Wednesday, April 17, 2024
Homeតារាខ្មែរបែកធ្លាយដំណឹង!!! Red Picture ត្រូវចំណាយលុយ៥មុឺនដុល្លារ នាំយកអ្នកនាងអម្ពរ ទេវី ថតរឿង "ឆន្ទា"

បែកធ្លាយដំណឹង!!! Red Picture ត្រូវចំណាយលុយ៥មុឺនដុល្លារ នាំយកអ្នកនាងអម្ពរ ទេវី ថតរឿង “ឆន្ទា”

បន្ទាប់ពីទទួលបានការគាំទ្រខ្លាំង តាមរយៈភាពយន្តរឿង “ទឹកចិត្តម្តាយសម័យថ្មី” រហូតក្លាយជាភាពយន្តមានអ្នកចូលទស្សនាច្រើនជាងគេ ប្រចាំឆ្នាំ២០១៧ នោះ អ្នកនាង អម្ពរ ទេវី ហាក់មានទីផ្សារសិល្បៈកម្រើកឡើងស្ទើរមិនគួរឱ្យជឿ។ ជាក់ស្តែងថ្មីៗនេះ ត្រូវបានផលិតកម្ម Red Picture បានអូសទាញអ្នកនាងពីនាយសមុទ្រ មកឱ្យថតភាពយន្តភាគ រឿង “ឆន្ទា” ដែលគ្រោងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN ហើយតាមដំណឹងថា អ្នកនាងទទួលបានតម្លៃខ្លួនមិនក្រោម៥ម៉ឺនដុល្លារ…។

តារាភាពយន្តល្បីឈ្មោះ អ្នកនាងអម្ពរ ទេវី បានដកខ្លួនពីវិស័យសិល្បៈជាង១ទសវត្សមកហើយ ដោយទៅសម្ងំរស់នៅសហរដ្ឋអាមេរិក បង្កើតគ្រួសារថ្មីមួយយ៉ាងកក់ក្តៅ ហើយក៏គ្មាននរណាគិតថា អ្នកនាងនឹងវិលមកប្រឡូកក្នុងវិស័យសិល្បៈជាថ្មីនោះដែរ ស្របពេលវ័យរបស់អ្នកនាងក៏កាន់តែច្រើនផងនោះ។ ប៉ុន្តែ អ្វីដែលស្ទើរមិនគួរឱ្យជឿនោះ តារាវ័យ៤៩ឆ្នាំរូបនេះ បានវិលមកបង្ហាញស្នាដៃថ្មី តាមរយៈការសម្តែងភាពយន្តខ្នាតធំ រឿង “ទឹកចិត្តម្តាយសម័យថ្មី” ដែលដឹកនាំសម្តែងដោយអ្នកស្រីពាន់ ភួងបុប្ផា ហើយរឿងនោះក៏ទទួលបានជោគជ័យធ្វើឱ្យកក្រើកពិភពសិល្បៈផងដែរ ដែលទាញបានអ្នកចូលរួមទស្សនាយ៉ាងច្រើន ក្លាយជាភាពយន្តលេចធ្លោជាងគេប្រចាំឆ្នាំ។

ក្រោយពេលរឿង “ទឹកចិត្តម្តាយសម័យថ្មី” ផ្ទុះការគាំទ្រ ខណៈដែលមានវត្តមានតារាសម្តែងជើងចាស់ អ្នកនាងអម្ពរ ទេវី នោះ ក្រុមផលិតករជាច្រើនបានសម្លឹងឃើញសន្ទុះគាំទ្ររបស់អ្នកនាងនៅតែខ្លាំង ហើយបានព្យាយាមទាក់ទងអ្នកនាងឱ្យមកថតភាពយន្តរបស់ខ្លួន។ ប៉ុន្តែផលិតករមួយចំនួនបានផ្អឹបក្តីស្រមៃចង់បានអ្នកនាងអម្ពរ ទេវី ដោយសារការចំណាយលើការធានាអ្នកនាងមកសម្តែង ស្មើនឹងការចំណាយផលិតភាពយន្តមួយរឿងទៅហើយ។

យ៉ាងណា ទីបំផុត អ្នកនាងអម្ពរ ទេវី ត្រូវបានផលិតកម្ម Red Picture ហ៊ានបោះទុនទាញអ្នកនាងមកសម្តែងនៅក្នុងខ្សែភាពយន្តភាគរបស់ខ្លួន ខណៈដែលអ្នកនាងទើបមកដល់ទឹកដីកម្ពុជា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ដោយគ្រោងថត និងស្នាក់នៅកម្ពុជា រយៈពេល២ខែ។

តាមដំណឹងថា Red Picture ចំណាយលើអ្នកនាងអម្ពរ ទេវី ខ្ទង់៥ម៉ឺនដុល្លារ ដោយធានាទាំងថ្លៃសំបុត្រយន្តហោះទៅមក ការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ព្រមទាំងតម្លៃខ្លួនមួយខ្ពស់ផងដែរ។

យ៉ាងណា ពាក់ព័ន្ធនឹងតម្លៃខ្លួននេះ ទាំងអ្នកនាងអម្ពរ ទេវី និងខាងផលិតកម្មសុំមិនបញ្ជាក់នោះទេ។

តាមការបញ្ជាក់របស់អ្នកនាងអម្ពរ ទេវី រឿង “ឆន្ទា” អ្នកនាងត្រូវសម្តែងជាតួអង្គស្ត្រីជាអ្នកជំនួញ ដែលមានភាពម៉ឺងម៉ាត់ គឺមានលក្ខណៈខុសប្លែកពីតួអង្គនៅក្នុងរឿង “ទឹកចិត្តម្តាយសម័យថ្មី”។ យ៉ាងណា អ្នកនាងអះអាងថា ក្រោយពេលបានមើលឆ្អឹងរឿងនេះ អ្នកនាងមានជំនឿចិត្តថា នឹងសម្តែងឱ្យបានល្អ ហើយអ្នកនាងក៏រំពឹងថា នឹងទទួលបានការគាំទ្រពីទស្សនិកជន នៅពេលដាក់បញ្ចាំងនៅចុងឆ្នាំ២០១៨ ខាងមុខនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN។

អ្នកនាងអម្ពរ ទេវី បានថ្លែងឱ្យដឹងបន្ទាប់ពីចុះពីលើយន្តហោះថា អ្នកនាងពិតជាសប្បាយចិត្ត និងមានមោទនភាពយ៉ាងក្រៃលែង នៅពេលដែលបងប្អូនទស្សនិកជននៅតែផ្តល់ការគាំទ្រចំពោះអ្នកនាង ហើយក្រុមផលិតករនៅតែផ្តល់ឱកាសឱ្យអ្នកនាងថតភាពយន្តជាបន្តបន្ទាប់ ដែលឱ្យអ្នកនាងមានឱកាសបានបង្ហាញសមត្ថភាពបម្រើអារម្មណ៍បងប្អូនទស្សនិកជនបន្តទៀត។

ឱកាសមកថតខ្សែភាពយន្តភាគរឿង “ឆន្ទា” ដែលប្រើរយៈពេល២ខែនេះ អ្នកនាងអម្ពរ ទេវី មកតែពីរនាក់កូនប្រុសតែប៉ុណ្ណោះ ដោយពុំឃើញវត្តមានស្វាមីថ្មីរបស់អ្នកនាងមកជាមួយទេ ខណៈដែលអតីតស្វាមីរបស់អ្នកនាង គឺលោកពេជ្រ ភិរុណ បានមកទទួលយ៉ាងរាក់ទាក់ និងកក់ក្តៅបំផុត។

ខណៈដែលបែកស្នេហ៍ជាច្រើនឆ្នាំ តែទំនាក់ទំនងរវាងអ្នកនាងអម្ពរ ទេវី ជាមួយអតីតស្វាមីនៅតែល្អនឹងគ្នាជាធម្មតានោះ នាំឱ្យមជ្ឈដ្ឋានមួយចំនួនមានការសង្ស័យថា រងើកភ្លើងស្នេហាចាស់អាចនឹងឆាបឆេះឡើងវិញ ស្របពេលឱកាសមកសម្តែងភាពយន្តរយៈពេល២ខែ នៅស្រុកខ្មែរ ដោយពុំមានវត្តមានស្វាមីមកតាមឃ្វាលនោះ។

យ៉ាងណា អតីតតារាភាពយន្តជើងចាស់ លោកពេជ្រ ភិរុណ ដែលមានវ័យ៦៥ឆ្នាំ បានថ្លែងឱ្យដឹងថា ទោះបីលោកនឹងអ្នកនាងអម្ពរ ទេវី បានកាត់ផ្តាច់ចំណងស្នេហ៍ តែមិនអាចផ្តាច់ទំនាក់ទំនងទាំងស្រុងបានទេ ដោយសារតែនៅជាប់ចំណងកូនៗ គឺលោកបានរ៉ាប់រងចិញ្ចឹមកូនស្រី រីឯអ្នកនាងអម្ពរ ទេវី គ្រប់គ្រងចិញ្ចឹមកូនប្រុស ដោយមិនអាចបញ្ចប់ទំនាក់ទំនងបានទេ។ ប៉ុន្តែសម្រាប់ចំណងមនោសញ្ចោតនាស្នេហា គឺមិនអាចកើតឡើងវិញបានទេ ព្រោះអ្នកនាងអម្ពរ ទេវី មានគ្រួសារថ្មីយ៉ាងកក់ក្តៅទៅហើយ ខណៈដែលលោកក៏មានវ័យចាស់ណាស់ហើយដែរ។

ការវិលមកប្រឡូកសិល្បៈកើបលុយខ្ទង់ម៉ឺនដុល្លារនេះ អ្នកនាងអម្ពរ ទេវី ទទួលបានការជ្រោមជ្រែង និងផ្តល់កម្លាំងចិត្តពីអតីតស្វាមីផងដែរ ដែលលោកពេជ្រ ភិរុណ ថែមទាំងជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ឱ្យអ្នកនាងផ្ទាល់សម្រាប់ការថតភាពយន្តទៀតផង។

តាមប្រភពថា ទោះបីត្រូវចំណាយលើអ្នកនាងអម្ពរ ទេវី នូវតម្លៃមួយខ្ពស់ មិនធ្លាប់មាន តែខាងផលិតកម្ម Red Picture មិនព្រួយខ្លាចខាតនោះទេ។ ផ្ទុយទៅវិញ តែងមានរំពឹងថា វត្តមានរបស់អ្នកនាងនឹងធ្វើឱ្យខ្សែភាពយន្តភាគរឿង “ឆន្ទា” ផ្ទុះការគាំទ្រកក្រើកពិភពសិល្បៈជាក់ជាពុំខាន ខណៈដែលទេពកោសល្យសម្តែងរបស់អ្នកនាងមិនបាក់ស្រុត ហើយប្រជាប្រិយភាពរបស់អ្នកនាងនៅតែលេចធ្លោ៕

RELATED ARTICLES