Wednesday, April 24, 2024
Homeព័ត៌មានជាតិឃាត់ស្ត្រីរកសុីផ្លូវភេទ១១នាក់ បញ្ជូនទៅអប់រំកែប្រែខ្លួនសាជាថ្មី

ឃាត់ស្ត្រីរកសុីផ្លូវភេទ១១នាក់ បញ្ជូនទៅអប់រំកែប្រែខ្លួនសាជាថ្មី

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ បានបើកប្រតិបត្តិការចុះធ្វើរដ្ឋបាលឃាត់ស្ត្រីរកស៊ីផ្លូវភេទ ដែលឈរហៅម៉ូយនៅជុំវិញបរិវេណវត្តភ្នំ បានសរុបចំនួន១១នាក់ និង៤នាក់ទៀត ជាអ្នកប្រើប្រាស់ថ្នាំញៀននៅប្លុកបឹងកក់ បញ្ជូនទៅកាន់មន្ទីរ សង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំឱ្យកែប្រែខ្លួនសាជាថ្មី។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ត្រង់ចំណុចរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីសាលាខណ្ឌដូនពេញ បានឱ្យដឹងថា នៅចំណុចរង្វង់មូលវត្តភ្នំ តែងមានស្ត្រីរកស៊ីផ្លូវភេទឈរហៅម៉ូយបង្កភាពរញ៉េរញៃអនាធិបតេយ្យតាមផ្លូវសាធារណៈ ដោយឃើញរូបភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយសង្គមបែបនេះ ទើបអភិបាលខណ្ឌដូនពេញ បានចាត់ឱ្យគណៈបញ្ជាការឯកភាពខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់ ប្រមូលស្ត្រីរកស៊ីផ្លូវភេទដែលឈរហៅម៉ូយគ្មានសណ្តាប់ធ្នាប់ នៅជុំវិញបរិវេណវត្តភ្នំ ដែលតែងតែលួចបន្លំលួចយករបស់ភ្ញៀវណាដែលស្រវឹងស្រាមករកសេវាផ្លូវភេទ ដើម្បីនាំយកមកអប់រំណែនាំ។

ប្រភពដដែលបន្តថា យុទ្ធនាការប្រមូលស្ត្រីរកស៊ីផ្លូវភេទនេះ អាជ្ញាធរឃាត់បានស្ត្រីរកស៊ីផ្លូវភេទនៅវត្តភ្នំ បានចំនួន១០នាក់ និងម្នាក់ទៀត នៅដើមពោធិ៍មុខបារទន្លេសាប និងបន្តឃាត់ខ្លួនអ្នកប្រើប្រាស់ថ្នាំញៀនចំនួន៤នាក់ នៅប្លុកបឹងកក់ ក្នុងនោះមានស្រី២នាក់ និងប្រុស២នាក់ ដកហូតបានឧបករណ៍សំរាប់ជក់ថ្នាំញៀនចំនួនមួយ យកទៅសាលាខណ្ឌដូនពេញ។

ក្រោយប្រមូលបាន ក្រុមស្ត្រីរកស៊ីផ្លូវភេទទាំង១១នាក់ រួមនឹងអ្នកប្រើប្រាស់ថ្នាំញៀន៤នាក់ទៀតនោះ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ រៀបចំបញ្ជូនយកទៅអប់រំនៅមន្ទីរសង្គមកិច្ច ដើម្បីកែខ្លួនសារជាថ្មី៕

RELATED ARTICLES