ដុកទ័ររិទ្ធ ជួបទុក្ខធំ ម្តាយស្លាប់

ភ្នំពេញ ៖ តារាសម្តែងរាងសង្ហា ល្បីឈ្មោះ ក្នុងរឿង “រសជាតិជីវិត” លោកអ៊ឹង សុក្រធារិទ្ធ ហៅដុកទ័រ រិទ្ធ បានជួបទុក្ខធំនៅក្នុងជីវិត ព្រោះតែអ្នកម្តាយដ៏មានគុណ ត្រូវឃ្លាតចាកឆ្ងាយពីស្វាមី និងកូនៗ កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦០ឆ្នាំ ដោយរោគាពាធ។

 

ម្តាយរបស់តារាសម្តែង លោកអ៊ឹង សុក្រធារិទ្ធ ហៅដុកទ័រ រិទ្ធ ដែលបានទទួលមរណភាព មានឈ្មោះហូ វ៉ាន់នី និងមានស្វាមី ឈ្មោះអ៊ឹង សោភ័ណ្ឌ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ដុកទ័ររិទ្ធ ដែលមានឈ្មោះ Tiger Rith កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ បានបង្ហោះ សារទុក្ខសោកមួយឃ្លាខ្លីថា “ម៉ាក់ទៅឱ្យបានសុខណា៎”។

តាមរយៈពាក្យមួយឃ្លានេះ ធ្វើឱ្យសាច់ញាតិ អ្នកគាំទ្រនិងលេងបណ្តាញសង្គម រួមទាំងមិត្តរួមអាជីពសិល្បៈជាច្រើន បានសម្តែងការសោកស្តាយ និងចូលរួមសម្តែងនូវមរណទុក្ខជាមួយនឹងដុកទ័ររិទ្ធ ផងដែរ។

គួរបញ្ជាក់ថា ពិធីបុណ្យសព និងពិធីបុណ្យខួបគម្រប់៧ថ្ងៃ ម្តាយរបស់លោកអ៊ឹង សុក្រធារិទ្ធ ហៅដុកទ័ររិទ្ធ ប្រព្រឹត្តទៅនៅគេហដ្ឋានសព ផ្ទះលេខ២០៣ ផ្លូវលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នៅល្ងាចថ្ងៃនេះផងដែរ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា ក៏បានអញ្ជើញចូលរួមពិធីបុណ្យសពម្តាយដុកទ័ររិទ្ធ ផងដែរ៕