ភ្នំពេញ ៖ បុរសម្នាក់ ជិតដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែបានធ្វើសកម្មភាពជួញដូរថ្នាំញៀន ដើម្បីសន្សំប្រាក់បម្រុងទុកថ្ងៃរៀបការ ទីបំផុតត្រូវសមត្ថកិច្ចស្ទាក់ឃាត់ត្រួតពិនិត្យអាវុធជាតិផ្ទុះ ប្រទះឃើញថ្នាំញៀន ក៏ចាប់វ៉ៃខ្នោះបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍ធ្វើឱ្យនារីជាគូដណ្តឹងបានមកទួញយំសោកនៅខាងមុខប៉ុស្តិ៍ ព្រោះស្មានមិនដល់សោះថា ជិតដល់ថ្ងៃចូលរោងការទៅហើយ បែរជាកូនកំលោះ ត្រូវប៉ូលិសចាប់ពីបទពាក់ព័ន្ធនឹងថ្នាំញៀនបែបនេះសោះ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ស្ថិតនៅមុខវត្តសំបួរមាស តាមផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងថ្នាំញៀន១១កញ្ចប់ មានឈ្មោះ ឆាយ ប៊ុនថា អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនស្មាតហ្វូន ស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន។
តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ បានដាក់គោលដៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅត្រង់ចំណុចខាងលើ លុះដល់ម៉ោងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យខាងលើ បើកម៉ូតូ១គ្រឿង ម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FT-0663 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវ ២១៧ លុះមកដល់ចំណុចកើតហេតុ សមត្ថកិច្ចមានការសង្ស័យ ក៏បានហៅឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែពេលសមត្ថកិច្ចឆែកឆេរ ក៏ប្រទះឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់តូចនៅក្នុងហោប៉ៅខោរបស់ជនសង្ស័យទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង រួមមានម៉ូតូម៉ាក MSX ១គ្រឿងថ្នាំញៀន១១កញ្ចប់តូច និងលុយជាង១០០០ដុល្លារ រួចនាំយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌង្កោ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឆាយ ប៊ុនថា បានឆ្លើយសារភាពថា ថ្នាំញៀនទាំង១១កញ្ចប់តូចនោះ គឺពិតជារបស់ខ្លួនមែន ដោយរូបគេបម្រុងយកទៅផ្ញើតាមឡាន ទៅឱ្យម៉ូយនៅខេត្តកំពង់ចាម តែមិនទាន់ដល់គោលដៅផង ក៏ត្រូវសមត្ថកិច្ចស្ទាក់ឆែកឆេរឃើញចាប់ ខ្លួនជាប់តែម្តង។
ជនសង្ស័យបានបន្តសារភាពទៀតថា តាមពិតរូបគេជិតដល់ថ្ងៃចូលរោងការទៅហើយ ដោយគេត្រៀមនឹងរៀបការ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ដោយពេលនេះ រូបគេជាកូនកំលោះ រួមនិងខាងកូនក្រមុំ បាននាំគ្នាចែកធៀបការបណ្តើរៗទៅហើយ ហើយរូបគេបានលួចលាក់លក់ថ្នាំញៀននេះ ដើម្បីខំសន្សំលុយយកទៅត្រៀមបម្រុងទុកថ្ងៃរៀបការ ទីបំផុតប៉ូលិសចាប់ជាប់ មង្គលការក៏ត្រូវរំសាយ មិនដឹងជាវាសនាអនាគតភរិយានឹងទៅជាយ៉ាងណាទេ។
ក្រោយកើតហេតុ គេឃើញស្ត្រីជាអនាគតកូនក្រមុំបានមកយំសោកបោកខ្លួននៅខាងមុខអធិការដ្ឋាននគរបាលខណ្ឌដង្កោ ព្រោះតែនឹកស្មានមិនដល់ថា អនាគតស្វាមីដែលគ្រោងនឹងដឹកដៃគ្នាចូលរោងការនៅខែកុម្ភៈខាងមុខនេះ បែរជាត្រូវប៉ូលិសចាប់វ៉ៃខ្នោះ ព្រោះតែពាក់ព័ន្ធ នឹងរឿងជួញដូរគ្រឿងញៀនបែបនេះសោះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរនៅអធិការរដ្ឋានខណ្ឌដង្កោ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕