ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវស្រ្តីបុគ្គលិកខារ៉ាអូខេ វាយបែកក្បាលដោយសារតែខឹងសួរនាំរឿងម្ហូបដែលអត់កុម្ម៉ង់សោះ បែរជាគិតលុយថ្លៃម្ហូបដល់ទៅ៦មុខ គ្រាន់តែផឹកស្រាបៀរអស់១កេះកន្លះអស់ប្រាក់១១៨ដុល្លារ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅហាងខារ៉ាអូខេ «សែនរីករាយ» នៅតាមបណ្តោយផ្លូវ២០០៤ ភូមិ ត្រពាំងល្វា សង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ តារា រ័ត្ន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរអ៊ុតសក់ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ បាននិយាយថា នៅមុនពេលកើតហេតុនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ខែមករា ពួកគាត់បាននាំគ្នាចូលច្រៀងខារ៉ាអូខេ«សែនរីករាយ» មានគ្នា៦នាក់ ក្នុងនោះមានស្រី២នាក់និងប្រុស៤នាក់ បានហៅស្រាបៀរកម្ពុជាចំនួន១កេះកន្លះក្នុងលៃ៤០ដុល្លារ Free ម្ហូប៦មុខ។
ខណៈពេលកំពុងតែផឹកស៊ីក្នុងបន្ទប់ ភ្លើងដំណើរការមិនល្អចេះតែដាច់ក៏បានប្តូរបន្ទប់ចុះឡើង ពួកគាត់មិនបានដឹងថា ម្ហូប៦មុខទៀតនរណាជាអ្នកហៅម្ហូបឡើយ ។ រហូតដល់ពេលគិតលុយអស់១១៨ដុល្លារ ក៏បានសួរនាំគ្នាឯងថា ម្ដេចអស់ច្រើនម្ល៉េះ! ពួកគេផឹកអស់តែ១កេះកន្លះសោះ ភ្លាមនោះអ្នកគិតលុយបាននិយាយថា មានអ្នកហៅមុខម្ហូប៦មុខទៀតទើបអស់លុយប៉ុណ្ណឹង ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីអ្នកគិតលុយប្រាប់ថា មានកុម្ម៉ង់ម្ហូប៦មុខទៀតក៏សួរនាំគ្នាមិនមានអ្នកណាកុម៉្មង់ទេ តែមិត្តភក្តិម្នាក់ក្នុងចំណោម៦នាក់បានចេញលុយថ្លៃផឹកស៊ី គ្រប់ចំនួន រួចហើយនារីរងគ្រោះបានចេញពីកន្លែងផឹក ដើរទៅរកថៅកែឱ្យជួយដោះស្រាយរឿងអស់លុយច្រើន ។
ពេលជួបម្ចាស់ហាងមិនបានជួយសម្របសម្រួលឡើយ បន្ទាប់មកស្ត្រីនៅក្នុងខារ៉ាអូខេជាបុគ្គលិកក្នុងហាងខាងលើ បានឡាយវីដេអូនិយាយថា រូបរាងប៉ុណ្ណឹងដែរ មិនមានលុយឲ្យថ្លៃផឹកស៊ី ហើយនារីរងគ្រោះខាងលើបាននិយាយថា លុយខ្ញុំមានមិនក្រោម៣០០ទៅ៤០០ដុល្លារឡើយ ប៉ុន្តែគាត់ផឹកអស់ស្រាបៀរតែ១កេះកន្លះ អស់ដល់ទៅជាង១០០ដុល្លារ ក៏បានឈ្លោះគ្នា រហូតនារីបុគ្គលិកខារ៉ាអូខេខាងលើ បានវាយទៅលើនារីរងគ្រោះជាភ្ញៀវ បណ្ដាលឲ្យរយះមុខ ហើយថៅកែហាងមិនដោះស្រាយឲ្យទៀត ទើបជនរងគ្រោះទៅប្ដឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ភ្លាម ។
បន្ទាប់ពីជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចុះទៅដោះស្រាយដល់កន្លែងកើតហេតុ ស្រាប់តែម្ចាស់ហាងដែលគេស្គាល់ថា ឈ្មោះយឹម សំណាង ហៅតូ បានបិទទ្វារហាងអស់ទៅហើយ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាប១ ដើម្បី ឲ្យសមត្ថកិច្ច ចាត់ការតាមនីតិវិធី ។
បើតាមសមត្ថកិច្ចម្នាក់បាននិយាយទាំងលាក់លៀមថា ហាងខារ៉ាអូខេយីហោសែនរីករាយ នេះ តែងតែមានរឿងជាញឹកញាប់មកហើយ ពេលខ្លះមានរឿងហិង្សារវាងបុគ្គលិកនិងភ្ញៀវ ពេលខ្លះមានរឿងមុខម្ហូប ដែលភ្ញៀវមិនបានហៅ បុគ្គលិកលើកមក ហើយសមត្ថកិច្ចបានបន្តទៀតថា ក្នុងមួយយប់មួយយប់ មិនបានដេកមិនបានពួនឡើយ ពិបាកខ្លាំងណាស់នៅហាងខារ៉ាអូខេខាងលើ ៕