សហរដ្ឋអាមេរិក ៖ បន្ទាប់ពីបានប្រកាស បង្កើត “ចលនាសង្គ្រោះជាតិ” កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ រួចក៏មានប្រតិកម្មមិនគាំទ្រ ពីអតីតសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួន ពិសេសសអ្នកនៅក្រុមលោក កឹម សុខា នោះ លោកសម រង្ស៊ី អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ បានចេញមុខ ឆ្លើយតប បកស្រាយពន្យល់បំភ្លឺអំពីមូលហេតុ នៃការបង្កើត “ចលនាសង្គ្រោះជាតិ” នេះ ដោយ លោកបានបញ្ជាក់ថា ការបង្កើតចលនាសង្គ្រោះជាតិ មិនមែនជាសញ្ញានៃការបាក់បែករបស់ អតីតគណបក្សសង្គ្រោះជាតិ នោះទេ តែចលនា សង្គ្រោះជាតិ គឺជាសកម្មភាពរបស់គណបក្ស សង្គ្រោះជាតិ តាមរូបភាពថ្មីមួយដែលខ្លាំងជាង មុន និងមានប្រសិទ្ធភាពប្រសើរជាងមុន ហើយ ចលនាសង្គ្រោះជាតិ នឹងរៀបចំក្បាលម៉ាស៊ីន របស់ខ្លួន ដែលភាគច្រើនមកពីអតីតគណបក្ស សង្គ្រោះជាតិ ដើម្បីធានាឱ្យមានទំនាក់ទំនងគ្នា ប្រកបដោយសេរីភាព ដោយចំហ ទូលំទូលាយ និងរលូន ហើយក៏អាចធ្វើសេចក្តីសម្រេចប្រកប ដោយតម្លាភាព ប្រសិទ្ធភាព និងរហ័សទាន់ពេល វេលា ដើម្បីជំរុញឱ្យមានការដោះលែងលោក កឹម សុខា និងអ្នកទោសមនសិការទាំងអស់ ឱ្យ មានការបោះឆ្នោតដោយសេរី យុត្តិធម៌ និង ត្រឹមត្រូវ ដែលត្រូវតែមានការចូលរួមដាច់ខាត ពីគណបក្សសង្គ្រោះជាតិ។
អតីតមេបក្សប្រឆាំងរូបនេះ បញ្ជាក់ថា នៅពេលធ្វើសកម្មភាពទាមទារបានសម្រេច គោលបំណងនេះហើយ ចលនាសង្គ្រោះជាតិ នឹងរំលាយខ្លួនឯង ហើយអ្នកតស៊ូក្នុងចលនានេះ នឹងមកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិវិញ ដើម្បីឱ្យគណបក្សនេះទទួលបានជ័យជម្នះក្នុង ការបោះឆ្នោតខាងមុខ។
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ថ្លែង ក្នុងកិច្ចប្រជុំសាធារណៈ ជាមួយអតីតថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកសម រង្ស៊ី បានមានប្រសាសន៍ ថា “បញ្ហារបស់យើង គឺរដ្ឋអំណាចលោកហ៊ុន សែន គណបក្សកាន់អំណាចសព្វថ្ងៃ គេវ៉ៃយើង ខ្លាំងមែនទែន គេធ្វើបាបយើងខ្លាំងមែនទែន មិនដែល រករឿងយើង កម្ចាត់យើងរបៀបហ្នឹង ដល់កម្រិត ហ្នឹងទេ គេចាប់ប្រធានយើងដាក់គុក គេរំលាយគណបក្សយើង គេប្លន់តំណែងពីយើង គេគំរាមកំហែងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទូទាំងប្រទេស យើងមិនអាចធ្វើអីបាន យើង រតាត់រតាយ និយាយឱ្យចំទៅ សូម្បីតែទាក់ទង គ្នាក៏ពិបាកទាក់ទងគ្នាទៀត មិនដឹងអ្នកណាទៅណា មកណាបាត់ហើយ រត់ពួនគេចខ្លួន ធ្លាប់នៅនេះ ឥឡូវទៅនៅណោះ អ៊ីចឹងយើងជួបការលំបាក មែនទែន យើងត្រូវតែរកដំណោះស្រាយ ដែល គេវ៉ៃយើង យើងទ្រម យើងទន់ស្ទើរតែដួល ប៉ុន្តែមិនឱ្យដួលទេ ត្រូវតែពង្រឹងកម្លាំង ពង្រឹង ស្មារតី ឈរឱ្យជាប់ ត្រូវតែរកកម្លាំងបន្ថែម ដើម្បីទប់ទល់។ អ្នកខ្លះថា បណ្តោយអ៊ីចឹងទៅ គង់តែយើងរឹងមាំឡើងវិញ ថ្ងៃក្រោយ គង់តែ យើងខ្លាំងឡើងវិញ ឈ្នះឡើងវិញ បណ្តោយ ឱ្យគេធ្វើអីធ្វើទៅ ប៉ុនណាប៉ុណ្ណឹងហើយ មិនបាច់ ធ្វើអីថ្មីទេ គិតអ៊ីចឹងខុសបងប្អូន បើយើងមិន រកដំណោះស្រាយ យើងមិនរកវិធីណាមួយ ដើម្បីរើបម្រះពង្រឹងកម្លាំងយើងឡើងវិញ ឱ្យ យើងមានលទ្ធភាពធ្វើការតស៊ូឡើងវិញ ពេល នោះយើងនឹងជួបប្រឈមនឹងគ្រោះថ្នាក់ ហើយ និយាយឱ្យចំ ខ្ញុំហ៊ាននិយាយថា គណបក្សយើង នឹងសាបសូន្យ បើយើងនៅស្ងៀមអ៊ីចឹង វិធីរបស់ គេ នយោបាយរបស់គេ គឺគេធ្វើឱ្យយើងកាន់តែ ទន់ឡើងៗ ដោយសារគេប្រកាសថា យើងខុស ច្បាប់ យើងក្បត់ជាតិ គេចាប់យើងដាក់គុកចាប់ តាំងពីប្រធានយើង តំណាងយើង ថ្នាក់ដឹកនាំ គណបក្សយើងរតាត់រតាយ អ្នកណាសម្រេចអី កើត ពេលហ្នឹង ប្រជារាស្ត្រអ្នកគាំទ្រយើង មើល យើងយូរៗទៅ អស់សង្ឃឹម មិនដឹងអ្នកណាទៅ ណា អ្នកណាធ្វើអី មិនដឹងអ្នកណាដឹកនាំ អ្នកណាសម្រេច យើងចេះតែប្រកាសថា អត់អីទេៗ មិនមែនអត់អីទេបងប្អូន ធ្ងន់ណាស់! អ៊ីចឹងហើយ បានជាមួយសហការី អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដូចគ្នា យើងទើបតែបានជួបជុំគ្នាប៉ុន្មានថ្ងៃ ចុងក្រោយនេះ យើងសម្រេចថា ត្រូវតែរក មធ្យោបាយណាមួយ ត្រូវតែរកដំណោះស្រាយ ណាមួយ ដើម្បីលើកទឹកចិត្តអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ដែលឥឡូវកំពុងតែរងា កំពុងតែ តែលតោល កំពុងតែស្រពេចព្រិលពីអនាគតគណបក្សសង្គ្រោះជាតិ ឱ្យពួកគេធ្វើអី ចាំអី សង្ឃឹម អី? អ៊ីចឹងហើយបានយើងបានរៀបចំសម្រេច ហើយសូមឱ្យបងប្អូនជួយគិតគូរ ហើយសម្រេច ហើយគាំទ្រទាំងអស់គ្នា ចលនាសង្គ្រោះជាតិ បងប្អូនសួរថា ចលនាសង្គ្រោះជាតិ តើវាខុសពី គណបក្សសង្គ្រោះជាតិ យ៉ាងម៉េច? ហើយចលនា សង្គ្រោះជាតិហ្នឹង អាចជួយគណបក្សសង្គ្រោះជាតិ យ៉ាងម៉េច?”។
លោកសម រង្ស៊ី បន្តថា “ហេតុផលមាន ច្រើន ប៉ុន្តែសំខាន់ៗជាងគេ មានដូចតទៅ ៖ ១-ចលនាសង្គ្រោះជាតិ គឺជាក្របខ័ណ្ឌថ្មីមួយ ដើម្បីរក្សានិងពង្រឹងកម្លាំងរបស់យើង មិន ឱ្យខ្ចាត់ខ្ចាយ មិនឱ្យគេមានលេសតាមដាន ធ្វើ បាបដូចនៅក្នុងគណបក្សសង្គ្រោះជាតិ ពីព្រោះ ក្របខ័ណ្ឌថ្មីជាចលនានេះ គ្មានអ្នកណាប៉ះពាល់ បានទេ គ្មានអ្នកណារំលាយបានទេ សូម្បី រំលាយលើក្រដាសក៏មិនបានដែរ ព្រោះមិនមែនជាគណបក្សចុះឈ្មោះនៅក្រសួងមហាផ្ទៃ ឱ្យគេរំលាយទៅវិញទេ ចលនានេះ គឺទូលំទូលាយ បត់បែនតាមស្ថានការណ៍ អត់មានអ្នកណាធ្វើ អីយើងបានទេ មិនដូចគណបក្ស អ៊ីចឹងយើង នឹងបន្តសកម្មភាពយើងក្នុងក្របខ័ណ្ឌចលនា តែចលនាសង្គ្រោះជាតិ និងគណបក្សសង្គ្រោះជាតិ គឺនិយាយឱ្យចំទៅតែមួយទេ ឆន្ទៈតែមួយ ឧត្តមគតិតែមួយ គោលដៅតែមួយ គឺសង្គ្រោះជាតិ អ៊ីចឹងហើយបានឈ្មោះដូចគ្នា មួយឈ្មោះ គណបក្សសង្គ្រោះជាតិ មួយឈ្មោះចលនាសង្គ្រោះជាតិ ប៉ុន្តែកាលៈទេសៈតម្រូវពេលនេះ ក្រោយ ពេលរំលាយគណបក្សសង្គ្រោះជាតិ យើងត្រូវ ងើបឡើងវិញ តាមរូបភាពណាមួយថ្មី ដែលគេ មិនអាចប៉ះពាល់បាន គឺតាមរូបភាពចលនា ហើយចលនានេះ យើងអាចធ្វើសកម្មភាពខ្លាំង ជាងគណបក្សទៀត បើយើងធ្វើសកម្មភាពជា គណបក្ស យើងមិនអាចអំពាវនាវឱ្យប្រជារាស្ត្រ បះបោរ ឱ្យងើបឈរធ្វើបាតុកម្ម ជាពិសេស កម្មករធ្វើកូដកម្ម ឥឡូវអ្នកណាហ៊ានអំពាវនាវ? ចឹងក្នុងជួរគណបក្សសង្គ្រោះជាតិ ហ្នឹងច្បាស់គេ រករឿងខ្លាំងមែនទែន គឺគណបក្សមិនអាចទេ ហើយជាពិសេសអំពាវឱ្យកងកម្លាំងប្រដាប់អាវុធឈរខាងប្រជារាស្ត្រ កុំឈរខាងជនផ្តាច់ការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ទាហាន នគរបាល ដែលចេញមកពីប្រជារាស្ត្រខ្មែរ ដូច្នេះ កងកម្លាំងប្រដាប់អាវុធ មិនត្រូវស្តាប់បញ្ជាពួក ជនផ្តាច់ការ ទៅបាញ់ប្រហារ ទៅសម្លាប់ ប្រជារាស្ត្រ លោកតវ៉ាដោយសន្តិវិធី ទាមទារ សេរីភាព លទ្ធិប្រជាធិតេយ្យ តាមរយៈបាតុកម្ម ដោយសន្តិវិធី គឺមិនត្រូវបាញ់ប្រហារ មិនត្រូវ សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ទេ អត់មានកំហុស អីទេ គ្រាន់តែទាមទារសេរីភាព ទាមទារលទ្ធិប្រជាធិបតេយ្យ ទាមទារយុត្តិធម៌ មានខុសអី? ហើយទាមទារដោយអហិង្សាថែមទៀត អ៊ីចឹង យើងនឹងធ្វើសកម្មភាពបំផុសបំផុលឱ្យកងកម្លាំង ប្រដាប់អាវុធ គឺមិនធ្វើតាមបញ្ជាជនផ្តាច់ការ ហើយឈរខាងប្រជារាស្ត្រ ការពារប្រជារាស្ត្រ វិញ។ សេចក្តីអំពាវនាវបែបហ្នឹង គណបក្សសង្គ្រោះជាតិ មិនអាចធ្វើបានទេ អ៊ីចឹងស្ថាន ការណ៍នៅតែដដែល ហ៊ុន សែន ជិះសេះលែង ដៃ ធ្វើបានតាមចិត្ត ប្រជារាស្ត្រខ្មែរ មិនអាច រើបម្រះបាន ហើយមិនចេះរើបម្រះ តែចលនា សង្គ្រោះជាតិនេះ នឹងអនុញ្ញាតឱ្យយើងធ្វើសកម្មភាពផ្សេងៗ ក្នុងនោះ នឹងមានការអំពាវនាវ ឱ្យ ប្រជារាស្ត្រងើបឈរ កុំឱនឱ្យគេជាន់ កុំឱ្យ គេធ្វើបាបយើងដូចសព្វថ្ងៃទៀត យើងត្រូវតែ រកផ្លូវណាមួយកុំឱ្យគេធ្វើបាបទៀត ហើយអ្នក បំផុសបំផុល គឺចលនាសង្គ្រោះជាតិ។ ម៉្យាងវិញ ទៀតចលនាសង្គ្រោះជាតិ នឹងមានអ្នកគាំទ្រ ច្រើនជាងមុនទៀត ជាពិសេសអ្នកគាំទ្រថ្មី បងប្អូននឹងឃើញ មានតំណាងសង្គមស៊ីវិល អង្គការ ក្រៅរដ្ឋាភិបាល អង្គការសិទ្ធិមនុស្ស អង្គការ សិទ្ធិដីធ្លី អង្គការបរិស្ថាន សហជីពកម្មករ អ្នកសារព័ត៌មាន ពីច្រើនមជ្ឈដ្ឋានណាស់ ពីមុនគេ មិនអាចចូលជាសមាជិកគណបក្សណាមួយ ពីព្រោះសង្គមស៊ីវិល និងគណបក្សដាច់ពីគ្នា មិន អាចធ្វើជាសមាជិកគណបក្សបានទេ តែបើធ្វើ ជាសមាជិកចលនាបាន ពីព្រោះចលនានេះ មិន ទៅដណ្តើមអំណាចពីនរណាទេ ចលនានេះ ទាមទារឱ្យមានការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌ ចំហ ដោយមិនប្រកាន់បក្ខពួក មិន ប្រកាន់និន្នាការនយោបាយ ការបោះឆ្នោតនេះ គឺសេរីទូលំទូលាយ ប្រជារាស្ត្រលោកបោះឆ្នោត ខាងណា ឱ្យគេបោះឆ្នោតខាងហ្នឹងទៅ មិនត្រូវ រារាំងមិនឱ្យគណបក្សនេះចូលរួម ឱ្យតែគណបក្សកាន់អំណាច ហើយបក្ខពួកចូលរួមការ បោះឆ្នោតបែបនេះ មិនមែនការបោះឆ្នោតសេរី យុត្តិធម៌ ទូលំទូលាយឯណា ការបោះឆ្នោត លេងសើច ចង្អៀត ផ្តាច់ការ។ អ៊ីចឹងចលនាហ្នឹង គ្រាន់តែទាមទារឱ្យមានការបោះឆ្នោត សេរី និងត្រឹមត្រូវ អ៊ីចឹងហើយមជ្ឈដ្ឋានទាំងអស់ក្នុង ចំណោមប្រជារាស្ត្រទាំងអស់ គឺអាចចូលរួម គាំទ្រចលនានេះ ទាមទារសិទ្ធិសេរីភាពពេញ លេញជូនប្រជារាស្ត្រខ្មែរ ជាពិសេសសិទ្ធិសេរីភាព ក្នុងការជ្រើសរើសគណបក្សណាក៏ដោយ ដែលយើងពេញចិត្ត គឺជ្រើសរើសអនាគត វាសនា របស់យើង បើយើងជឿជាក់ទុកចិត្តលើមេដឹកនាំ ណា គណបក្សណា បោះឆ្នោតទៅចលនានេះ ទាមទារឱ្យមានការបោះឆ្នោតដោយយុត្តិធម៌ ឱ្យគណបក្សណាក៏ដោយ ជាពិសេសគណបក្ស សង្គ្រោះជាតិ បានចូលរួម។ អ៊ីចឹងចលនាសង្គ្រោះជាតិនេះ ខ្មែរយើងគ្រប់មជ្ឈដ្ឋាន ហើយអន្តរជាតិ គេគាំទ្រទៅទៀត បើឱ្យអន្តរជាតិមកគាំទ្រ គណបក្សណាមួយ គេមិនគាំទ្រទេ បើឱ្យគាំទ្រ ការបោះឆ្នោតតាមបែបបទប្រជាធិបតេយ្យនឹង គេអាចគាំទ្រ អ៊ីចឹងចលនានេះ នឹងមានការ គាំទ្រទូលំទូលាយជាងគណបក្សសង្គ្រោះជាតិ ទាំងអង្គការសង្គមស៊ីវិល តាំងពីមជ្ឈដ្ឋានខ្មែរ នានាដែលមិនអាចគាំទ្រគណបក្សណាមួយ គេមកគាំទ្រចលនានេះបាន ហើយអន្តរជាតិ ដែលមិនអាចគាំទ្រគណបក្សណាមួយ គេមក គាំទ្រចលនានេះបាន ពីព្រោះចលនានេះ គ្រាន់តែ ទាមទារគោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋ ក្នុង នោះ មានការសម្រេចវាសនារបស់ខ្លួនដោយ ខ្លួនឯង តាមរយៈការបោះឆ្នោត”។
លោកសម រង្ស៊ី បញ្ជាក់បន្តថា “យើងឃើញ ហើយ ឃើញផលប្រយោជន៍ថា ចលនានេះជួយ គណបក្សសង្គ្រោះជាតិ ហើយ ពីព្រោះគណបក្សសង្គ្រោះជាតិ មានប្រជាប្រិយភាពហើយ យើង មិនចាំបាច់ទៅឃោសនាឱ្យគណបក្សសង្គ្រោះជាតិ ទេ យើងគ្រាន់តែទាមទារឱ្យគណបក្សសង្គ្រោះជាតិ ដូចគណបក្សដទៃទៀត មានសិទ្ធិ ចូលរួមក្នុងការបោះឆ្នោតហើយ បើគណបក្ស សង្គ្រោះជាតិ បានចូលរួមការបោះឆ្នោតពេល ណា គណបក្សសង្គ្រោះជាតិ នឹងឈ្នះហើយ នេះ គឺជារឿងមួយទៀត ឱ្យគណបក្សសង្គ្រោះជាតិ ឈ្នះទៅ ប៉ុន្តែយើងៗគ្រាន់តែបើកផ្លូវ ឥឡូវនេះ គេបិទផ្លូវមិនឱ្យគណបក្សសង្គ្រោះជាតិ ចូលរួម បោះឆ្នោតផងហ្នឹង ឈ្នះម៉េច បើមិនបានចូលរួម បោះឆ្នោតផងហ្នឹង? អ៊ីចឹងតួនាទីយើង គ្រាន់តែ បើកផ្លូវ ហើយគណបក្សសង្គ្រោះជាតិ អាច បើកផ្លូវឱ្យខ្លួនឯងធ្វើម៉េចបាន បើគេរំលាយហើយ បើគេចាប់មេយើងដាក់គុក គេធ្វើឱ្យយើងរតាត់រតាយ តើឱ្យយើងធ្វើការម៉េច? យើងទៅទាមទារយ៉ាងម៉េច? តែតាមរយៈចលនានេះ អ្នក ប្រជាធិបតេយ្យ អ្នកស្នេហាជាតិ អាចធ្វើការ បាន ដើម្បីបើកផ្លូវឱ្យមានការបោះឆ្នោតត្រឹមត្រូវ ហើយយើងមិនចាំបាច់និយាយបន្ថែមទេ បើ ការបោះឆ្នោតត្រឹមត្រូវ ឱ្យគណបក្សសង្គ្រោះជាតិឈ្នះ ដូច្នេះសុំយល់ឱ្យច្បាស់ថា ចលនានេះ មិនមែនមានបំណងបំបែកគណបក្សសង្គ្រោះជាតិ ទេ។ ម៉េចក៏មានចលនាផង គណបក្សផង? ផ្ទុយទៅវិញ ជួយគ្នា យោងគ្នាក្នុងកាលៈទេសៈ ដែលគណបក្សមិនអាចធ្វើអីកើត ទាល់តែចលនា ជួយគណបក្ស បើកផ្លូវឱ្យគណបក្ស ហើយសូម បញ្ជាក់ថា មុននឹងចូលរួមក្នុងការបោះឆ្នោត ចលនាទាមទារឱ្យមានការដោះលែងលោកកឹម សុខា ក្នុងឋានៈជាប្រធានគណបក្សសង្គ្រោះជាតិ ហើយដោះលែងអ្នកទោសមនសិការ ទាំងអស់ ពីព្រោះមិនមែនមានតែថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិទេ មានអ្នកជាប់គុកជា តំណាងសង្គមស៊ីវិល ដូចអ្នកស្រីទេព វន្នី រឿងដីធ្លី រឿងបឹងកក់ គាត់ទាមទាររឿងដីធ្លី ប្រជាពលរដ្ឋ អ៊ីចឹងចលនាយើងត្រូវតែទាមទារ ឱ្យដោះលែង ដោះលែងទេព វន្នី ដោះលែង អ្នកដែលគ្រាន់តែតវ៉ាជួយប្រជាពលរដ្ឋរងគ្រោះ រកយុត្តិធម៌ជូនប្រជាពលរដ្ឋ រឿងដីធ្លី រឿង ព្រៃឈើ រឿងផ្ទះសម្បែង រឿងអីហ្នឹង យើងត្រូវ ដោះលែងទាំងអស់អ្វីដែលហៅថាអ្នកទោស មនសិការ។ អ៊ីចឹងយើងទាមទារឱ្យដោះលែង លោកប្រធានកឹម សុខា ហើយដោះលែងអ្នក ទោសមនសិការទាំងអស់ ទាមទារឱ្យប្រជាពលរដ្ឋខ្មែរមានសិទ្ធិពេញលេញឡើងវិញ សូម ឱ្យលុបចោលអាវិធានការប៉ុន្មានខែប៉ុន្មានឆ្នាំ ចុងក្រោយនេះ ដែលគាបសង្កត់ប្រជារាស្ត្រ បំភិតបំភ័យ បិទកាសែត បិទអង្គការ បិទវិទ្យុ បិទអីហ្នឹង គឺឱ្យបើកឡើងវិញ ឱ្យដំណើរការ ឡើងវិញ ហើយទាមទារឱ្យមានការបោះឆ្នោត ត្រឹមត្រូវ ហើយសូមបញ្ជាក់ថា យើងគ្រាន់តែ ឱ្យគណបក្សសង្គ្រោះជាតិ មានសិទ្ធិចូលរួមក្នុង ការបោះឆ្នោតទេ ប៉ុន្តែរឿងដទៃទៀត គឺរឿង របស់គណបក្សសង្គ្រោះជាតិ អ្នកដែលគេមក ចូលរួមគាំទ្រចលនានេះ គេមិនមែនជាគណបក្សសង្គ្រោះជាតិ ទេ ពីដើមមក គេគ្រាន់តែចង់ ឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សណាស្រេច តែចិត្ត ហើយយើងនឹងគាំទ្រ បើមានដំណោះ ស្រាយហើយ យល់ឃើញថា គណបក្សណា គេយល់ឃើញយ៉ាងម៉េច ឱ្យគេចូលរួមក្នុងការ បោះឆ្នោតទៅ ចំពោះយើងគឺលោកកឹម សុខា គឺជាប្រធានគណបក្សសង្គ្រោះជាតិ ដដែល ពេល គណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត ហើយអ្នកដែលគាំទ្រចលនាហ្នឹង ជាពិសេស អ្នកដែលមកពីគណបក្សសង្គ្រោះជាតិ យើងនឹង វិលទៅគណបក្សសង្គ្រោះជាតិ វិញ ទៅដឹកនាំ ឬទៅចូកចែវជាមួយគណបក្សសង្គ្រោះជាតិ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំងអស់ និង ការងារចលនាយើង បេសកកម្មយើងគឺចប់ ហើយ ពេលហ្នឹងចលនានឹងរំលាយខ្លួនឯង ពីព្រោះ ចលនាមិនមានតួនាទីជាគណបក្ស ទៅប្រកួតប្រជែងជាមួយគណបក្សណាថ្មីទេ ក្នុងអារម្មណ៍ យើង គណបក្សដែលយើងចង់ឱ្យឈ្នះ គឺគណបក្សសង្គ្រោះជាតិ តែយើងចង់ឱ្យគណបក្សសង្គ្រោះជាតិ មានសិទ្ធិចូលរួមក្នុងការបោះឆ្នោត ពេលណាសង្គ្រោះជាតិ មានការចូលរួមក្នុងការ បោះឆ្នោតហើយ ការបោះឆ្នោតត្រឹមត្រូវ ហើយ តួនាទី បេសកកម្មចលនាយើងចប់ហើយ យើង វិលត្រឡប់ទៅគណបក្សសង្គ្រោះជាតិ វិញទាំងអស់គ្នា ដើម្បីជួយឱ្យគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត…”។
នៅថ្ងៃដដែលនោះ លោកសម រង្ស៊ី ក៏បាន សរសេរបញ្ជាក់តាមទំព័រហ្វេសប៊ុករបស់លោក អំពីគោលដៅរបស់ចលនាសង្គ្រោះជាតិថា “នៅ ពេលដែលសកម្មជន និងអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ នៅក្នុងប្រទេសកម្ពុជា កំពុងតែ រងាតែលតោល និងស្រពេចស្រពិលពីអនាគត គណបក្សយើង ក្រោយពីលោកប្រធានកឹម សុខា ត្រូវបានគេចាប់ដាក់ពន្ធនាគារ ហើយក្រោយពី គណបក្សសង្គ្រោះជាតិ ត្រូវបានគេរំលាយ និង ត្រូវបានគេដកតំណែងទាំងអស់ដែលបានមក ពីការបោះឆ្នោត ទាំងថ្នាក់ជាតិ ទាំងថ្នាក់មូលដ្ឋាន យើងត្រូវតែផ្តួចផ្តើមគំនិតថ្មីមួយ និងរក ដំណោះស្រាយមួយ ដើម្បីលើកទឹកចិត្ត និង បំផុសបំផុលឡើងវិញកម្លាំងស្នេហាជាតិ និង កម្លាំងប្រជាធិបតេយ្យ ក្នុងគោលបំណងបង្កើន ប្រសិទ្ធភាពនៃការតស៊ូរបស់យើង ក្នុងដំណាក់កាលដ៏លំបាកនេះ”។
លោកសម រង្ស៊ី បានសរសេរបន្តថា “ចលនា សង្គ្រោះជាតិ នឹងផ្តល់ផលប្រយោជន៍ឱ្យគណបក្សសង្គ្រោះជាតិ ដូចតទៅ ៖
១-ចលនាសង្គ្រោះជាតិ ជាក្របខ័ណ្ឌថ្មី មួយ ដែលគ្មាននរណាអាចប៉ះពាល់បាន ហើយ គ្មាននរណាអាចរំលាយបាន សូម្បីតែលើក្រដាស ក៏មិនអាចធ្វើអ្វីយើងបានដែរ។ ចលនាសង្គ្រោះជាតិ អាចអំពាវនាវឱ្យប្រជាពលរដ្ឋ រៀបចំធ្វើ បាតុកម្ម និងកូដកម្ម ហើយឱ្យកងកម្លាំងប្រដាប់អាវុធ ឈរខាងប្រជារាស្ត្រ កុំឱ្យឈរខាងជន ផ្តាច់ការ។
២-ចលនាសង្គ្រោះជាតិ នឹងផ្តល់ភាពកក់ក្តៅ និងសេចក្តីសង្ឃឹមឡើងវិញ ដល់សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំងអស់ ដែលនឹងឃើញយ៉ាងច្បាស់ថា គណបក្សសង្គ្រោះ ជាតិ នៅតែបន្តសកម្មភាពរបស់ខ្លួន តាមរូបភាព ថ្មីមួយ ដែលខ្លាំងជាងមុន និងមានប្រសិទ្ធភាព ប្រសើរជាងមុនទៅទៀត។
៣-ចលនាសង្គ្រោះជាតិ នឹងប្រមូលកម្លាំង អ្នកគាំទ្រច្រើនជាងមុនទៅទៀត ពីព្រោះរូបភាពជាចលនា អាចទទួលសមាជិកពីមជ្ឈដ្ឋាន ផ្សេងៗ ដូចជាសង្គមស៊ីវិល ដែលមិនអាចធ្វើជា សមាជិកគណបក្សនយោបាយណាមួយបានទេ។
៤-ចលនាសង្គ្រោះជាតិ នឹងរៀបចំក្បាល ម៉ាស៊ីនរបស់ខ្លួនដែលភាគច្រើនមកពីគណបក្សសង្គ្រោះជាតិ ដើម្បីធានាឱ្យមានការទំនាក់ទំនង គ្នាប្រកបដោយសេរីភាព ដោយចំហ ទូលំទូលាយ និងរលូន ហើយក៏អាចធ្វើសេចក្តីសម្រេចប្រកប ដោយតម្លាភាព ប្រសិទ្ធភាព និងរហ័សទាន់ ពេលវេលា។
៥-ចលនាសង្គ្រោះជាតិ នឹងជំរុញឱ្យមាន ការដោះលែងលោកប្រធានកឹម សុខា និង អ្នកទោសមនសិការទាំងអស់ ឱ្យប្រជារាស្ត្រខ្មែរ មានសិទ្ធិសេរីភាពពេញលេញ ហើយឱ្យមាន ការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ មានន័យថា ត្រូវតែមានការចូលរួមដាច់ខាតពី គណបក្សសង្គ្រោះជាតិ។ ពេលយើងបានសម្រេច គោលបំណងនេះហើយ ចលនាសង្គ្រោះជាតិ នឹងរំលាយខ្លួនឯង ហើយអ្នកតស៊ូក្នុងចលនានេះ នឹងមកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិវិញ ទាំងអស់គ្នា ដើម្បីឱ្យគណបក្សនេះទទួលបាន ជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ ហើយ សង្គ្រោះជាតិយើងឱ្យទាល់តែបាន”។
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ លោកសម រង្ស៊ី អតីតប្រធាននៃ អតីតគណបក្សសង្គ្រោះជាតិ ខណៈកំពុងស្ថិត នៅឯសហរដ្ឋអាមេរិក ដើម្បីបើកកិច្ចប្រជុំសាធារណៈជាមួយអតីតថ្នាក់ដឹកនាំនៃអតីតគណ បក្សសង្គ្រោះជាតិនោះ បានប្រកាសតាមទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក អំពីការសម្រេច បង្កើត “ចលនាសង្គ្រោះជាតិ” រួមជាមួយអតីត ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដោយប្រមូលអ្នកប្រជាធិបតេយ្យទាំងអស់ចូលរួម ដើម្បីទាមទារឱ្យមានការដោះលែងលោក កឹម សុខា និងអ្នកទោសមនសិការទាំងអស់ ព្រមទាំងឱ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទូលំទូលាយ ដោយមានការចូលរួម ពីអតីតគណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា ជាប្រធាន ទោះបីគណបក្សសង្គ្រោះ ជាតិ ត្រូវបានតុលាការកំពូល សម្រេចរំលាយ ចោលជាស្ថាពរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ទៅហើយក៏ដោយ។
យោងតាមសេចក្តីថ្លែងការណ៍ស្តីពីការ បង្កើត “ចលនាសង្គ្រោះជាតិ” ដែលលោកសម រង្ស៊ី បានបង្ហោះតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ សមាសភាពអតីតថ្នាក់ដឹកនាំនៃអតីតគណបក្ស សង្គ្រោះជាតិ ដែលផ្តួចផ្តើមគំនិតបង្កើត “ចលនា សង្គ្រោះជាតិ” នោះ រួមមាន ១-លោកអេង ឆៃអ៊ាង ២-លោកជា គឹមលី ៣-លោកសម រង្ស៊ី ៤-លោកអ៊ុង រិទ្ធី ៥-លោកគា រី ៦-លោកស្រីជូឡុង សូមួរ៉ា ៧-លោកស្រីមួរ សុខហួរ ៨-លោកតុ វ៉ាន់ចាន់ និង៩-លោក ទួន យក់ដា។
សេចក្តីថ្លែងការណ៍របស់ “ចលនាសង្គ្រោះ ជាតិ” ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នោះ មានខ្លឹមសារថា “យើងដែលមានឈ្មោះដូច ខាងក្រោម ជាថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មិនអាចទទួល យកបានទេ នូវស្ថានភាពនយោបាយដ៏អាក្រក់ ក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ។ ស្ថិតក្នុងស្ថានភាពនេះ និងដោយមានការគាំទ្រយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន យើងកំពុងរៀបចំបង្កើត ចលនាសង្គ្រោះជាតិ (CNRM) ដែលចលនា នេះ នឹងធានាឱ្យមានការចូលរួមពីគ្រប់អ្នកប្រជាធិបតេយ្យទាំងអស់ ដើម្បីទាមទារឱ្យ ដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកទោសមនសិការទាំងអស់ ព្រមទាំងឱ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទូលំទូលាយ ដោយមាន ការចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលមាន លោកកឹម សុខា ជាប្រធាន។
យើងសូមអំពាវនាដល់បងប្អូនជនរួមជាតិ មកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនប្រកាន់ និន្នាការនយោបាយ ចូលរួមជាមួយចលនាសង្គ្រោះជាតិ ដើម្បីការពារឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទូលំទូលាយ។
សូមរង់ចាំទទួលព័ត៌មានបន្ថែមទៀត អំពី ចលនាសង្គ្រោះជាតិរបស់យើង នាពេលដ៏ខ្លី ខាងមុខនេះ”។
ទោះជាយ៉ាងណា ជុំវិញប្រកាសបង្កើត “ចលនាសង្គ្រោះជាតិ” របស់លោកសម រង្ស៊ី និង អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ខាងលើនេះ មានប្រតិកម្មមិនគាំទ្រពីអតីតថ្នាក់ ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិនៅក្រៅ ប្រទេស អតីតតំណាងរាស្ត្រ និងអតីតយុវជន និងអតីតសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួន ពិសេសសអ្នកនៅក្រុមលោក កឹម សុខា (អតីតកូតាគណបក្សសិទ្ធិមនុស្ស)។
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ អតីត តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣រូប រួមមាន លោកសួន រីដា លោកពិន រតនា និងលោកង៉ោ គឹមជាង រួមជាមួយតំណាង សាខាអតីតគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក ចំនួន៤៧រូបទៀត បានចេញសេចក្តី ប្រកាសព័ត៌មានបញ្ជាក់ថា មិនចូលរួមជាមួយ “ចលនាសង្គ្រោះជាតិ” របស់លោកសម រង្ស៊ី នោះទេ ដោយអះអាងពីជំហររក្សានិងការពារ គណបក្សសង្គ្រោះជាតិ ហើយនិងបន្តការតស៊ូ ក្នុងក្របខ័ណ្ឌ និងដំបូលគណបក្សសង្គ្រោះជាតិ តែមួយ ដោយគ្មានការផ្លាស់ប្តូរ ឬការបែកបាក់ គ្នាឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់អតីតតំណាងរាស្ត្រ និងតំណាងសាខាអតីតគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក ចំនួន៥០រូប នោះ មានខ្លឹមសារថា “យើងខ្ញុំដែលមានរាយនាម និងហត្ថលេខាខាងក្រោម សូមជម្រាបជូន សាធារណជនថា យើងខ្ញុំនៅតែរក្សាជំហរគោរព តាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់គណបក្ស សង្គ្រោះជាតិ លេខ ៧១២/១៧ គ.ស.ជ ចុះ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសេចក្តីសម្រេច របស់តុលាការកំពូល ដែលបានរំលាយគណបក្ស សង្គ្រោះជាតិ។
យើងខ្ញុំនៅតែបន្តការតស៊ូនយោបាយ ក្នុង ក្របខ័ណ្ឌគណបក្សសង្គ្រោះជាតិ ជានិច្ច និងគ្រប់ កាលៈទេសៈ ដើម្បីឱ្យមានការដោះលែងលោក ប្រធានកឹម សុខា និងអ្នកទោសមនសិការទាំង អស់ ដោយឥតលក្ខខណ្ឌ និងទាមទារយកគណបក្សសង្គ្រោះជាតិមកវិញ។ យើងខ្ញុំមិនចូល រួមជាមួយចលនា ឬក្រុមអ្នកនយោបាយណា មួយក្រៅពីគណបក្សសង្គ្រោះជាតិ នោះឡើយ។
អាស្រ័យហេតុនេះ យើងខ្ញុំសូមអំពាវនាវ ដល់សមាជិក សមាជិកា នៃគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋ បន្តគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងការតស៊ូដើម្បីនាំមកនូវការផ្លាស់ប្តូរ ជាវិជ្ជមាន និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ជូនជាតិមាតុភូមិយើង”។
ជាមួយគ្នានេះដែរ ទំព័រហ្វេសប៊ុក “SUN TVHD” របស់អតីតគណបក្សសង្គ្រោះជាតិ បានសរសេរនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ថា “ពិតណាស់ យើងពិតចង់ឈ្នះលើហ៊ុន សែន តែរឿងធំៗ គឺត្រូវយកមកដាក់លើតុ ជជែក ដើម្បីឱ្យបានផលចំណេញ ជាងការខាតបង់ តួយ៉ាងដូចជាការបង្កើតចលនាថ្មីនេះ សម្រេច ដោយមនុស្សមួយក្រុម ដោយមិនឆ្លងកាត់ការ ពិភាក្សាសម្រេចដោយគណៈកម្មាធិការអចិន្ត្រៃយ៍ រួចយកគណបក្សទៅដាក់ក្រោមចលនា ទៅវិញ (ចលនាតូចជាងគណបក្ស ដូច្នេះមិន អាចយកគណបក្សទៅដាក់ចូលក្នុងចលនាបាន ទេ នេះជា Logic)។
ការបង្កើតចលនា ក្រោមលេសថា គណបក្សមិនអាចធ្វើសកម្មភាពបាន និងមិនអាច ជួបជុំគ្នាបាន ទាល់តែចលនាទើបអាច នេះក៏ រឹតតែមិន Logic ថែមទៀត ព្រោះសមាសភាព នៅក្នុងចលនា គឺថ្នាក់ដឹកនាំគណបក្សសង្គ្រោះ ជាតិ ដដែលជាដដែល។
កន្លងមក គណបក្សសង្គ្រោះជាតិ ធ្វើ សកម្មភាពការទូតបានលទ្ធផលជាផ្លែផ្ការួចទៅ ហើយ ដោយសហគមន៍អន្តរជាតិ ថ្កោលទោស លើរបបហ៊ុន សែន យ៉ាងខ្លាំង តើការបង្កើត ចលនានេះ អាចមានសកម្មភាពអ្វីលើសពីនេះ ទៅទៀតឬ? បើសកម្មភាពក្នុងស្រុក រឹតតែ ប្រឈម ហើយមិនអាចបានឡើយ ព្រោះគ្មាន ការចុះបញ្ជីជាផ្លូវច្បាប់។
និយាយចុះនិយាយឡើង គឺចង់ធ្វើជាតួឯក ធ្វើជាមេដឹកនាំគណបក្សប្រឆាំងប៉ុណ្ណោះ។ បើ ចង់បានរបៀបនេះ គួររង់ចាំបន្តិចទៅ រហូតនូវ ការតស៊ូឱ្យស្ថានភាពវិលមកដូចដើមវិញ (តាមរយៈលើកលែងទោសលោកសម រង្ស៊ី អ្នកទោស នយោបាយផ្សេងទៀត ដោះលែងលោកកឹម សុខា និងប្រគល់គណបក្សសង្គ្រោះជាតិ មក វិញ នៅពេលនោះ គណបក្សនឹងរៀបចំសមាជ ដោយរៀបចំថ្នាក់ដឹកនាំគណបក្សឡើងវិញ”។
លោកយឹម ស៊ីណន អតីតយុវជននៃអតីត គណបក្សសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូង បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ថា “ក្នុង នាមខ្ញុំជាស្ថាបនិកដឹកនាំចលនាយុវជន Cnrp នៅប្រទេសកូរ៉េ ខ្ញុំមិនគាំទ្រដាច់ខាតនូវការ បង្កើតឱ្យមានចលនាសង្គ្រោះជាតិ មួយនេះ ដែល មាននិន្នាការគាំទ្រពេញទំហឹងលើការរំលាយបក្សសង្គ្រោះជាតិ។ បើគ្មានការឯកភាពពីគ្រប់ ភាគី ចរន្តនៃការបែកបាក់ នឹងកើតមាន”។
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ លោក យឹម ស៊ីណន បានសរសេរបន្ថែមថា “បើគ្រាន់តែ សមាជិកគ្រួសាររបស់ខ្លួន មិនអាចបង្រួបបង្រួម បានផង តើមានសមត្ថភាពពីណាមកបង្រួបបង្រួមជាតិបាន? លោកម្ចាស់!”។
អតីតសកម្មជននៃអតីតគណបក្សសង្គ្រោះ ជាតិ លោកហុក រ៉េន បានសរសេរក្នុងគណនី ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ថា “គណបក្សសង្គ្រោះជាតិ មាន គោលដៅច្បាស់លាស់ រឿងចលនាសង្គ្រោះជាតិ មិនពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិទេ ! ពីព្រោះនយោបាយការទូតអន្តរជាតិ ទទួល ស្គាល់ និងជួយគណបក្សសង្គ្រោះជាតិ មិនមែន ចលនាសង្គ្រោះជាតិឡើយ”។
លោកមុត ចន្ថា អតីតជំនួយការ និងអតីត នាយកខុទ្ទកាល័យលោកកឹម សុខា បានសរសេរ ក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ថា “ស្អីទៅចលនាថ្មី? យុទ្ធសាស្ត្រស៊ីឈ្នួលចាញ់ បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងធ្វើអត្តឃាតនយោបាយ”។
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ លោក មុត ចន្ថា បានសរសេរបន្ថែមថា “លោកកឹម សុខា កំពុងជាប់ពន្ធនាគារ ដោយសារការពារ គណបក្សសង្គ្រោះជាតិ ហើយលោកនឹងនៅតែ រក្សាគោលជំហរការពារគណបក្សសង្គ្រោះជាតិ ដដែល។ ការតស៊ូទៅមុខទៀតរបស់លោក គឺ ត្រូវធ្វើឡើងក្នុងក្របខ័ណ្ឌគណបក្សសង្គ្រោះជាតិ ដដែល ដោយគ្មានការផ្លាស់ប្តូរ។ លោក ប្តេជ្ញាមិនបោះបង់ចោលគណបក្សសង្គ្រោះជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ ព្រោះសង្គ្រោះជាតិ តំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋជាងបីលាន ឬពាក់កណ្តាលប្រទេស។ សិទ្ធិសេរីភាព របស់ពលរដ្ឋខ្មែរ ក្នុងការជ្រើសរើសនូវជម្រើស និងឱកាសនយោបាយ ស្របតាមបំណងប្រាថ្នា រៀងៗខ្លួន”។
ទោះជាយ៉ាងណា គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានចាត់ទុកចលនា សង្គ្រោះជាតិ ដែលបង្កើតឡើងដោយលោក សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្ស សង្គ្រោះជាតិនោះ គឺជាចលនាខុសច្បាប់ ឬជា ចលនាឧទ្ទាម របស់ពួកឧទ្ទាមក្រៅច្បាប់។
លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច មានប្រសាសន៍ថា ការបង្កើតអង្គការ ឬចលនាណាមួយក្រៅច្បាប់ វាគឺជាសកម្មភាព បែបឧទ្ទាម ហើយកម្ពុជា មិនទទួលស្គាល់ចលនា ខុសច្បាប់នោះទេ ទោះបីជាប្រទេសណាទទួល ស្គាល់ក៏ដោយចុះ ហើយប្រសិនបើប្រជាពលរដ្ឋ កម្ពុជារូបណាចូលរួមក្នុងចលនាខុសច្បាប់នេះ ក៏ជាការរួមចំណែកខុសច្បាប់ដែរ។ ចំពោះ ពលរដ្ឋនៅក្រៅប្រទេសដែលចូលរួមជាមួយ ចលនានេះ គឺជាសិទ្ធិរបស់ពួកគេ តែប្រសិនបើ ពួកគេហ៊ានចូលក្នុងប្រទេសកម្ពុជា នឹងប្រឈម មុខជាមួយច្បាប់របស់កម្ពុជា៕