បាត់៥ថ្ងៃ តាមរកគ្រប់ទិសទី តាមពិតពូជួបរឿងអកុសលចឹងសោះ

ភ្នំពេញ ៖ បុរសជាកម្មករធ្វើស្ពានម្នាក់បានបាត់ខ្លួន អស់រយៈពេល៥ថ្ងៃ ស្រាប់តែត្រូវបានគេប្រទះឃើញសាកសពហើមស្អុយអណ្តែតនៅក្នុងទឹកទន្លេ និងសង្ស័យថា ជាអំពើឃាតកម្មវាយសម្លាប់ទាក់សពចោលក្នុងទន្លេ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រោយសាលសន្និសីទចតុមុខ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

សាកសពដែលអណ្តែតទឹកទន្លេខាងលើនេះ មានឈ្មោះរស់ សុធា អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ជួសជុលស្ពានជ្រោយចង្វា មានស្រុកកំណើត នៅភូមិតាបែ ឃុំចុងជៀក ស្រុកមេមត់ ខេត្តកំពង់ចាម។

តាមបុរសឈ្មោះអឿន សុខចាន់ អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ និងត្រូវជាក្មួយរបស់សពជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីអំឡុងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ គាត់បានធ្វើដំណើរចេញពីការដ្ឋានសំណង់ដែលគាត់ធ្វើការ ទៅរកពូ (ជនរងគ្រោះ) នៅការដ្ឋានសំណង់ឯស្ពានជ្រោយចង្វា តែពេលទៅដល់រកពូមិនឃើញសោះ។ បន្ទាប់មក ក៏មានស្ត្រីជាអ្នកលក់ប្រហិតម្នាក់ បានប្រាប់គាត់ថា កាលពីយប់មិញ ពូរបស់គាត់បានផឹកស៊ីឈ្លោះប្រកែកគ្នា និងត្រូវគេព្រួតវាយសម្លាប់ រួចបោះទម្លាកា់ទឹកលិចបាត់ទៅហើយ។

ក្មួយប្រុសរបស់ជនរងគ្រោះ បានបន្តថា តាំងពីដឹងថា ពូរបស់គាត់ត្រូវគេវាយទម្លាក់ទឹករួចមក គាត់បានព្យាយាមតាមរកអស់រយៈពេល៥ថ្ងៃ ស្រាប់តែមកដល់រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ក៏ទទួលបានដំណឹងថា មានគេប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកទន្លេ នៅខាងក្រោយសាលចតុមុខ ទើបគាត់ប្រញាប់ធ្វើដំណើរមកពិនិត្យមើល ទើបដឹងថា សាកសពអណ្តែតទឹកនោះពិតជាពូរបស់គាត់ដែលបានបាត់ខ្លួន កាលពី៥ថ្ងៃមុនមែន។

ក្មួយប្រុសរបស់ជនរងគ្រោះ បានទទូចស្នើសុំឱ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវករណីខាងលើនេះឱ្យបានច្បាស់លាស់ ព្រោះគាត់សង្ស័យថា ជនរងគ្រោះត្រូវគេព្រួតវាយសម្លាប់ ដូចអ្វីដែលស្ត្រីលក់ប្រហិតបានប្រាប់នោះមែន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ និងបានជួយស្រង់យកសាកសពឡើងមកលើគោក រួចដឹកទៅតម្កល់ទុកនៅវត្តទួលសង្កែ ដើម្បីរង់ចាំខាងសមត្ថកិច្ចជំនាញចុះមកពិនិត្យ និងធ្វើកោសល្យវិច័យឱ្យបានច្បាស់លាស់ ថាតើជនរងគ្រោះស្លាប់ដោយសាររឿងអ្វីឱ្យពិតប្រាកដ ហើយប្រសិនបើស្លាប់ក្នុងអំពើឃាតកម្មមែននោះ នឹងធ្វើការស្រាវជ្រាវចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕

 

អត្ថបទមុនៗ

 

ឃាតកររឹតកសម្លាប់ស្ត្រីវ័យចំណាស់ សារភាពថា “ព្រោះតែខឹងជនរងគ្រោះដើរនិយាយពេញភូមិ រឿងខ្លួនជិះម៉ូតូបុកគេស្លាប់ មិនព្រមសង”

ខេត្តកណ្តាល ៖ ជនដៃដល់ជាឃាតករដៃឆៅដែលធ្វើសកម្មភាពរឹតកសម្លាប់ស្ត្រីវ័យចំណាស់ បណ្តាលឱ្យស្លាប់នៅក្នុងគុម្ពោតព្រៃ ត្រង់ចំណុចដីទួលមួយកន្លែង ស្ថិតក្នុងភូមិគោល ឃុំទួលព្រិច ស្រុកអង្គស្នួល កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង៣ និង០៧នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងគុម្ពោតព្រៃ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល។

ជនដៃដល់ជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះមុត ម៉ុន អាយុ៣៣ឆ្នាំ ជាអតីតអ្នកប្រដាល់ ឈ្មោះផុល ភាព សព្វថ្ងៃមុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល។ ចំណែកស្ត្រីចំណាស់រងគ្រោះដែលត្រូវឃាតកររឹតកសម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះឃួន ខឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ មានប្តីឈ្មោះសន ស៊ុយ អាយុ ៧៣ឆ្នាំ និងមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

លោកវរសេនីយ៍មាន សំណាង អធិការស្រុកអង្គស្នួល បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅផ្លាស់គោនៅវាលស្រែខាងជើងភូមិ ហើយបានឃើញជនល្មើស និងក្មេងៗអាយុ១៤ទៅ១៥ឆ្នាំ កំពុងប្រើប្រាស់ថ្នាំញៀននៅក្នុងគុម្ពោតព្រៃ។ ពេលនោះ ជនរងគ្រោះបានស្រែកឡូឡាថាឱ្យ ចំណែកក្មេងៗបាននាំគ្នារត់គេចចេញទៅមុនអស់ ទើបជនល្មើសខឹងបានឈានដល់វាយតប់ និងយកក្រមារឹតកសម្លាប់ស្ត្រីរងគ្រោះ ហើយអូសយកទៅលាក់ក្នុងគុម្ពោតព្រៃ ដែលមានចម្ងាយពីកន្លែងកើតហេតុ ប្រហែល៤៥ម៉ែត្រ ក្រោយមកក៏គេចខ្លួនបាត់។

លោកអធិការ បន្តថា លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣និង០៧នាទីរសៀល តាមរយៈសមត្ថកិច្ចជំនាញ និងស្រុក តាមការស៊ើបអង្កេតមានតម្រុយថា មុខសញ្ញាបានគេចខ្លួនមកនៅផ្ទះប្អូននៅឃុំស្វាយជ្រុំ។  បន្ទាប់មក កម្លាំងជំនាញខេត្ត បានតាមស្វែងរកជនល្មើស តែជនល្មើសដឹងខ្លួន ក៏រត់គេចទៅលាក់ខ្លួននៅចំណុចក្នុងគុម្ពោតព្រៃ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ក៏ត្រូវកម្លាំងនគរបាលស្រុកអង្គស្នួល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល  ធ្វើការស្វែងរកចាប់ខ្លួនជនល្មើស និងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់ស្ត្រីរងគ្រោះតែម្នាក់ឯង។ ដោយកន្លងមក ខ្លួនខឹងនឹងស្ត្រីរងគ្រោះដើរនិយាយពេញភូមិរឿងខ្លួនជិះម៉ូតូបុកគេស្លាប់មិនព្រមសង។ ណាមួយខ្លួនស្អប់ស្ត្រីរងគ្រោះចេះធ្វើគ្រូធ្មប់។ ហើយដំបូងឡើយ មូលហេតុដែលរូបគេឆ្លើយភូតកុហកសមត្ថកិច្វថា ឈ្មោះហេង ម៉ានិត ហៅមុំ ថាបានផ្តើមគំនិតក្នុងអំពើឃាតកម្មនេះ ដោយសារខ្លួនស្អប់ឈ្មោះហេង ម៉ានិត ហៅមុំ ជាមេជួញដូរគ្រឿងញៀន និងចង់សម្រាលទោសខ្លួនឯង។

គួររំលឹកថា កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅចំណុចក្នុងព្រៃលើដីទួលមួយកន្លែង មានទីតាំងស្ថិតក្នុងភូមិគោល ឃុំទួលព្រិច ស្រុកអង្គស្នួល ដោយស្ត្រីវ័យចំណាស់ម្នាក់បានដើរចេញពីផ្ទះ បំណងទៅផ្លាស់គោនៅឯស្រែ រួចក៏បាត់ខ្លួនសូន្យឈឹង មិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ ក៏នាំគ្នាដើរតាមស្វែងរកសព្វកន្លែង នៅតែមិនឃើញ លុះព្រឹកស្អែកឡើងតាមរកម្តងទៀត ក៏ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងគុម្ពោតព្រៃយ៉ាងអាណោចអាធ័ម ដោយមានក្រមារឹតជាប់នឹងក។

តាមប្រភពពីក្រុមគ្រួសារសព បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះបានទៅបុណ្យសង្ឃទាននៅផ្ទះអ្នកជិតខាង ដោយមានពាក់គ្រឿងអលង្ការ និងដាក់លុយចំនួន៥០០ដុល្លារ ជាប់ខ្លួនទៀតផង។ លុះដល់វេលាម៉ោងប្រហែល២រសៀលថ្ងៃដដែល ប្តីរបស់ស្ត្រីរងគ្រោះបានជិះម៉ូតូឌុបកូនស្រីម្នាក់ ហើយបានដួលម៉ូតូ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ទើបស្ត្រីរងគ្រោះបានដាំទឹកក្តៅស្អំរបួសឱ្យប្តីគាត់រួចរាល់។ លុះវេលាម៉ោង៣រសៀលថ្ងៃដដែល ស្ត្រីរងគ្រោះក៏បានដើរចេញពីផ្ទះបំណងទៅផ្លាស់គោ ហើយក៏ស្រាប់តែបាត់រហូត មិនឃើញត្រឡប់ទៅផ្ទះវិញសោះឡើយ។

ប្រភពដដែលបន្តថា បន្ទាប់ពីបាត់យូរទៅៗ រហូតដល់វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល ធ្វើឱ្យកូនៗនឹកឆ្ងល់ ក៏នាំគ្នាដើរតាមរកគ្រប់ទីកន្លែងក្នុងភូមិ តែទោះជារកដល់ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក៏នៅតែមិនឃើញសោះ ទើបនាំគ្នាត្រឡប់មកផ្ទះសម្រាកវិញសិន ចាំព្រឹកឡើងចាំបន្តរកទៀត។

ប្រភពខាងលើ បានបញ្ជាក់ថា បន្ទាប់មក នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ ក្រុមគ្រួសារ រួមនឹងអ្នកភូមិបាននាំគ្នាចេញដើរតាមរកស្ត្រីរងគ្រោះម្តងទៀត ស្រាប់តែពេលទៅដល់ចំណុចកើតហេតុខាងលើ ជាព្រៃលើដីទួលមាត់ត្រពាំងពង្រ ក៏ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងព្រៃនោះបាត់ទៅហើយ ដោយមានក្រមារឹតជាប់នឹងកទៀតផង ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បានឱ្យដឹងថា ក្រោយពីត្រឡប់មកពីបុណ្យនៅផ្ទះអ្នកជិតខាងវិញ ស្ត្រីរងគ្រោះបានដោះគ្រឿងអលង្ការ រួមជាមួយលុយ ទុកនៅក្នុងទូក្នុងផ្ទះអស់ទៅហើយ ទើបចេញពីផ្ទះទៅផ្លាស់គោ ដោយនៅសល់តែចិញ្ចៀនចម្រៀកផ្តៅ ពាក់ជាប់ដៃ ១វង់ ប៉ុណ្ណោះ ហើយនៅពេលប្រទះឃើញសាកសព ចិញ្ចៀននេះក៏បានបាត់មិនឃើញឡើយ ដែលសង្ស័យឃាតករដោះយក ក្រោយពេលសម្លាប់រួច។

ទីបំផុត ឈាមស្រែកស្បែកហៅ ជនជាឃាតករដៃឆៅ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ វែកមុខនិងចាប់ខ្លួនបាន កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

http://www.nokorthomdaily.com/2018/01/killer-59651/