នៅកម្ពុជា សព្វថ្ងៃមានគណបក្សនយោបាយដល់ទៅជាង៦០ឯណោះ ដោយគិតទាំងបក្សមិនទាន់បានចុះបញ្ជីជាផ្លូវការ។ ក្នុងចំណោមបក្សទាំងអស់នោះ ឃើញមានតែបក្សមួយប៉ុណ្ណោះ ត្រូវបានអ្នកតាមដាននយោបាយឱ្យឈ្មោះថា ជា “បក្សអារឹស” ខណៈដែលបក្សឯទៀត មានសុខភាពល្អ មិនដែលចូលមន្ទីរពេទ្យ។ បក្សអារឹសនោះ ថ្ងៃណាក៏ធ្វើទុក្ខក្នុងខ្លួនដែរ គឺឈឺរ៉ាំរ៉ៃ តាំងពីក្បាលដល់ចុងជើង រកគ្រូព្យាបាលមិនជាសោះ ដែល “នគរធំ” សូមលើកពី “ជំងឺអារឹស” មកធ្វើប្រធានបទបរិយាយ ថ្ងៃនេះ ឱ្យប្លែកភ្នែកបន្តិច…។
ក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជជួន ណាត បានពន្យល់ពាក្យ “អារឹស” ឬ “អារឹះ” ថាជាជំងឺរ៉ាំរ៉ៃ មិនគង់ កូន ដែលមានកូនពុំគង់ កើតមកមិនបានយូរប៉ុន្មានចេះតែស្លាប់ ឬចេះតែឈឺប៉ផ្តឺតប៉ផ្តក់ ស្ទើររស់ស្ទើរស្លាប់។ កាលពីបុរាណ គ្រួសារណាដែលបង្កើតបានកូនចេះតែឈឺប៉ផ្តឺតប៉ផ្តក់បែបនេះ គេតែងរៀបចំពិធី “បែងអារឹស” ដោយធ្វើឧបកិច្ចឱ្យកូននោះ មានអាយុយឺនយូរជាសះស្បើយពីជំងឺនោះទៅ។ ជួនកាលហោរាទាយថា កូនអារឹសនោះមកពី “ខុសម្តាយដើម” ឬ “អារក្ស ធ្វើ” ចាំបាច់ត្រូវតែរៀបចំពិធីលៀងមេមត់ សែនអារក្សទើបបាន ជាពិសេសអាចារ្យមិនភ្លេចរៀបចំពិធីហៅព្រលឹងក្មេងនោះ មកវិញ។ តាមជំនឿខ្មែរ ព្រលឹងមនុស្សមាន១៩ កាលបើកូននោះមានកម្មពៀរក៏បាត់ព្រលឹង ឬត្រូវអារក្សមកនាំព្រលឹង នោះ ទៅទុកនៅព្រៃភ្នំក្រំថ្ម លុះត្រាតែអង្វរលួងលោមហៅព្រលឹងនោះមកវិញទើបបាន។ មុននឹងសូត្រហៅព្រលឹង គេត្រូវ យកឈ្នាង មកជញ្ជាត់ និងដាក់ទារកនោះក្នុងឈ្នាង ប្រគល់ឱ្យស្ត្រីណាដែលចិញ្ចឹមកូនសមប្រកប បីយកទៅដាក់ក្នុងរោងពិធី ទើបអាចារ្យ សូត្រជញ្ជាត់ព្រលឹងថា “ឱមៈ ស្រូប មហាស្រូប ទើបគ្រូប្រើអញស្រូបព្រលឹងតូច ហើយទើបគ្រូ ប្រើអញស្រូបព្រលឹងធំ អញតាមស្រូបព្រលឹងពីក្នុងគុហា មហាសមុទ្រ ហេតុព្រះមន្តអញឆុត អញតាម ស្រូបព្រលឹងនោះហោងទាំង១៩ គ្រប់…”។ ក្រៅពីរៀបពិធី “បែងអារឹស” ក៏អាចយកក្មេងនោះទៅរក “គ្រូសម្តោះ” ឱ្យជួយបានដែរ បើគ្រូនោះខ្លាំងពូកែ ស្តោះតែ៣ផែត ជាហោង។
បើយករឿងក្មេងអារឹស មកប្រៀបធៀបនឹងនយោបាយសព្វថ្ងៃ យើងឃើញថា មានតែគណបក្ស២ប៉ុណ្ណោះ ដែលប្រសូត ចេញពីឧទរម្តាយ ពោលគឺ ប្រជារាស្ត្របោះឆ្នោតឱ្យ និងបង្កើតឡើង ខណៈដែលបក្សឯទៀត មានតែឈ្មោះ តែមិនបានចំណែក កេរមរតកមេបាចែកឱ្យ។ កូនទេវតា និងកូនព្រះអាទិត្យនោះ តាំងពីកើតមកឆុងគ្នារហូត ពោលគឺ កូនព្រះអាទិត្យ “កើត ជំងឺអារឹស” ប៉ផ្តឺតប៉ផ្តក់ ដែលអ្នកវិភាគប្រៀបបាននឹងហោរាទាយថា មកពី “ខុសអារក្ស”។ អារក្ស ដែលតាមយាយីកូន ព្រះអាទិត្យនោះ គឺ “តុលាការ” នេះឯង ដោយធ្វើកូននោះឱ្យឈឺរ៉ាំរ៉ៃ តាំងពីក្បាលរហូតដល់ចុងជើង ដាក់ថ្នាំអ្វីក៏មិនត្រូវ ដែរ។ ក្បាលកូននោះ គឺសំដៅមេបក្សសម រង្ស៊ី និងកឹម សុខា រីឯចុងជើងកូននោះ សំដៅដល់មន្ត្រីបក្សប្រឆាំង ក៏ដូចជា អ្នកគាំទ្រមួយចំនួននេះឯង។ សព្វថ្ងៃ លោកសម រង្ស៊ី ត្រូវអារក្សធ្វើឱ្យស្រៀវស្រាញរហូត គឺឈឺច្រើនមុខណាស់ តាំងពី ករណីជាប់បណ្តឹងសម្តេចហេង សំរិន ករណីពាក់ព័ន្ធលោកហោ ណាំហុង រឿងសមគំនិតផ្តល់គណនីហ្វេសប៊ុក បង្ហោះផែនទី ក្លែងក្លាយ ជាពិសេស ករណីជាប់បណ្តឹងរឿងគាត់ចោទប្រកាន់រាជរដ្ឋាភិបាលថា នៅពីក្រោយការបាញ់ប្រហារលោកបណ្ឌិត កែម ឡី។ ដោយឡែកលោកកឹម សុខា ក៏ឈឺច្រើនមុខណាស់ដែរ ដែលអ្វីៗវាចាប់ផ្តើមពីរឿង “កន្ទុយក្បិន” ទៅវ័ណ្ឌកដល់ មន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប មេឃុំ។ បានន័យថា “ក្បាលបក្ស” រអាក់រអួលខ្លាំង ក៏រាលដាលទៅដល់ “ចុងជើងបក្ស” ករណីហែញត្តិ ថ្វាយព្រះមហាក្សត្រ ត្រូវបានក្រសួងមហាផ្ទៃ ស្រាវជ្រាវរកឃើញថា មានប្រជាពលរដ្ឋ១២៧នាក់ ត្រូវសកម្ម- ជនបក្សសង្គ្រោះជាតិ បង្ខំឱ្យផ្តិតមេដៃ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងពីរឿងកោសល្យវិច័យលើស្នាមមេដៃជាង ៦ម៉ឺន មានភាពមិនប្រក្រតី។
ដូច្នេះយើងឃើញថា គណបក្សសង្គ្រោះជាតិ បានក្លាយទៅជា “បក្សអារឹស” ដែលឈឺប៉ផ្តឺតប៉ផ្តក់ ម៉្ងៃកាត់ម៉្ងៃកោរ អារក្ស តាមយាយីរហូត មិនដឹងជាថ្ងៃណាបានជាសះស្បើយ។ ទាំងមេបក្ស ទាំងកូនចៅជាប់បណ្តឹងបន្តកន្ទុយគ្នា រើខ្លួនមិនរួច ព្រោះ តែ “មាត់អណ្តើក” ឬ “ត្រីកំភ្លាញស្លាប់ព្រោះមាត់”។ ដោយឡែក គណបក្សខ្លះ ដែលមិនស្ពាយជំងឺអារឹសតាមខ្លួន ទោះ ជាហ៊ានរិះគន់រដ្ឋាភិបាលធ្ងន់ៗយ៉ាងណាក៏អារក្សមិនធ្វើដែរ ដូចជា បក្សអំណាចខ្មែរ របស់លោកសួន សេរីរដ្ឋា បក្សយុវជន កម្ពុជា របស់លោកពេជ្រ ស្រស់ ហ៊ានរិះគន់រដ្ឋាភិបាលកប់ៗមាត់ដែរ តែមិនដែលឃើញអី ដោយសារបក្សហ្នឹង គ្មានជំងឺ អារឹសនេះឯង។ សព្វថ្ងៃមេបក្សអារឹសនោះ រវល់តែដេកឈឺ ក៏គ្មានឱកាសចុះមូលដ្ឋានដោយផ្ទាល់ ឃើញប្រើតែហ្វេសប៊ុក និងបទសម្ភាសន៍តាមវិទ្យុ សារព័ត៌មាន ផ្ទុយពីបក្សកាន់អំណាច ដែលមានសុខភាពល្អ មានឱកាសគ្រប់គ្រាន់ចុះអូសទាញ ការគាំទ្រពីប្រជាពលរដ្ឋដល់កន្លែង។
យោងតាមការព្យាបាលបែបបុរាណ កូនអារឹសនោះ លុះត្រាតែធ្វើពិធីបែងអារឹស ជញ្ជាត់ព្រលឹង ពឹងគ្រូសម្តោះខ្លាំង ពូកែ ទើបជាសះស្បើយ។ គ្រូស្តោះនោះនៅខ្ពស់ណាស់ មិនងាយទៅដល់ទេ លុះត្រាតែមានអន្តរាគមន៍ពីមេភូមិ ទើបបាន ប៉ុន្តែ បើមេភូមិមិនរវីរវល់ជួយដឹកជញ្ជូន ក៏កូននោះមិនអាចទៅដល់ផ្ទះគ្រូដ៏ខ្លាំងពូកែនោះដែរ។ មន្តអាគមរបស់គ្រូសម្តោះ ប្រកបដោយបុណ្យបារមី អាចយកឈ្នះលើអារក្សអ្នកតាបាន គឺស្តោះតែ១ផែតប៉ុណ្ណោះ កូនអាវឹសនឹងជាសះស្បើយមិនខាន ឡើយ។
រួចមកហើយយើងឃើញថា លោកសម រង្ស៊ី ក៏ដូចលោកកឹម សុខា និងសហការីមួយចំនួន ធ្លាប់ជាប់បណ្តឹងអាជ្ញា ខ្លះ ជាប់ពន្ធនាគារ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ផ្ញើលិខិតទូលថ្វាយព្រះមហាក្សត្រ សុំព្រះរាជទានការលើកលែង- ទោស។ ព្រះរាជក្រឹត្យឡាយព្រះហស្ថលេខារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ មានអានុភាពគ្របពីលើ សាលក្រមតុលាការ បានជួយមេបក្សប្រឆាំង និងសហការី ឱ្យមានសេរីភាព បានចូលប្រឡូកក្នុងឆាកនយោបាយវិញ។ ប៉ុន្តែ អរិភាពចុងក្រោយ រវាងនាយករដ្ឋមន្ត្រី និងមេបក្សប្រឆាំង ទំនងជាគ្មានពេលស្រុះស្រួលគ្នាទេ បន្ទាប់ពីសាធារណជនបានឮ សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា “សម្តេចសុខចិត្តកាត់ដៃចោល បើសិនជាចុះហត្ថលេខាថ្វាយព្រះមហាក្សត្រ សុំលើកលែង ទោសមេបក្សប្រឆាំងដូចមុន”។ ដូូច្នេះបើ “មេភូមិ” មិនរវល់ធ្វើអន្តរាគមន៍ ច្បាស់ជាកូនអារឹសនោះ ឈឺប៉ផ្តឺតប៉ផ្តក់តទៅ ទៀត ដាក់ថ្នាំអ្វីក៏មិនត្រូវដែរ។
ទោះយ៉ាងណាក៏ដោយចុះ គ្រួសារមួយដែលមានកូនច្រើន ប៉ុន្តែ មានកូន១កើតជំងឺអារឹស វាអាចនាំការខាតបង់សុភមង្គល គ្រួសារ គួរតែខំព្យាបាលកូននោះឱ្យជាសះស្បើយទើបល្អ។ យ៉ាងណាមិញ កម្ពុជា ដែលមានប្រជារាស្ត្រជិត១៦លាននាក់ បង្កើតបានគណបក្សនយោបាយជាង៦០ និងលើកតម្កើងគណបក្ស២ ឱ្យបានកេរអាករក្នុងរដ្ឋសភានោះ បើកូនធំមានសុខ- ភាពល្អ ឬបក្សកាន់អំណាច អាចធ្វើអ្វីក៏បាន ខណៈដែលកូនតូច ឬបក្សប្រឆាំងឈឺប៉ផ្តឺតប៉ផ្តក់ ខ្លះរត់ទៅដេកឈឺឯក្រៅប្រទេស ខ្លះឈឺក្នុងទីស្នាក់ការបក្ស ខ្លះទៀតកំពុងគ្រុនក្នុងទ្រុងដែកនោះ ក៏មិនស្រួលដែរ។ ជួនកាលជំងឺនេះអាចឆ្លងគ្នាក៏មាន គឺ ឧបមាថា មានគំនាបសេដ្ឋកិច្ចពីអន្តរជាតិ វានាំឱ្យខាតទាំងអស់គ្នា គួរតែរកដំណោះស្រាយយ៉ាងណាឱ្យមានប្រសិទ្ធភាព។
សរុបទៅ “បក្សអារឹស” គឺជាការមើលឃើញយ៉ាងប្រត្យក្ស ពុំមែនជារឿងបំផ្លើសនោះទេ ខណៈដែលបក្សជាង៦០ មិនឃើញអី ស៊យអ្វីតែបក្សមួយហ្នឹងឈឺរ៉ាំរ៉ៃរហូត ពោលគឺបក្សនេះទំនងជាមានកម្មពៀរ បានជាដាក់វេនគ្នាទាំងមេ ទាំង កូន ត្រូវយីអ៊ុនដាក់ អារក្សធ្វើ។ ករណីស្នាមមេដៃហែញត្តិនោះ បក្សប្រឆាំងអាចត្រូវអារក្សធ្វើថែមទៀត បណ្តាលឱ្យជំងឺ អារឹសកាន់តែធ្ងន់ទៅៗ តែបើកូននោះមានសំណាងល្អ បានមេភូមិជួយនាំទៅព្យាបាល នឹងបានជាសះស្បើយមិនខានឡើយ៕
ដោយ ៖ អាចារ្យថាំ