តារាចម្រៀងប្រុសជួរមុខ លោកខេមរៈ សិរីមន្ត និងតារាសម្តែងរូបស្រស់ កែវ និសា បានចាប់ដៃគ្នាបញ្ចេញនូវស្នាដៃថ្មីមួយ តាមរយៈការសម្តែងនៅក្នុងបទចម្រៀងដែលមានចំណងជើងថា “ស្ទឹងត្រែងបងអើយ” ដែលបានរំលេចទៅដោយភាពស្និទ្ធស្នាល ឱបកៀកកើយ ប្រកបដោយមនោសញ្ចោតនាស្នេហាយ៉ាងជ្រាលជ្រៅ។
ការទន្ទឹងរង់ចាំរបស់ប្រិយមិត្តអ្នកគាំទ្រចំពោះបទចម្រៀង “ស្ទឹងត្រែងបងអើយ” ដែលជាស្នាដៃថ្មីរបស់តារាចម្រៀងខេមរៈ សិរីមន្ត ក្នុងឱកាសឈានជើងចូលផលិតកម្មរស្មីហង្សមាស ជាលើកដំបូង បានចេញជា Full MV ហើយកាលពីពេលថ្មីៗនេះ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។
តាមរយៈ Full MV នៃបទចម្រៀង “ស្ទឹងត្រែងបងអើយ” វត្តមានតារាសម្តែងកែវ និសា បានធ្វើឱ្យចម្រៀងមួយបទនេះ កាន់តែមានភាពទាក់ទាញទ្វេឡើងមួយកម្រិតទៀត ខណៈដែលកែវ និសា និងតួអង្គប្រុស គឺតារាចម្រៀងខេមរៈ សិរីមន្ត បានសម្តែងរួមគ្នាពោរពេញទៅដោយមនោសញ្ចោតនា និងបង្កប់ទៅដោយអត្ថន័យស្នេហាជ្រាលជ្រៅ ដែលចាក់ដោតចូលយ៉ាងជ្រៅទៅក្នុងអារម្មណ៍អ្នកទស្សនា។
គួរបញ្ជាក់ថា បទចម្រៀង “ស្ទឹងត្រែងបងអើយ” គឺជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោកខេមរៈ ភារុណ បងប្រុសបង្កើតរបស់តារាចម្រៀងខេមរៈ សិរីមន្ត និងនិពន្ធបទភ្លេង សម្រួលតន្ត្រីដោយលោក TonoSaki រីឯការសម្តែង ដឹកនាំដោយលោកឯម ស៊ីដែន និងលោកលី ស៊ីនហួន។
តារាចម្រៀងលោកខេមរៈ សិរីមន្ត ដែលទើបនឹងផ្លាស់ប្តូរចូលមកក្នុងផលិតកម្មរស្មីហង្សមាស ត្រូវបានគេកត់សម្គាល់ឃើញថា លោកតែងតែបញ្ចោញចម្រៀងថ្មីៗជាច្រើនបទ ដោយសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ៕