Saturday, April 20, 2024
Homeតារាខ្មែរមាស សុខសោភា គេចផុតទេ ហង្សមាស ចិញ្ចឹមចិត្តចង់បានបែបនេះ

មាស សុខសោភា គេចផុតទេ ហង្សមាស ចិញ្ចឹមចិត្តចង់បានបែបនេះ

តារាចម្រៀងសំនៀងផ្អែម​ មាស សុខសោភា នៅដើមឆ្នាំ២០១៨ នេះ លែងខ្លាចក្នុងការបណ្តើរប្តី លោកអ៊ឹត រ៉ាដា ដូចមុនទៀតហើយ ដោយថែមទាំងបញ្ចោញភាពសិចស៊ីដែលមិនធ្លាប់មានទៀតផង តាមរយៈការថត MV លេចចេញខោក្នុង ដែលធ្វើឱ្យប្រុសៗជ្រួលជ្រើមខ្លាំង។

តាមព័ត៌មានថា មាស សុខសោភា ទារថ្លៃខ្លួនខ្ពស់ជាងមុន ក្រោយពេលចេញឈុតស្រើបស្រាលនេះ គឺច្រៀង១កម្មវិធី ជិត៣ពាន់ដុល្លារ ស្មើឱក សុគន្ធកញ្ញា ដែរ ស្របពេលដែលមានដំណឹងថា ហង្សមាស នៅតែចិញ្ចឹមចិត្តអូសទាញ សុខសោភា ឱ្យចូលទ្រនំរបស់ខ្លួន…។

ការរៀបចំធ្វើសន្និសីទកាសែតរបស់ផលិតកម្មរស្មីហង្សមាស កាលពីថ្ងៃទី08 ខែមករា ឆ្នាំ2018 ដើម្បីបង្ហាញកូនប្រុសទាំង3 របស់លោកព្រាប សុវត្ថិ ក្លាយទៅជាអ្នកចម្រៀងរបស់ហង្សមាស នោះ ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថា នេះជាយុទ្ធសាស្ត្រថ្មីរបស់ហង្សមាស ដើម្បីអូសទាញតារាល្បីដែលនៅផលិតកម្មខាងក្រៅឱ្យចូលមកខ្លួនឱ្យអស់តែម្តង ក្នុងគោលបំណងឱ្យផលិតកម្មរបស់ខ្លួនលែងមានគូប្រជែងទៀត។

ប្រភពដែលស្និទ្ធនឹងហង្សមាស បានឱ្យដឹងថា ផលិតកម្មធំមួយនេះត្រូវការអ្នកចម្រៀង3រូបទៀត មកធ្វើជាសមាជិករបស់ខ្លួន គឺក្នុងនោះ មានលោកឆាយ វីរៈយុទ្ធ, អ៊ីវ៉ា ជាពិសេស គឺមាស សុខសោភា តែម្តង។

អ្នកជំនាញធ្វើបទភ្លេងឱ្យផលិតកម្មជាច្រើន រួមទាំងហង្សមាស ផងនោះ បាននិយាយដោយសុំមិនឱ្យដាក់ឈ្មោះថា “ហង្សមាស ធ្វើសន្និសីទកាសែតហ្នុង ដើម្បីឱ្យតារាល្បីផ្សេងៗទៀត មានការជ្រួលច្របល់ហើយមកចូលហង្សមាស ឱ្យអស់ កុំឱ្យមានផលិតកម្មណាអាចប្រជែងជាមួយគេបាន។ ហង្សមាស នៅត្រូវការអ្នកចម្រៀង 3នាក់ទៀត គឺឆាយ វីរៈយុទ្ធ, អ៊ីវ៉ា ពិសេសអ្នកដែលគេចង់បានជាយូរហើយនោះ គឺមាស សុខសោភា ហើយប្រហែលជាមិនយូរទេ តារាទាំង3ខាងលើ នឹងអាចឈានចូលហង្សមាស គ្រាន់តែថា ឥឡូវមិនទាន់ដល់ពេល”។

បើទោះជាមានការព្យាករថា មាស សុខសោភា ក៏អាចក្លាយទៅជាសមាជិករបស់ផលិតកម្មរស្មីហង្សមាស នាពេលអនាគតក៏ដោយ តែកន្លងមក សុខសោភា ថា នាងគ្មានបំណងចូលផលិតកម្មធំនោះទេ។ អ្វីដែលរឹតតែធ្វើឱ្យសុខសោភា មើលរំលងហង្សមាស ថែមទៀតនោះ គឺនៅពេលនេះ នាងមានផលិតកម្មផ្ទាល់ខ្លួនទៅហើយ គឺ Camtrax ហើយនាងក៏ជាតារាសំខាន់ជាងគេរបស់ផលិតកម្មថោន ដែរ។

ប្រភពបានឱ្យដឹងថា ថោន បានរកវិធីគ្រប់បែបយ៉ាងទាំងអស់ ដើម្បីចងជើងមាស សុខសោភា កុំឱ្យទៅចូលរួមជាមួយហង្សមាស ដូចជាការបណ្តោយឱ្យសោភា ច្រៀងនៅថោន ផង និងផលិតកម្ម Camtrax ផង រួមទាំងប្រគល់តំណែងមួយឱ្យលោកមាស សុខរតនៈ ដែលជាបងប្រុសសោភា នៅទូរទស្សន៍ថោន ទៀតផង។ អ្វីដែលរឹតតែធ្វើឱ្យសុខសោភា រំភើបថែមទៀតនោះ គឺតារាចម្រៀងជួរមុខគេនៅថោន រូបនេះ នឹងបានតំណែងជាគណៈកម្មការមួយ សម្រាប់កម្មវិធីប្រលងចម្រៀងរបស់ទូរទស្សន៍ថោន នាពេលខាងមុខនេះផងដែរ ហេតុនេះហើយ គេជឿថា សោភា នឹងមិនរើទ្រនំចាស់ ផ្លាស់ចូលទ្រនំថ្មី នាពេលនេះឡើយ។ ប៉ុន្តែ អ្នកចាត់ការទូទៅផលិតកម្មថោន លោកករុណា ពេជ្រ ធ្លាប់បានប្រាប់ថា មាស សុខសោភា ពិតជាតារាសំខាន់របស់ថោន មែន ហើយសូម្បីតែលោកល្បីឈ្មោះបានប៉ុណ្ណេះ ក៏មានជំនួយពីសោភា ខ្លះដែរ។ លោកពេជ្រ សង្កត់ធ្ងន់ថា “គ្រប់ផលិតកម្មទាំងអស់ មិនអាចឃាត់តារាណាម្នាក់បានឡើយ បើសិនជាតារានោះមិនចង់នៅជាមួយយើង ហើយគេចង់ទៅនោះ”។

មាស សុខសោភា ត្រូវបានចាត់ទុកថា ជាតារាដែលចូលចិត្តផ្លាស់ប្តូរទ្រនំច្រើនផងដែរ តាំងពីរស្មីស្ទឹងសង្កែ , U2, M, សាន់ដេ និងចុងក្រោយទើរនៅទ្រនំថោន នេះ។ ប៉ុន្តែយ៉ាងណា ទស្សនិកជនជាច្រើនបានសរសើរសុខសោភា ថា ទោះជានាងទៅដល់ផលិតកម្មណា ក៏នាងនៅតែល្បីឈ្មោះដដែល ព្រោះថា នាងជាតារាដែលមានសមត្ថភាពខ្លាំងម្នាក់ ហើយមានគូប្រជែងតែម្នាក់គត់ គឺឱក សុគន្ធកញ្ញា។ ប្រភពបានឱ្យដឹងថា ក្រោយពេលដែលសុខសោភា លេចចេញខោ ក្នុង MV បទ “My Only One” ដែលធ្វើឱ្យប្រុសៗជ្រួលជ្រើមនោះមក ស្រាប់តែពេលនេះ សោភា បានទាមទារតម្លៃខ្លួនខ្ពស់ជាងមុន គឺច្រៀង1កម្មវិធី ស៊ីថ្លៃជិត3ពាន់ដុល្លារឯណោះ គឺស្មើនឹងសុគន្ធកញ្ញា ដែរ ទើបធ្វើឱ្យក្រុមហ៊ុន Agency មួយចំនួនរារែកចិត្តក្នុងការជ្រើសយកសោភា ច្រៀងកម្មវិធីគេទៀត។

មាស សុខសោភា លែងខ្លាចក្នុងការបណ្តើរប្តីទៀតហើយ នៅឆ្នាំ2018 នេះ ហើយនាងថែមទាំងអះអាងថា ការមានប្តី គ្មានអ្វីត្រូវធ្លាក់កាលីបឡើយ។ ទោះជាយ៉ាងណា សុខសោភា នៅតែមិនទាន់កំណត់ពេលវេលាជាក់លាក់ក្នុងការដឹកដៃគូស្នេហ៍ចូលរោងការទេ បន្ទាប់ពីពួកគេបានរួមរស់ជាមួយគ្នាក្រោមដំបូលតែមួយ អស់11ឆ្នាំមក។

ប្រភពបានឱ្យដឹងថា ពេលនេះ សុខសោភា មានអ្វីៗគ្រប់យ៉ាងដែលនាងប៉ង គឺវីឡាជាង20ម៉ឺនដុល្លារ, រថយន្តទំនើប Land Cruiser V8 តម្លៃជិត10ម៉ឺនដុល្លារ និងដីធ្លីមួយចំនួនទៀត ហេតុនេះហើយបានជាក្រុមគ្រួសារនាងជំរុញឱ្យសោភា រៀបការតាមប្រពៃណីខ្មែរ តែគេជឿថា តារារូបនេះនៅស្ទាក់ស្ទើរ ព្រោះនាងរង់ចាំមើលឱក សុគន្ធកញ្ញា ចូលរោងការនៅឆ្នាំ2018នេះ ជាមួយកូនកំលោះ លោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស សិន ហើយបើសុគន្ធកញ្ញា រៀបការមែននោះ សោភា នឹងប្រាកដជារៀបការភ្លាមដែរ​ជាមិនខានឡើយ៕

RELATED ARTICLES