Friday, March 29, 2024
Homeព័ត៌មានជាតិគ្រោះថ្នាក់មើលមិនឃើញទេ លើកក្រោយកុំទៅអង្គុយក្បែរទៀត

គ្រោះថ្នាក់មើលមិនឃើញទេ លើកក្រោយកុំទៅអង្គុយក្បែរទៀត

ខេត្តប៉ៃលិន ៖ បុរសម្នាក់បានធ្វើការកែច្នៃកាំភ្លើងឆ្នុកមួយដើម សម្រាប់ដើរបរបាញ់សត្វ ចំណែកស្ត្រីជាប្រពន្ធហេតុតែចង់មើលប្តីច្នៃកាំភ្លើងផង ចង់ឱ្យកម្លាំងចិត្តប្តីផង ក៏អង្គុយមើលចំពីមុខកាណុងកាំភ្លើង ដឹងអី! ប្តីធ្វើការកែច្នៃខុសបច្ចេកទេស ស្រាប់តែធ្វើឱ្យផ្ទុះត្រូវចំដៃ និងធ្លាយពោះប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍ប្តីច្នៃកាំភ្លើងភ្លាត់ស្នៀតផ្ទុះចំប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។

ស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះមាស គែម អាយុ៥២ឆ្នាំ មុខរបរកសិករ រងរបួសចំដៃ និងពោះធ្ងន់។ ចំណែកជនបង្កជាប្តី មានឈ្មោះខឿង ព្រិច អាយុ៤៩ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាប្តីបានយកកាំភ្លើងចាស់មកកែច្នៃ ដើម្បីទុកដើរបរបាញ់សត្វ ស្របពេលនោះ ស្ត្រីរងគ្រោះជាប្រពន្ធបានមកអង្គុយពីមុខប្តី ចាំមើលប្តីច្នៃកាំភ្លើងផង និងដើម្បីជាការផ្តល់កម្លាំងចិត្តឱ្យប្តីប្រឹងធ្វើការងារផង ស្រាប់តែអកុសល មិនដឹងជាយ៉ាងម៉េច បុរសជាប្តីធ្វើការកែច្នៃខុសបច្ចេកទេស ក៏បណ្តាលឱ្យផ្ទុះឮសូរផះ ត្រូវចំស្ត្រីរងគ្រោះជាប្រពន្ធដែលអង្គុយពីមុខពេញទំហឹង បណ្តាលឱ្យចំដៃ និងផ្ទៃពោះយ៉ាងធ្ងន់ធ្ងរតែម្តង។

លោកវរសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការក្រុងប៉ៃលិន បានឱ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗ ស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានបងប្អួនសាច់ញាតិដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកជនបង្កជាប្តី ត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះធ្វើការឃាត់ខ្លួន ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធី។

គួររំលឹកថា ករណីកែច្នៃកាំភ្លើងនៅខេត្តប៉ៃលិន ហាក់កើតមានច្រើនខ្លាំងណាស់ និងបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗជាញឹកញាប់ ជាក់ស្តែង ថ្មីៗកន្លងទៅនេះ មានករណីធ្វើអត្តឃាតនៅភ្នំស្រង់ ក្នុងស្រុកសាលាក្រៅ និងការធ្វើអត្តឃាតនៅសង្កាត់អូរតាវ៉ៅ ដែលសុទ្ធតែប្រើប្រាស់កាំភ្លើងច្នៃ។ ហេតុនេះ ប្រជាពលរដ្ឋបានសំណូមឱ្យសមត្ថកិច្ចជួយចុះស្រាវជ្រាវបញ្ហាខាងលើនេះផង ពិសេសក្តាប់ឱ្យបាននូវការគ្រប់គ្រង់អាវុធកែច្នៃ ដើម្បីរក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម៕

 

អត្ថបទមុនៗ

 

ប្រពន្ធឆ្លងទន្លេ៣ថ្ងៃ ប្តីពង្រត់ស្រីក្មេង

អបាយមុខ មានច្រើនយ៉ាង តែក្នុងចំណោមនោះមាន ៣យ៉ាង ដែលធ្ងន់ជាងគេ គឺស្រី ស្រា ល្បែង។ តួយ៉ាង នារីម្នាក់នេះ បានត្អូញត្អែរថា ប្តីនាងវក់លេងល្បែង ស៊ីសង និងលួចមានស្រីញីនៅខាងក្រៅជាហូរហែ បំផ្លាញទ្រព្យសម្បត្តិអស់គ្មានសល់ ហើយចុងក្រោយ ខណៈដែលនាងទើប តែឆ្លងទន្លេកូនខ្ចីបាន៣ថ្ងៃ ប្តីហេងស៊យរូបនេះ បានពង្រត់ស្រីក្មេង ទៅបាត់ស្រមោល ទុកម្តាយ កូននាងចោលឱ្យរស់នៅ យ៉ាងលំបាកវេទនា…។

នាងអ៊ឹម ថុន អាយុ៣៧ឆ្នាំ រស់នៅភូមិ តាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បានរៀបរាប់ពីដំណើរជីវិត ទាំងក្តុកក្តួលឱ្យដឹងថា រូបនាងជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ (ស្រី៣ ប្រុស១) មានម្តាយឈ្មោះសូ និត អាយុ៧២ឆ្នាំ ឪពុកឈ្មោះសូ អាន (ស្លាប់)។ កាលពីក្មេង នាងបានរៀនសូត្រចប់ថ្នាក់បឋមសិក្សានឹងគេដែរ លុះធំពេញវ័យ រហូតមកដល់សព្វថ្ងៃ គាត់ធ្លាប់មានប្តីដល់ទៅ២នាក់។
នាងរំលឹកថា កាលពីទើបធំពេញក្រមុំអាយុ១៨ឆ្នាំ កំពុងតែស្រស់ស្អាតសាច់សខ្ចីដូចឃ្មុំកំពុងពេញក្បាលទឹក ម្តាយទុក ឪពុកដាក់ផ្សំផ្គុំឱ្យរៀបការជាមួយបុរសម្នាក់ ឈ្មោះម៉ឹក (នៅកំលោះក្រមុំដូចគ្នា) ជាអ្នកស្រុកត្រាំកក់ ខេត្តតាកែវ។ ពេលរៀបការហើយថ្មីថ្មោង នាងបានទៅ រស់នៅខាងប្តីឯខេត្តតាកែវ ដោយចាប់របរធ្វើស្រែចម្ការ ច្បារដំណាំ ជាស្បៀងលៀងជីវិត ហើយពេលនោះ ប្តីប្រពន្ធនាងស្រលាញ់ល្អូកល្អិននឹងគ្នាណាស់ ដូចទឹក និងត្រី ទៅណាមកណា បណ្តើរគ្នាឱ្យត្រសងដូចលលក ញីឈ្មោល ប៉ុន្តែគួរឱ្យស្តាយ ក្រោយពីសាងក្បូនស្នេហ៍ នឹងគ្នាបាន១ឆ្នាំ មិនទាន់បង្កើតបានកូនមួយគ្រាប់ភ្ជាប់ និស្ស័យស្នេហាជាមួយគ្នាផង ចំណងស្នេហ៍ប្តីប្រពន្ធ នាងចាប់ផ្តើមមានភាពរង្គោះរង្គើនឹងគ្នា ដោយសារ វត្តមានបងប្អូនប្តីជាអ្នកមកជ្រៀតជ្រែកស្នេហ៍ ធ្វើឱ្យ នាងមិនអាចទ្រាំរួមរស់ជាមួយប្តីតទៅទៀតបាន ក៏ឱបបង្វេចរត់មកផ្ទះវិញតែម្តង ក្នុងរូបភាពផ្តាច់និស្ស័យ ស្នេហ៍ប្តីប្រពន្ធនឹងគ្នាចាប់ពីពេលនោះមក។

លោកហ៊ី ក្រួច (ប្តីទី២) និងនាងអ៊ឹម ថុន
នាងថុន បន្តឱ្យដឹងទៀតថា ក្រោយពីធ្លាក់ខ្លួនជា ស្រីមេម៉ាយក្តៅស្រួយតែមួយរយៈខ្លី នាងបានជួប ស្នេហ៍ជាមួយប្តីទី២ ឈ្មោះហ៊ី ក្រួច នៅកំលោះបរិសុទ្ធដូចដាវមិនទាន់ដកចេញពីស្រោម និងចាប់របរធ្វើ ស្រែចម្ការចិញ្ចឹមជីវិត ហើយឆ្លៀតពេលទំនេរពីការងារ ស្រែចម្ការ ប្តីចាប់របរអូសរទេះលក់ដូង នៅក្នុងទីក្រុងភ្នំពេញ ជួយដោះស្រាយជីវភាពប្រចាំថ្ងៃមួយកម្រិតទៀត។ តាមពិតទៅ មុខរបរលក់ដូងមួយនេះមានភាព កាក់កបណាស់ ដែលអាចស្វែងរកប្រាក់ចំណេញបានច្រើនគួរសម ប៉ុន្តែប្តីរបស់នាងជាមនុស្សល្មោភកាម មានស្រីញីជាបន្តបន្ទាប់រាប់មិន អស់ ព្រមទាំងវក់លេងល្បែងស៊ីសងទៀត ទើបធ្វើឱ្យប្រាក់ចំណេញពី ការលក់ដូងទាំងប៉ុន្មាន មិនដែលបានយកមកចិញ្ចឹមប្រពន្ធកូនម្តងណាឡើយ ថែមទាំងយកលុយផ្ទះធ្វើដើមទុនទៀតផង រហូតអស់ចុងអស់ដើមរលីង នាងក៏សម្រេចចិត្តហៅប្តីត្រឡប់មកផ្ទះវិញ ជួយការងារស្រែចម្ការ ពេញដៃពេញជើងតែម្តង ដោយសង្ឃឹមថា ប្តីកែចរិតបោះបង់ល្បែង ស្រី ស្រាចោល តែដឹងអី! ប្តីរបស់នាងកាន់តែវក់លេងល្បែងខ្លាំងឡើង ដោយមួយថ្ងៃៗដើរបាត់ៗពីផ្ទះ ទៅលេងបៀ អាប៉ោង ព្រឹកបាត់ ល្ងាចទើបមកដល់ មិនខ្វាយខ្វល់ពីការងារស្រែ ចម្ការចិញ្ចឹមប្រពន្ធកូនឡើយ ព្រមទាំងលួចទៅមានស្រី (សុំមិនបញ្ចោញឈ្មោះ) នៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុកដងទង់ ទៀតផង។ លុះពេលប្តីភ្លើតភ្លើនដើរស៊ី ចាយ លេងល្បែង ស្រីញីអូនបងអស់លុយពីខ្លួន ទើបធ្វើល្អដាក់ប្រពន្ធ ដោយលួងលោមនាងឱ្យយកប្លង់ដីស្រែ មួយកន្លែង ទៅបញ្ចាំនៅធនាគារ យកប្រាក់ទៅធ្វើដើម រកស៊ីអូសរទេះលក់ដូងនៅក្នុងទីក្រុងភ្នំពេញវិញ។ ចំណែក នាងវិញ ដោយនឹកស្មានថា ប្តីភ្ញាក់រលឹកកែខ្លួនសង្វាតរកប្រាក់ឡើងវិញ ក៏ជួយបំពេញបំណងប្តី យកប្លង់ដីទៅខ្ចី ប្រាក់ពីធនាគារ។

នាងអ៊ឹម ថុន
នាងអ៊ឹម ថុន បន្តទាំងអួលដើមកថា លុះពេលបានប្រាក់ ដល់ដៃហើយ ប្តីបានទៅរកស៊ីនៅក្រុងភ្នំពេញ មែន ប៉ុន្តែប្តីនាង មិនព្រមចោលចរិតចាស់ឡើយ មិនខុសពីឆ្កែកន្ទុយខ្វៀនទេ ដោយងប់ងុលដើរលេងល្បែង ស្រីញី អូនបងដដែល គ្មានបានប្រាក់មួយ រៀលចូលផ្ទះសម្រាប់បងបំណុលធនាគារឡើយ ដែលពេលនោះ តម្រូវឱ្យនាងយកប្លង់ដី ទៅដាក់បញ្ចាំខ្ចីប្រាក់ពីធនាគារផ្សេងជាបន្តបន្ទាប់ ដើម្បីយកប្រាក់បង់ធនាគារមុនៗ រហូតរកសង បង្វិលលែងបាន ខាងធនាគាររឹបអូសលក់ឡៃឡុងដី ស្រែចម្ការរបស់នាងអស់គ្មានសល់ ក៏ប្តីរបស់នាង មិនឈឺក្បាលវិលមុខឡើយ ប៉ុន្តែអ្វីដែលធ្វើឱ្យនាងឈឺ ចាប់បំផុតនោះ គឺពេលដែលនាងទើបតែសម្រាលកូន ទី២បាន៣ថ្ងៃ ស្រាប់តែប្តីហេងស៊យនេះ បានពង្រត់ ស្រីស្នេហ៍ដែលរស់នៅភូមិក្រាំងលាវនោះ ទៅបាត់ ស្រមោល ទុកម្តាយកូនពួកនាងឱ្យរស់នៅយ៉ាងលំបាក វេទនា គ្មានទ្រព្យសម្បត្តិអ្វីនៅជាប់ខ្លួនទៀតឡើយ។

លោកម៉ាង វណ្ណៈ អាយុ២៤ឆ្នាំ ជាប្អូនបានឱ្យដឹងថា លោកមានចិត្តអាណិតបងស្រីណាស់ ព្រោះតែជួបប្តីជាមនុស្សញៀនល្បែង ស្រី ស្រា ទើបត្រូវវិនាសទ្រព្យ សម្បត្តិដីស្រែចម្ការកេរអាករ ទាំងប៉ុន្មានអស់គ្មាន សល់។ មិនត្រឹមតែប៉ុណ្ណោះ បងថ្លៃកំហូចនោះ បានចុះ ចោលផ្ទះ ពង្រត់ស្រីក្មេងបាត់ស្រមោល ទុកប្រពន្ធកូនខ្ចី ឱ្យនៅតែម្នាក់ឯង គ្មានអាណិតអាសូរឡើយ កុំតែបាន ក្រុមគ្រួសារជួយយកអាសាទឹកក្តៅទឹកត្រជាក់ បោក កន្ទប ដាំបាយទឹក មិនដឹងជាបងស្រីជួបការលំបាកដល់ កម្រិតណាទេ។

លោកយាយសូ និត
លោកយាយសូ និត ជាម្តាយបានឱ្យដឹងថា គាត់ឆ្អែតចិត្តជាមួយនឹងកូនប្រសារូបនេះខ្លាំងណាស់។ គេ មិនត្រឹមតែធ្វើបាបចិត្តប្រពន្ធ ដោយសារលេងល្បែង ស៊ីសង មានស្រីញីនៅខាងក្រៅទេ ថែមទាំងបោកកូន ស្រីគាត់ឱ្យយកប្លង់ដីទៅបញ្ចាំធនាគារ ត្រូវគេរឹបអូស បំផ្លាញអស់គ្មានសល់ តើឪពុកម្តាយក្មេកណាមិនខឹង នោះ? ហើយបើកូនប្រសាជើងល្អនេះ អស់ផ្លូវដើរ បោលក្បាលចូលផ្ទះវិញនោះ គាត់មិនឱ្យចូលផ្ទះឡើយ ព្រោះគេបំផ្លាញទ្រព្យសម្បត្តិកេរអាករខ្ទេចខ្ទីអស់។

លោកម៉ាង វណ្ណៈ
ចំពោះអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា នាងអ៊ឹម ថុន ពិតជាអភ័ព្វណាស់។ កាលពី យកប្តីទី១ រួមរស់ជាមួយគ្នាបានតែមួយរយៈខ្លី ក៏បែកបាក់គ្នាបាត់ ដោយសារបងប្អូនមកជ្រៀតជ្រែក ក្នុងរង្វង់គ្រួសារ។ លុះបានជួបស្នេហ៍ជាមួយប្តីទី២ ជួបប្រុសញៀនល្បែងស៊ីសង ល្មោភកាម ក្បត់ចិត្ត ប្រពន្ធ លួចមានស្រីញីនៅខាងក្រៅជាបន្តបន្ទាប់។ ធ្ងន់ជាងនេះទៀត គេបានលួងលោមប្រពន្ធឱ្យទៅខ្ចីប្រាក់ពីធនាគារ យកទៅដើរលេងស៊ីចាយបំផ្លាញអស់គ្មានសល់ ហើយចុងក្រោយ ខណៈដែលប្រពន្ធទើបតែសម្រាល កូនខ្ចីបាន៣ថ្ងៃ ប្តីទី២រូបនេះទៅពង្រត់ស្រីស្នេហ៍ ចុះចោលផ្ទះបាត់ស្រមោល ពិតជាប្រុសចោលម្សៀតមែន។ ពួកគាត់បង្ហើបថា បើព្រាត់ប្រាសគ្នាក៏ល្អម៉្យាងដែរ ព្រោះប្រុសរបៀបនេះ ទោះរួមរស់ជាប្រពន្ធប្តីតទៅទៀត ក៏រកអនាគតភ្លឺស្វាងមិនឃើញដែរ។
ជុំវិញនឹងការលើកឡើងខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងលោកហ៊ី ក្រួច ជាប្តីទី២ របស់នាងអ៊ឹម ថុន សុំការបកស្រាយបានទេ ប៉ុន្តែ យ៉ាងណា យើងនឹងរង់ចាំការបំភ្លឺពីលោកជានិច្ច…”៕

 

http://www.nokorthomdaily.com/2018/01/real-life-00291-611a/

RELATED ARTICLES