។ នេះជាមូលហេតុនាំឱ្យមនុស្សជាច្រើនចង់ចូលខ្លួនមកក្នុងវិមាននៃក្តីសុបិននេះ យ៉ាងណាមិញ អតីត តារាឯកល្បី ភិងគី សាវិកា ឆៃយដេត ក៏មិនអាចគេចផុតពីសច្ចធម៌មួយនេះដែរ។ នាងកំពុងតែវិល ត្រឡប់មកវិញ បន្ទាប់ពីបែកបាក់ជាមួយអភិជនប្រាក់ម៉ឺនលាន ។

កាលបោះជំហានចេញពីពិភពសិល្បៈ ដើម្បីទៅរៀបការជាមួយបុរសអភិជនប្រាក់ម៉ឺនលាន ផិត អ៊ិទ្ធិ ឆាវលិតថាំរ៉ុង នាងភិងគី បានសាងប្រវត្តិ “បក្សីតូចក្នុងទ្រុងមាស”។ ដោយសារទ្រព្យសម្បត្តិមហាសាលរបស់ស្វាមី។ ភិងគី មិនបាច់ធ្វើការអ្វីឱ្យនឿយហត់ទេ គឺដេកសោយសុខលើគំនរមាសប្រាក់ រហូតមនុស្សជាច្រើនលួចច្រណែន។ តែនៅពេលវិមានសួគ៌ដួលរលំ ស្របពេលដែលជីវិតគូស្រករ ពុំបានល្អត្រកាលដូចក្តីសុបិន ទីបំផុតអ្វីៗនៅសល់ត្រឹមតែស្រមោលអតីតកាល។ ៣ឆ្នាំកន្លងផុតទៅ ភិងគី សម្រេចចិត្តយ៉ាងក្លាហានចេញមកប្រកាសលែងលះស្វាមីបញ្ចប់ប្រវត្តិស្នេហ៍បក្សីក្នុងទ្រុងមាស។

នាងទម្លាយមូលហេតុនៃការលែងលះពុំមែនជាករណីបាតដៃទី៣ ឬការឈ្លោះប្រកែកគ្នាទេ តែគឺជាការខុសគ្នាផ្នែកទស្សនៈ។ ស្វាមីមានបំណងល្អចង់ឱ្យនាងរីកដុះដាលផ្នែកធុរកិច្ច ខណៈដែលនាងមិនជំនាញផ្នែកនោះសោះ ហើយនៅតែលង់ស្នេហ៍វិស័យសិល្បៈនៅឡើយ។

ទីបំផុតនាងក៏សម្រេចចិត្តចាកចេញពីសួគ៌វិមាន វិលត្រឡប់ទៅរួមរស់ជាមួយឪពុកម្តាយវិញ។ នាងអះអាងថា នៅតែស្រលាញ់ស្វាមី ហើយបើគេចង់មានថ្មីទៀតក៏មិនអីដែរ។ នាងថា នាងចុះចេញមកតែខ្លួនទេ ព្រោះមិនអាចទ្រាំទ្រនឹងគ្នាបានតទៅទៀត។

តែជីវិតគូស្រករវាត្រូវមាន “អូន និងបង”។ ពេល“អូន” ចេញនិយាយ ក៏ដល់វេន “បង” ចេញមកបកស្រាយវិញម្តង។ ពាក្យសម្តីដែលហូរចេញពីមាត់អភិជន ផិត ខុសគ្នាពីពាក្យសម្តីរបស់ ភិងគី ដូចបាតដៃ និងខ្នងដៃ។ លោកប្រាប់ថា “ព័ត៌មានដែលថា ខ្ញុំមិនឱ្យ ភិងគី ធ្វើការសិល្បៈ ពុំមែនជាការពិត។ ជារឿងដែលមហាជនយល់ច្រឡំជាង៣ឆ្នាំមកហើយ។ ខ្ញុំខ្ជិលនឹងបរិយាយថា កាលមុនរៀបការ យើងបាននិយាយគ្នាយ៉ាងម៉េចខ្លះ ហើយនាងបានសំណូមពរអ្វី។ តែក្រោយមក នាងចង់តែត្រឡប់ទៅធ្វើការ (សិល្បៈ) វិញ។ ខ្ញុំយល់ថា ពាក្យសន្យាដែលធ្លាប់មានជាមួយខ្ញុំ វាយ៉ាងម៉េចទៅហើយ។ បើចង់ទៅធ្វើការមិនចាំបាច់មានខ្ញុំក៏បាន”។

ទោះជាយ៉ាងណា អភិជន ផិត ប្រាប់ថាលោកមិនដែលហាម ភិងគី រឿងធ្វើការទេ។ បើនាងមិនថ្នឹករឿងធុរកិច្ច លោកជួយបង្រៀនណែនាំ។ តែពេលធ្វើៗទៅ នាងក៏ចាប់ផ្តើមយ៉ាប់យ៉ឺនចិត្ត។ ចំណែករឿងលុយកាក់វិញ លោកប្រាប់ថា “ខ្ញុំឱ្យលុយទៅផ្ទះនាង មួយខែប៉ុន្មាន មនុស្សផ្ទះនាងគួរតែដឹង។ ចាប់ពីដើមឆ្នាំ២០០៦ មានព័ត៌មានថា ខ្ញុំឱ្យមួយខែ៥ម៉ឺនបាត មានការសម្ភាសន៍ម៉ែ។ ខ្ញុំមិនយល់ទាល់តែសោះ។ ខ្ញុំឱ្យ (លើសហ្នឹង) ៥ដង ៧ដង ១០ដង ក៏មាន តែហេតុអ្វីនិយាយឱ្យមានការសង្ស័យបែបនេះ។ វាធ្វើឱ្យមើលឃើញដូចជាផ្ទះរបស់នាងខ្វះហូបចុក។ និយាយដោយស្មោះទៅ វាពុំមែនជាតួនាទីខ្ញុំទេ តែខ្ញុំក៏បានធ្វើជូនច្រើនទ្វេដង ព្រោះខ្ញុំចាត់ទុកថា ជាក្រុមគ្រួសារ។ ហេតុអ្វីក៏និយាយឱ្យគេស្អប់ខ្ញុំបែបហ្នឹង?”។

រឿងមនុស្សពីរនាក់ធ្លាប់ស្រលាញ់គ្នាផ្អែមល្ហែម ហើយត្រឡប់ជាបែកបាក់គ្នា ព្រោះតែរឿងទស្សនៈមិនស្របគ្នា គួរតែពុំមែនជាមូលហេតុទាំងស្រុងទេ។ អ្នកណាខុស អ្នកណាត្រូវ មិនទាន់ប្រាកដ។ តែអ្វីដែលប្រាកដនោះ ក្រោយពេលលែងលះស្វាមីហើយ ភិងគី ក៏វិលត្រឡប់មកកាន់ពិភពសិល្បៈវិញ។ នាងទទះស្លាបហើរចេញពីទ្រុងមាស ដោយគ្មានស្តាយស្រណោះ ហើយសម្រាប់នាងពេលនេះ ការងារគឺមាសប្រាក់ ដែលនាងអាចប្រគល់សេចក្តីសុខ និងមើលថែទាំក្រុមគ្រួសារ ដោយពុំចាំបាច់ទៅលាដៃសុំនរណាទៀត។ នាងចូលសិល្បៈពេញទំហឹង ដើម្បីទារយកបល្ល័ង្ករាជិនីមកវិញ។

ជ្រុលជាស្នេហាមិនរុងរឿងទៅហើយ នាងសុខចិត្តដាក់កាយដាក់ចិត្តលើការងារវិញ។ ពេលនេះ កាលវិភាគការងាររបស់នាងវែងអន្លាយហួសទៅមុខពីរឆ្នាំ។ ឈ្មោះស្រីមេម៉ាយ ពុំមែនជា ឧបសគ្គសម្រាប់ការវិលត្រឡប់របស់នាងទេ៕

RELATED ARTICLES