Thursday, April 18, 2024
Homeព័ត៌មានជាតិខ្លោចចិត្តណាស់!!! ប្រពន្ធទើបសម្រាលកូន១សប្តាហ៍ ប្តីយកខ្សែតីវាយ ជាំពេញខ្លួន

ខ្លោចចិត្តណាស់!!! ប្រពន្ធទើបសម្រាលកូន១សប្តាហ៍ ប្តីយកខ្សែតីវាយ ជាំពេញខ្លួន

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ ទើបនឹងសម្រាលកូនខ្ចីបាន១សប្តាហ៍ ស្រាប់តែត្រូវប្តីកំណាចខ្វះធម៌មេត្តា ការយោគយល់ ប្រើអំពើហិង្សាវ៉ៃដំព្រឹកល្ងាច និងថែមទាំងយកខ្សែតីវាយ បណ្តាលឱ្យរងរបួសជាំពេញខ្លួនប្រាណ រហូតដល់ប្រពន្ធទ្រាំមិនបាន ក៏ផ្តល់ដំណឹងប្រាប់ឪពុកឱ្យរាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ២១ ជាន់ទី១ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះដែលត្រូវប្តីកំណាចវាយដំគ្មានប្រណីនោះ មានឈ្មោះតាត់ ហឿន អាយុ២១ឆ្នាំ ជាកម្មការិនីរោងចក្រ ទើបឈប់សម្រាកកូនខ្ចីបាន១សប្តាហ៍។ ចំណែកលោកប្តីចិត្តភ្លើង មានឈ្មោះទឹម ផង់ អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ។ ទាំង២នាក់ប្តីប្រពន្ធខាងលើ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នាងត្រូវឪពុកម្តាយផ្សំផ្គុំរៀបចំទុកដាក់ឱ្យមានគូស្រកររៀបការត្រឹមត្រូវទទួលស្គាល់តាមផ្លូវច្បាប់ ជាមួយបុរសជាប្តីខាងលើ តាំងពីអំឡុងខែឧសភា ឆ្នាំ២០១៧ មកម៉្លេះ ហើយមកដល់ពេលនេះ នាងបានសម្រាលកូនស្រីម្នាក់ជាចំណងនិស្ស័យ និងទើបសម្រាលបាន១សប្តាហ៍ប៉ុណ្ណោះ។

ស្ត្រីរងគ្រោះបន្តថា នាងទើបតែមានអាយុ២១ឆ្នាំទេ ចំណែកការរៀនសូត្រក៏មិនបានជ្រៅជ្រះនឹងគេដែរ ដោយសារស្ថានភាពជីវភាពទីទ័លក្រពេក ទើបសម្រេចបោះបង់ការសិក្សា មកធ្វើការងារជាកម្មកររោងចក្រ ហើយទោះជានាងមានប្តីក៏ពិតមែន តែការងាររាក់ជ្រៅ នាងពុំដែលធ្លាប់ជួបសូម្បីតែសង្គមគ្រួសារផ្ទាល់ ខ្លួនឯងក៏នាងមិនដឹងច្បាស់ផង ទាល់តែប្រាប់ ទើបដឹង តែផ្ទុយទៅវិញ ការរស់នៅក្នុងសង្គមគ្រួសាររវាងប្តីនិងប្រពន្ធ បែរជាលោកប្តីចាំតែចាប់កំហុសខុសឆ្គងម្តងម្កាលដោយអចេតនា លោកប្តីតែងតែវាយធ្វើបាប ហើយខណៈដែលនាងទើបសម្រាលកូនខ្ចី ការងារអ្វីៗ សមណាស់តែលោកប្តីជាមេគ្រួសារទទួលរ៉ាប់រងជួយគ្នា គ្រាទ័លដៃទ័លជើង តែផ្ទុយទៅវិញ បែរជាប្រើទារុណកម្មរងនូវខ្សែតី ជាំអស់ពេញខ្នង ថែមទាំងគំរាមហាមនិយាយប្រាប់គេឯង បង្ខាំងនាងទុកក្នុងបន្ទប់ ប្រៀបដូចទាសករដាច់ថ្លៃ ទោះជានាងសុំលាទៅសម្រាកលំហែនៅស្រុកកំណើត ក៏លោកប្តីមិនអនុញ្ញាត ទើបនៅរសៀលថ្ងៃទី១៨ ខែមករា នេះ នាងបានផ្តល់ដំណឹងឱ្យឪពុកម្តាយនៅស្រុកកំណើតបានដឹង និងត្រូវពួកគាត់នាំគ្នាឡើងមកពីស្រុក រាយការណ៍ស្នើសុំទៅសមត្ថកិច្ចឱ្យជួយធ្វើយ៉ាងណា នាំនាងនិងកូនទៅស្រុកវិញ។

ជុំវិញករណីហិង្សាក្នុងគ្រួសារខាងលើនេះ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ ទៅជួយអន្តរាគមន៍សម្របសម្រួលយកទារិកាចេញពីបន្ទប់ ហើយស្ត្រីរងគ្រោះខាងលើ និងកូនតូច ត្រូវបានឪពុកម្តាយក្រុមគ្រួសារនាំវិលទៅស្រុកកំណើត វិញ។ ចំណែកការរស់នៅមិនចុះសម្រុងគ្នាយ៉ាងណានោះ សមត្ថកិច្ចប្រាប់ឱ្យបុរសជាភាគីខាងប្តីវិលទៅស្រុកកំណើត ដើម្បីនិយាយគ្នា៕

RELATED ARTICLES