Friday, April 26, 2024
Homeព័ត៌មានជាតិឈឺចិត្តប្រពន្ធរត់ចោល បបួលក្លើធ្វើរឿងចឹងវិញ មិនទាន់បានធ្វើផង ជាប់ខ្នោះសមត្ថកិច្ច

ឈឺចិត្តប្រពន្ធរត់ចោល បបួលក្លើធ្វើរឿងចឹងវិញ មិនទាន់បានធ្វើផង ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ ៖ បុរសម្នាក់ព្រោះតែឈឺចិត្តស្អិតទ្រូងនឹងរឿងប្រពន្ធរត់ចោល ក៏បបួលមិត្តភក្តិទិញថ្នាំញៀនជក់ ដើម្បីរំសាយអារម្មណ៍ ដឹងអី! មិនទាន់បានប្រើប្រាស់ផង ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ខាងក្រោយក្រុមហ៊ុនឆប ស្ថិតក្នុងក្រុមទី៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះកែវ សារុំ ហៅគោ អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ទើបនឹងត្រូវប្រពន្ធរត់ចោលថ្មីៗ និងទី២-ឈ្មោះសេង ណារិន អាយុ៣១ឆ្នាំ មុខរបរលីសែងអីវ៉ាន់នៅផ្សារបឹងត្របែក ស្នាក់នៅក្នុងវត្តទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន មានប្រពន្ធកូនរស់នៅអ្នកលឿង ខេត្តព្រៃវែង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កម្លាំងល្បាតបានចេញធ្វើការល្បាតក្នុងភូមិសាស្ត្រនានា លុះដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់ខាងលើ កំពុងអង្គុយ ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ធ្វើការឆែកឆេរ ស្រាប់តែរកឃើញក្រាមសថ្លា ចំនួន៣កញ្ចប់តូច រួមនិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និងដែកកេះចំនួន៣ ទុកក្នុងថង់ពណ៌ស និងក្រាមពណ៌សថ្លា ចំនួន៣កញ្ចប់ទៀត លាក់ទុកនៅក្នុងអាវខូវប៊យ ដែលដាក់នៅជិតខ្លួនជនសង្ស័យ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

តាមសម្តីជនសង្ស័យឈ្មោះកែវ សារុំ ហៅគោ បានរៀបរាប់ប្រាប់ថា ខ្លួនមានប្រពន្ធនឹងគេដែរ តែរស់នៅមិនសូវចុះសម្រុងនឹងគ្នាសោះ ចេះតែឈ្លោះប្រកែកគ្នា ហើយប្រពន្ធនោះឱ្យតែខឹងម្តងៗ តែងរត់ចោលប្តីជានិច្ច ហើយថ្មីៗនេះ ប្រពន្ធទើបនឹងរត់ចោលរូបគេ ទើបធ្វើឱ្យរូបគេខូចចិត្ត ក៏ដើរទៅបបួលមិត្តភក្តិឈ្មោះសេង ណារិន ទិញថ្នាំញៀនជក់ ដើម្បីរំសាយអារម្មណ៍ឈឺចាប់ លុះពេលទិញថ្នាំញៀនបានហើយ មិនទាន់បានប្រើប្រាស់ផង ក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង។

ចំណែកជនសង្ស័យឈ្មោះសេង ណារិន បានឱ្យដឹងថា រាល់ថ្ងៃរូបគេដើរស៊ីឈ្នួលលីសែងបន្លែឱ្យគេនៅផ្សារបឹងត្របែក និងស្នាក់នៅវត្តទួលទំពូង ចំណែកប្រពន្ធកូននៅឯស្រុកកំណើត ខាងអ្នកលឿង។ តាមពិតរូបគេបានប្រើប្រាស់ថ្នាំញៀនរយៈពេល១ឆ្នាំមកហើយ ដោយសារតែពេលខ្លះរូបគេត្រូវស៊ីឈ្នួលលើកបន្លែឱ្យគេយប់ជ្រៅ ទើបត្រូវការជក់ថ្នាំ ដើម្បីកុំឱ្យងងុយដេក។ ហើយនៅមុនពេលកើតហេតុ រូបគេថាមកសួរនាំ និងកំដរមិត្តភក្តិឈ្មោះកែវ សារុំ ហៅគោ ដែលទើបនឹងត្រូវប្រពន្ធរត់ចោល បន្ទាប់មកក៏និយាយត្រូវគ្នាទិញថ្នាំញៀនជក់ ហើយក៏ត្រូវប៉ូលិសល្បាតប្រទះឃើញចាប់ជាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមច្បាប់បន្តទៀត៕

 

អត្ថបទមុនៗ

ជិតដល់ថ្ងៃចូលរោងការ! កូនកំលោះលក់ថ្នាំញៀនសន្សំលុយ ប៉ូលិសចាប់វ៉ៃខ្នោះ កូនក្រមុំយំបោកខ្លួននៅមុខប៉ុស្តិ៍
ភ្នំពេញ ៖ បុរសម្នាក់ ជិតដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែបានធ្វើសកម្មភាពជួញដូរថ្នាំញៀន ដើម្បីសន្សំប្រាក់បម្រុងទុកថ្ងៃរៀបការ ទីបំផុតត្រូវសមត្ថកិច្ចស្ទាក់ឃាត់ត្រួតពិនិត្យអាវុធជាតិផ្ទុះ ប្រទះឃើញថ្នាំញៀន ក៏ចាប់វ៉ៃខ្នោះបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍ធ្វើឱ្យនារីជាគូដណ្តឹងបានមកទួញយំសោកនៅខាងមុខប៉ុស្តិ៍ ព្រោះស្មានមិនដល់សោះថា ជិតដល់ថ្ងៃចូលរោងការទៅហើយ បែរជាកូនកំលោះ ត្រូវប៉ូលិសចាប់ពីបទពាក់ព័ន្ធនឹងថ្នាំញៀនបែបនេះសោះ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ស្ថិតនៅមុខវត្តសំបួរមាស តាមផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងថ្នាំញៀន១១កញ្ចប់ មានឈ្មោះ ឆាយ ប៊ុនថា អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនស្មាតហ្វូន ស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ បានដាក់គោលដៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅត្រង់ចំណុចខាងលើ លុះដល់ម៉ោងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យខាងលើ បើកម៉ូតូ១គ្រឿង ម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FT-0663 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវ ២១៧ លុះមកដល់ចំណុចកើតហេតុ សមត្ថកិច្ចមានការសង្ស័យ ក៏បានហៅឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែពេលសមត្ថកិច្ចឆែកឆេរ ក៏ប្រទះឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់តូចនៅក្នុងហោប៉ៅខោរបស់ជនសង្ស័យទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង រួមមានម៉ូតូម៉ាក MSX ១គ្រឿងថ្នាំញៀន១១កញ្ចប់តូច និងលុយជាង១០០០ដុល្លារ រួចនាំយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌង្កោ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឆាយ ប៊ុនថា បានឆ្លើយសារភាពថា ថ្នាំញៀនទាំង១១កញ្ចប់តូចនោះ គឺពិតជារបស់ខ្លួនមែន ដោយរូបគេបម្រុងយកទៅផ្ញើតាមឡាន ទៅឱ្យម៉ូយនៅខេត្តកំពង់ចាម តែមិនទាន់ដល់គោលដៅផង ក៏ត្រូវសមត្ថកិច្ចស្ទាក់ឆែកឆេរឃើញចាប់ ខ្លួនជាប់តែម្តង។

ជនសង្ស័យបានបន្តសារភាពទៀតថា តាមពិតរូបគេជិតដល់ថ្ងៃចូលរោងការទៅហើយ ដោយគេត្រៀមនឹងរៀបការ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ដោយពេលនេះ រូបគេជាកូនកំលោះ រួមនិងខាងកូនក្រមុំ បាននាំគ្នាចែកធៀបការបណ្តើរៗទៅហើយ ហើយរូបគេបានលួចលាក់លក់ថ្នាំញៀននេះ ដើម្បីខំសន្សំលុយយកទៅត្រៀមបម្រុងទុកថ្ងៃរៀបការ ទីបំផុតប៉ូលិសចាប់ជាប់ មង្គលការក៏ត្រូវរំសាយ មិនដឹងជាវាសនាអនាគតភរិយានឹងទៅជាយ៉ាងណាទេ។

ក្រោយកើតហេតុ គេឃើញស្ត្រីជាអនាគតកូនក្រមុំបានមកយំសោកបោកខ្លួននៅខាងមុខអធិការដ្ឋាននគរបាលខណ្ឌដង្កោ ព្រោះតែនឹកស្មានមិនដល់ថា អនាគតស្វាមីដែលគ្រោងនឹងដឹកដៃគ្នាចូលរោងការនៅខែកុម្ភៈខាងមុខនេះ បែរជាត្រូវប៉ូលិសចាប់វ៉ៃខ្នោះ ព្រោះតែពាក់ព័ន្ធ នឹងរឿងជួញដូរគ្រឿងញៀនបែបនេះសោះ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរនៅអធិការរដ្ឋានខណ្ឌដង្កោ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

 

http://www.nokorthomdaily.com/2018/01/18012018146/

RELATED ARTICLES