Thursday, March 28, 2024
Homeព័ត៌មានជាតិមហាស្តាយពន់ពេក ព្រោះបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន

មហាស្តាយពន់ពេក ព្រោះបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ រួមនឹងកូនប្រុសតូចអាយុ១ខួបម្នាក់ បានជិះម៉ូតូដឹកឪពុករបស់ខ្លួនទៅបើកថ្នាំ ស្រាប់តែអកុសល ពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ ក៏ត្រូវរថយន្តកុងតឺន័រ១គ្រឿង បើកក្នុងល្បឿនលឿនវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលមកបុកម៉ូតូជនរងគ្រោះចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសជាឪពុក រួមនឹងកូនប្រុសស្រី២នាក់ប្តីប្រពន្ធ ស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងភ្លាមៗ ចំណែកចៅប្រុសតូចអាយុ១ខួបកន្លះ បានទទួលរងរបួសធ្ងន់ រីឯតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចជិតវត្តស្លែង ស្ថិតក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ។

ជនរងគ្រោះទាំង៤នាក់ជាសមាជិកក្រុមគ្រួសារតែមួយ ដែលជួបគ្រោះអកុសលក្នុងហេតុការណ៍ដ៏រន្ធត់ខាងលើនេះ រួមមាន ទី១-ឈ្មោះម៉ៅ មុត ភេទប្រុស អាយុ៧៥ឆ្នាំ មុខរបរកសិករ (ត្រូវជាជីតា) ទី២-ឈ្មោះមុត សុគា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ (ត្រូវជាកូនស្រីបង្កើត) ទី៣-ឈ្មោះចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដាក់ស្លាកយីហោ (ត្រូវជាកូនប្រសារ) អ្នកទាំង៣ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងទី៤-ឈ្មោះមុត ឈុននី ភេទប្រុស អាយុ១ឆ្នាំកន្លះ រងរបួសធ្ងន់ (ត្រូវជាចៅ)។ ជនរងគ្រោះទាំង៤នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FY-8878 និងមានលំនៅក្នុងភូមិព្រៃប្រាសាទ ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែករថយន្តបង្ក ម៉ាក INTERNATIONAL ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 3A-9057 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្រោយបង្កហេតុរួច បានចុះរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេបានឃើញក្រុមគ្រួសារជនរងគ្រោះខាងលើ ដែលមានគ្នា៤នាក់ បានជិះម៉ូតូ១គ្រឿង ដឹកគ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តសណ្តោងកុងតឺន័រ១គ្រឿងខាងលើ បើកបរក្នុងល្បឿនយ៉ាងលឿន បោះពួយតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង បញ្ច្រាសទិសគ្នា និងបានព្យាយាមបន្ថែមល្បឿនវ៉ាជែងរថយន្ត១គ្រឿងទៀត មិនចាំម៉ាក ធ្វើឱ្យចូលចំណែកផ្លូវម្ខាងទៀត រួចក៏ជ្រុលល្បឿនទៅបុកម៉ូតូជនរងគ្រោះចំពីមុខយ៉ាងពេញទំហឹង  បណ្តាលឱ្យជនរងគ្រោះដែលជិះម៉ូតូទាំង៤នាក់ ប៉ើងខ្ទាតបោកទៅនឹងថ្នល់ស្លាប់៣នាក់យ៉ាងរន្ធត់ ចំណែកក្មេងប្រុសតូចអាយុ១ខួបកន្លះ ទទួលរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា។

ប្រភពដដែលបន្តថា ក្រោយពីបើករថយន្តបំពានល្មើសច្បាប់ បង្កជាគ្រោះថ្នាក់ បណ្តាលឱ្យជីវិតមនុស្ស៣នាក់ត្រូវបាត់បង់ត្រឹមមួយប៉ព្រិចភ្នែករួចមក ជនបង្កហេតុដែលជាអ្នកបើកបរបានបើកទ្វារចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ លុះមួយសន្ទុះក្រោយមក គេឃើញសាច់ញាតិ ក្រុមគ្រួសារជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ និងបាននាំគ្នាស្រែកទ្រហោយំសោក ឱបសពដោយក្តីស្រណោះអាល័យជាទីបំផុត។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ រួមនឹងកូនប្រុសតូចអាយុ១ខួបកន្លះ បានជិះម៉ូតូដឹកឪពុកទៅបើកថ្នាំនៅមន្ទីរពេទ្យ លុះពេលបើកថ្នាំរួចហើយ ពួកគាត់បានឆៀងចូលលេងផ្ទះបងប្អូននៅភ្នំពេញ រហូតដល់ម៉ោងកើតហេតុ ទើបធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ តែទើបបានពាក់កណ្តាលផ្លូវ ក៏ជួបហេតុការណ៍ដ៏សោកសង្រេងបែបនេះតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌ បានចុះទៅដល់កន្លែងកើតហេតុ រួចហើយបានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍រាជធានី ចុះធ្វើការវាស់វែង អូសយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី។

ដោយឡែកសាកសព ជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតឯខេត្តកណ្តាល ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES